(ក្រចេះ)៖ ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា និងអាជ្ញាធរពាក់ព័ន្ធ បានរួមគ្នាបន្តដំឡើងប៉មចម្រោះទឹកស្អាតថ្មីមួយកន្លែង ស្ថិតនៅក្នុងបរិវេណបឋមសិក្សាសែនអភិវឌ្ឍន៍ នៃឃុំក្រញូងសែនជ័យ ស្រុកស្នួល ខេត្តក្រចេះ ដែលអាចផ្តល់នូវទឹកស្អាតសម្រាប់ទទួលទាន ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូប្រមាណជាង៥០០នាក់ ក៏ដូចជាប្រជាពលរដ្ឋប្រមាណជាង១៣០០នាក់ ដែលរស់នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
នៅក្នុងពិធីសម្ពោធ មានការចូលរួមជាអធិបតីពីលោក លី ផល្លា រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ លោក ហេង សុខណាង អគ្គនាយករង នៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោក រស់ សោភា នាយកផ្នែកច្បាប់ និងកិច្ចការសាធារណៈប្រចាំប្រទេសនៃក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា។
លោក រស់ សោភា បានថ្លែងថា «ការប្តេជ្ញាចិត្តរបស់យើង មិនបញ្ឈប់នៅត្រឹមតែការតម្លើងប៉មចម្រោះទឹកស្អាតថ្មីក្នុងថ្ងៃនេះប៉ុណ្ណោះទេ ប៉ុន្តែយើងនឹងបន្តគាំទ្រ និងសហការយ៉ាងពេញទំហឹងជាមួយអង្គការ Planet Water ដើម្បីអនុវត្តកម្មវិធីអប់រំសុខភាព ការប្រើប្រាស់ទឹកស្អាតប្រកបដោយប្រសិទ្ធភាព ការថែរក្សាអនាម័យបរិស្ថាន ការអប់រំបណ្តុះបណ្តាលប្រជាសហគមន៍អំពីការថែរក្សាការពារប៉មចម្រោះទឹកនេះ រួមទាំងការធ្វើលំហែទាំរយៈពេល ៥ឆ្នាំ។ អង្គការ នឹងធ្វើការត្រួតពិនិត្យតាមដានគុណភាពទឹក និងធ្វើលំហែទាំប្រព័ន្ធចម្រោះទឹកជាប្រចាំ ទៅតាមកាលវិភាគកំណត់»។
លោក រស់ សោភា បានបន្តទៀតថា «ក្រុមហ៊ុន កូកា-កូឡា មានមោទនភាពដែលបានចូលរួមចំណែកក្នុងការបង្កើតគម្រោងដ៏មានសារៈសំខាន់មួយនេះ ដែលបានកំពុងតែនាំយកទឹកស្អាតមកកាន់សាលារៀន និងសហគមន៍ជាច្រើននៅទូទាំងពិភពលោក»។
លោកបានគូសបញ្ជាក់បន្តទៀតថា «ក្រុមហ៊ុនថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់កិច្ចសហការគាំទ្រយ៉ាងពេញទំហឹងរបស់នាយកដ្ឋានពន្ធដារ ដែលបានធ្វើការយ៉ាងជិតស្និទ្ធរៀបចំគម្រោងនេះ លេចជារូបរៀងឡើង»។
សូមជម្រាបថា នេះគឺជាប៉មចម្រោះទឹកស្អាតទី២២ ដែលបានតម្លើងដោយក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងស្ថាប័នដៃគូនៅទូទាំងប្រទេសកម្ពុជា ចាប់តាំងពីឆ្នាំ២០១៦ ក្រោមកិច្ចសហការជាមួយអង្គការ Planet Water ដែលមានការតម្លើងប៉មចម្រោះទឹកស្អាត នៅតាមបណ្ដាសហគមន៍នានានៃកម្ពុជា ដែលកំពុងតែប្រឈមនឹងការខ្វះទឹកស្អាតសម្រាប់ទទួលទាន។
ក្រុមហ៊ុនកូកា-កូឡាបានឱ្យដឹងថា ប៉មចម្រោះទឹកស្អាតចំនួន ១ទៀត នឹងត្រូវតម្លើងតំបន់ដាច់ស្រយ៉ាលនៃប្រទេសកម្ពុជា ក្នុងឆ្នាំ ២០១៩នេះ ហើយប៉មចម្រោះទឹកស្អាតជាច្រើនទៀត នឹងមានវត្តមាននៅក្នុងឆ្នាំបន្តបន្ទាប់ៗទៀត។
ក្រុមហ៊ុនភេសជ្ជៈកម្ពុជា កូកា-កូឡា បានឱ្យដឹងទៀតថា ប៉មចម្រោះទឹកស្អាតចំនួន ២១ ដែលក្រុមហ៊ុនបានតម្លើងនៅកម្ពុជា តាំងពីឆ្នាំ២០១៦ បានផ្តល់ទឹកស្អាតចំនួន ៤៤,៩៩០,២៨៦លីត្រ សម្រាប់ប្រជាសហគមន៍ប្រមាណជាង ៤០,០០០នាក់៕