(កំពត)៖ ក្រសួងមហាផ្ទៃ បានប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តកំពតចំនួន ២រូប នារសៀលថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្រោមអធិបតីភាពរបស់លោក លេង វី រដ្ឋលេខាក្រសួងមហាផ្ទៃ តំណាងសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
ពីធីនេះក៏មានការចូលរួមពីលោក ជាវ តាយ អភិបាលខេត្តកំពត និងលោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, រដ្ឋលេខាធិការ អគ្គនាយកដ្ឋាន ក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ថ្នាក់ដឹកនាំ មន្ទី អង្គភាព អាជ្ញាធរក្រុង ស្រុក មេឃុំ ចៅសង្កាត់ មន្ត្រីរាជការពាក់ព័ន្ធ និងថ្នាក់ដឹកនាំកងកម្លាំងប្រដាប់អាវុធ។
យោងតាមអនុក្រឹត្យស្ដីពីការផ្ទេភារកិច្ចនិង តែងតាំងមន្ត្រីរាជការ ក្នុងនោះត្រូវបានសម្រេចផ្ទេភារកិច្ចលោក ជឹង ផល្លានិងលោក ស៉ឹម វុទ្ធា ពីអភិបាលរងខេត្តកំពត ឲ្យទៅបម្រើការងារនៅទីស្ដីការ ក្រសួងមហាផ្ទៃ និងសម្រេចតែងតាំង លោក សេង សិរីបុត្រ និងលោកតូ លិ ជាអភិបាលរងខេត្តកំពត។ ដោយឡែកលោក ជឹង ផល្លា ត្រូវបានជាប់ឆ្នោត ជាប្រធានក្រុមប្រឹក្សាខេត្តកំពត នាអាណត្តិថ្មីនេះ។
នៅក្នុងឱកាសនោះ លោក ជាវ តាយ បានថ្លែងឲ្យដឹងអំពីសភាពការណ៍រួមទូទៅ ក្នុងខេត្តមានលក្ខណៈល្អប្រសើរ និងមានសមិទ្ធផលរីកចម្រើននានា លើគ្រប់វិស័យរបស់ខេត្តកំពត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
ក្នុងនោះខេត្តកំពត ក៏បាននឹងកំពុងអនុវត្តនូវគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ តាមមន្ទីរ អង្គភាព ស្ថាប័ន នានាជុំវិញខេត្តហើយ វិស័យដ៏ទៃទៀតនៅក្នុងខេត្តកំពត ក៏សុទ្ធតែទទួលបាននូវការរីកចម្រើន និងមានដំណើរការល្អជាបន្តបន្ទាប់ ចាប់ពីថ្នាក់ខេត្តរហូតដល់មូលដ្ឋាន។ ពិសេស ការអនុវត្ត យ៉ាងសកម្ម នូវគោលនយោបាយរបស់រាជរដ្ឋា ភិបាលដើម្បីរួមចំណែកពង្រឹងនូវអភិបាលកិច្ចល្អ កាត់បន្ថយភាពក្រីក្រស្របតាមយុទ្ធសាស្ត្រ ចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេច តេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ។
លោក លេង វី បានវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលរីកចម្រើនក្នុងខេត្តកំពត នាបច្ចុប្បន្ន និងថ្លែងការណ៍កោតសរសើរដល់ លោកជឹង ផល្លា និងលោកស៉ឹម វុទ្ធា ដែលជាអភិបាលរងខេត្ត ហើយត្រូវបានផ្ទេភារកិច្ច ចេញទៅបម្រើការងារថ្មីនៅក្រសួងមហាផ្ទៃ ព្រមទាំងកោតសរសើរដល់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សា និងគណៈអភិបាលខេត្ត អាជ្ញាធរ និងមន្រ្តីរាជការកងកម្លាំងគ្រប់ផ្នែក គ្រប់ថ្នាក់ក្នុងខេត្តកំពតទាំងមូល ដែលតែងតែបានរួមសាមគ្គី សហការគ្នាបានល្អក្នុងការ ថែរក្សាការពារ សន្តិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក៏ដូចក្នុងដំណើរកិច្ចអភិវឌ្ឍន៍ក្នុងខេត្ត មានការរីកចម្រើនលើគ្រប់វិស័យ ដែលនាំមកនូវសេចក្ដីសុខសាន្ត នៃការរស់នៅ និងធ្វើឲ្យជីវភាពប្រជាពលរដ្ឋ ក្នុងខេត្តកំពតកាន់តែល្អប្រសើរឡើងជាបន្តបន្ទាប់។
លោក លេង វី ក៏បានលើកបញ្ជាក់ថា ការតែងតាំងអភិបាលរងខេត្តនាពេលនេះ គឺយោងទៅតាមភាពចាំបាច់នៃការដឹកនាំក្នុងរដ្ឋបាលខេត្ត ដោយធ្វើទៅតាមនីតិវិធីកំណត់ជាធម្មតា ហើយផ្អែកទៅលើកស្នាដៃ និងសមត្ថភាពដឹកនាំជាការចាំបាច់ ដោយមានការថ្លឹងថ្លែងគិតគូរយ៉ាងយកចិត្តទុកដាក់ ពីរាជរដ្ឋាភិបាលក៏ដូចក្រសួងមហាផ្ទៃ។ លោក លេង វី ក៏បានផ្ដាំផ្ញើដល់អភិបាលរងខេត្តទាំងពីរ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មីនាពេលនេះ ក៏ដូចថ្នាក់ដឹកនាំ មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ គ្រប់ផ្នែកទាំងអស់ក្នុងខេត្តកំពត ត្រូវបន្តខិតខំយកចិត្តទុកដាក់រួម សហការគ្នាក្នុងកិច្ចអភិវឌ្ឍន៍ ពិសេសថែរក្សាការពារសន្តិសុខសណ្ដាបធ្នាប់ ជូនប្រជាពលរដ្ឋលុបបំបាត់នូវភាពអសកម្មនានា ដើម្បីធានាការរស់នៅសុខសាន្ត ជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អថែមទៀត៕