(កណ្តាល)៖ លោក គង់ សោភ័ណ្ឌ អភិបាលរងខេត្តកណ្តាល បានលើកឡើងថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ កាន់កាប់ និងអាស្រ័យផលពីដីធ្លី ដើម្បីចៀសវាងបញ្ហាទំនាស់ដីធ្លីទៅថ្ងៃអនាគត។
ការលើកឡើងបែបនេះរបស់ លោក គង់ សោភ័ណ្ឌ បានធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ នៅក្នុងឱកាសដែលលោកបានអញ្ជើញ ចូលរួមបើកវគ្គបណ្តុះបណ្តាលគណៈកម្មការរដ្ឋបាល និងតួនាទីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធដល់មេភូមិ មេឃុំ ដែលស្ថិតក្នុងភូមិចំនួន៣ គឺភូមិតាជោ ភូមិក្តីកណ្តាល ភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ដែលរៀបចំឡើងដោយមន្ទីររៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ខេត្តកណ្តាល។
លោក គង់ សោភ័ណ្ឌ បានថ្លែងយ៉ាងដូច្នេះថា៖ «ការបើកវគ្កបណ្តុះបណ្តាល គណៈកម្មការរដ្ឋបាល និងតួនាទីក្នុងការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ គឺមានសារៈសំខាន់សម្រាប់បងប្អូនប្រជាពលរដ្ឋដែលប្រើប្រាស់ កាន់កាប់ និងអាស្រ័យផលពីដីធ្លី ដើម្បីចៀសវាងបញ្ហាទំនាស់ដីធ្លីទៅថ្ងៃអនាគតថែមទៀតផង»។
លោកបានបន្តថា ចំពោះអត្ថប្រយោជន៍នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ គឺធានានូវសិទ្ធិរបស់អ្នកក្នុងការងារធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី, អាចយកទៅប្រើប្រាស់ជារបស់សម្រាប់ធានាការខ្ចីប្រាក់ (បញ្ចាំ) ជាឯកសារសម្អាងពេលមានទំនាស់ដីធ្លី, ធ្វើឱ្យកាន់តែប្រសើរចំពោះការផ្ទេរអចលន វត្ថុ អាចបង្កើនតម្លៃដីបានថែមទៀតផង។
ឆ្លៀតនៅក្នុងឱកាសនោះដែរ លោកក៏បានសំណូមពរដល់ គណៈកម្មការក្នុងការចុះបញ្ជីដីធ្លី ត្រូវខិតខំយកចិត្តទុកដាក់ក្នុងការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ឱ្យទទួលបានជោគជ័យនាពេលខាងមុខនេះ។
លោក ទៀង កុស្យារះ អនុប្រធានមន្ទីររៀបចំដែនដី នគរូនីយកម្ម សំណង់ និងសុរិយោដី ខេត្តកណ្តាល បានជម្រាបជូនដល់សិក្ខាកាម ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល គណៈកម្មការរដ្ឋបាលស្ដីពីតួនាទីក្នុងការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធយ៉ាងដូច្នេះថា នីតិវិធីនៃការចុះបញ្ជីរមានលក្ខណៈជាប្រព័ន្ធមាន ០៥ដំណាក់កាល បន្តបន្ទាប់គ្នា ដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានយល់ដឹង ពីសារៈសំខាន់អំពីការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធជាពិសេសជៀសវាង បញ្ហាទំនាស់ដីធ្លីតែម្តង។
លោកបានបន្តថា តួនាទីរបស់គណៈកម្មការដីធ្លីមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការអនុវត្តចំពោះការចុះបញ្ជីដីធ្លីនេះ។ ហើយត្រូវមានទិន្នន័យច្បាស់លាស់ត្រឹមត្រូវ និងគ្មានទំនាស់នៅពេលមកចេញប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋជាម្ចាស់ដីគណៈកម្មការត្រូវពិនិត្យគ្រប់ទិន្នន័យក្បាលដីគ្រប់ប្រភេទដែលមានក្នុងឃុំព្រែកតាទែន រួមមានដីសាធារណៈរបស់ឃុំ ភូមិ បឹងសាលារៀន វត្តអារាម ដីចំណីផ្លូវ និងដីជាកម្មសិទ្ធរបស់រដ្ឋជាដើម។
លោកទៀង កុស្យារះ បានបញ្ជាក់ថា មន្រ្តីដែលចុះអនុវត្តសូមប្តេជ្ញាចិត្តថា នឹងខិតខំបំពេញភារកិច្ចឱ្យទទួលបានលទ្ធផលល្អប្រសើរ តាមផែនការកំណត់ ព្រមទាងសហការឱ្យបានល្អជាមួយរដ្ឋអំណាចមូលដ្ឋានភូមិ ឃុំ ស្រុក ខេត្ត អនុវត្តកម្មវិធីអនុវិស័យដីធ្លី អគ្គនាយកដ្ឋានសុរិយោដី ភូមិសាស្រ្ត ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យការងារចុះបញ្ជីដីធ្លីមានលក្ខណះជាប្រព័ន្ធ នៅខេត្តកណ្តាល ឱ្យដំណើរការល្អប្រសើរ៕