(កំពង់ស្ពឺ)៖ កម្លាំងនគរបាលខេត្តកំពង់ស្ពឺ បានតាមស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យ ៣នាក់ (ញៀនថ្នាំទាំងអស់គ្នា) ពាក់ព័ន្ធការលួចរថយន្តមួយគ្រឿង កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ ក្រោយសមត្ថកិច្ចធ្វើការសួរនាំ និងធ្វើតេស្តទឹកនោមរួចមក ឃើញថា ជនសង្ស័យម្នាក់ជាអ្នកបើករថយន្តឲ្យក្រុមហ៊ុនតិចស្រ៊ុន និងជាមនុស្សជក់គ្រឿងញៀនទៀតផង។

យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ វេលាម៉ោង០១៖៣០នាទីរំលងអាធ្រាត្រ ជនរងគ្រោះឈ្មោះ ហង្ស ហាក់ ភេទប្រុស អាយុ៣២ឆ្នាំ នៅភូមិព្រៃក្តី ឃុំធម្មតាអរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានឃើញរថយន្តរបស់ខ្លួនដែលបាត់ ហើយបានរាយការណ៍មកអធិការដ្ឋានស្រុកភ្នំស្រួច ឲ្យជួយឃាត់ខ្លួនជនសង្ស័យចំនួន ០៣នាក់ នៅភូមិក្រាំងច្រេស ឃុំគីរីវ័ន្ត ស្រុកភ្នំស្រួច។

ជនសង្ស័យទាំង៣នាក់រួមមាន៖

*ទី១៖ ឈ្មោះ មាស ដារ៉ូ អាយុ២៦ឆ្នាំ នៅភូមិព្រៃធំ ឃុំក្បាលកោះ ស្រុកកៀនស្វាយ ខេត្តកណ្តាល មុខរបរបើករថយន្តឲ្យក្រុមហ៊ុនតិចស្រ៊ុន
*ទី២៖ ឈ្មោះ ឃឺន សំណាង អាយុ១២ឆ្នាំ នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច
*ទី៣៖ ឈ្មោះ ឆិល បុត្រ អាយុ១៧ឆ្នាំ នៅភូមិទី៦ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មាស ដារ៉ូ និងឈ្មោះ ឆ្អឹង ដែលបានស្គាល់គ្នាតាមរយៈបើករថយន្ត ហើយសេពថ្នាំញៀនជាមួយគ្នា។ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ឈ្មោះ មាស ដារ៉ូ និងឈ្មោះ ឆ្អឹង បានមកក្រុមហ៊ុនតិចស៊្រុន បានឃើញរថយន្តថតចោល ក៏បើកទ្វារចូលមើលឃើញកូនសោជាប់នៅរថយន្ត ពេលនោះក៏នាំគ្នាលួចយកមកខេត្តកំពង់ស្ពឺ ដោយឈ្មោះ ឆ្អឹង ជាអ្នកបើក ទៅលេងជាំ (ស្រុកឱរ៉ាល់)។ ពេលត្រឡប់មកវិញ ដល់ផ្លូវបំបែកច្បារមនឈ្មោះ ឆ្អឹង ប្រាប់ថា ចុះទៅបើករថយន្តឲ្យឈ្មោះ មាស ដារ៉ូ បើកមកផ្ទះបងអាឆ្អឹង នៅ km94 ទៅទិញថ្នាំតែមិនជួបក៏មកទិញ នៅ km104វិញ ហើយបានហៅឈ្មោះ ឃឺន សំណាង និងឈ្មោះ ឆិល បុត្រ សុំជិះមកជាមួយ ហើយត្រូវសមត្ថិកច្ចឃាត់ខ្លួន។

របាយការណ៍បានបន្តទៀតថា ឈ្មោះ ឃឺន សំណាង និង ឆិល បុត្រ ជាអ្នកលក់គ្រឿងញៀនឲ្យឪពុកម្តាយវា។

ករណីខាងលើនេះ សមត្ថកិច្ចកំពុងកសាងសំណុំរឿង បញ្ជូនជនសង្ស័យ ទៅស្នងការដ្ឋានខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី៕