(សៀមរាប)៖ លោក ទៀ សីហា អភិបាលខេត្តសៀមរាប នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញ បានចាត់មន្ត្រីរដ្ឋបាលខេត្ត ដឹកនាំដោយលោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត ចុះសួរសុខទុក្ខក្រុមគ្រួសារ លោក LEE JINMYUNG ភេទប្រុស អាយុ៦៧ឆ្នាំ ជាភ្ញៀវទេសចរ ជនជាតិកូរ៉េ ដែលបានជួបឧបទ្ទវហេតុ ដើមឈើដួលសង្កត់ កាលពីវេលាម៉ោងជិត ៤៖០០រសៀលថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៩ ខណៈកំពុងដើរទស្សនា ប្រាសាទបេងមាលា ស្ថិតនៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។
លោកនាយករដ្ឋបាលខេត្ត ក៏បានពាំនាំនូវការសួរសុខទុក្ខពីសំណាក់លោកអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តទាំងអស់ ដល់ក្រុមគ្រួសារជនរងគ្រោះ និងបានសំដែងនូវការសោកស្ដាយ ចំពោះឧបទ្ទវហេតុដែលបានកើតឡើងបណ្ដាលឱ្យមានគ្រោះថ្នាក់បែបនេះ។
ក្រុមគ្រួសារលោក LEE JINMYUNG ដែលជាជនរងគ្រោះ ក៏បានថ្លែងអំណរគុណដល់លោកអភិបាលខេត្ត ថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់ ចុះសួរសុខទុក្ខដល់គ្រួសាររបស់គាត់ ដែលបានរងគ្រោះក៏ដូចជាប្រជាជនប្រជាពលរដ្ឋភ្ញៀវជាតិ អន្តរជាតិដទៃទៀត និងថ្លែងអំណរគុណដែលបានចំណាយពេលដ៏មានតម្លៃក្នុងការចុះសួរសុខទុក្ខនេះ។
សូមជម្រាបដែរថា ដើមឈើដែលបាក់រលំនោះ គឺជាដើមសង្កែ មានទំហំមុខកាត់ ០.១៥សង់ទីម៉ែត្រ និងប្រវែងប្រហែល ១០ម៉ែត្រ ក្នុងហេតុការណ៍បាក់រលំនោះវាមិនបានបង្ករធ្វើឲ្យខូចខាត ឬប៉ះពាល់ដល់ថ្មប្រាសាទឡើយ៕