(តាកែវ)៖ នៅក្នុងពិធីបញ្ចុះបឋមសិលាកសាងអគារសិក្សាមួយខ្នង មានកម្ពស់ ២ជាន់ ១២បន្ទប់ នៅវិទ្យាល័យ សុខ អាន ដូងខ្ពស់ ស្ថិតនៅក្នុងស្រុកបូរីជលសារ ខេត្តតាកែវ នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ លោក សួស យ៉ារ៉ា អ្នកតំណាងរាស្រ្តមណ្ឌលព្រះវិហារ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកបូរីជលសារ ខេត្តតាកែវ បានពន្យល់យ៉ាងក្បោះក្បាយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្ស អំពីការអនុវត្តលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា នាពេលបច្ចុប្បន្ន និងបានរិះគន់ទៅលើអតីតក្រុមបក្សប្រឆាំង ដែលកំពុងតែយកបញ្ហាលទ្ធិប្រជាធិបតេយ្យ ធ្វើជាលេសក្នុងការរិះគន់មកលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា។
នៅចំពោះមុខប្រជាពលរដ្ឋ និងសិស្សានុសិស្ស លោក សួស យ៉ារ៉ា បានថ្លែងថា ប្រទេសដែលប្រកាន់យកលទ្ធិប្រជាធិបតេយ្យពិតប្រាកដ គឺជាប្រទេសដែលមានសុខសន្តិភាព មានការអភិវឌ្ឍលើគ្រប់វិស័យ ហើយប្រជាពលរដ្ឋអាចទទួលបានការអប់រំដូចគ្នា ជាពិសេសប្រជាពលរដ្ឋ និងនិស្សិតដែលបញ្ចប់ការសិក្សា នឹងទទួលបានការងារធ្វើសមរម្យ ដើម្បីទ្រទ្រង់ជីវភាពគ្រួសារ។ ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន កំពុងតែអនុវត្តលទ្ធិប្រជាធិតេយ្យយ៉ាងពេញលេញពិតប្រាកដ មិនមែនក្លែងក្លាយ ដូចពួកអតីតក្រុមប្រឆាំងលាបពណ៌ឱ្យយើងនោះទេ។
លោកបានបន្តថា កន្លងមក ក្រុមអតីតបក្សប្រឆាំង រួមជាមួយអង្គការសង្គមស៊ីវិលមួយចំនួន បានយកបញ្ហាលទ្ធិប្រជាធិតេយ្យ មកវាយប្រហាររាជរដ្ឋាភិបាល រហូតដល់ទៅកៀរគរពួកបរទេសមួយចំនួន ឱ្យធ្វើការគាបសង្កត់មកលើរាជរដ្ឋាភិបាលកម្ពុជា តាមរយៈការគំរាមដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) ពីកម្ពុជាជាដើម។ តែទោះបីជាយ៉ាងណា រាជរដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីធានាឱ្យបាននូវសុខសន្តិភាព ការអភិវឌ្ឍ និងជីវភាពរស់នៅដោយសុខសាន្តរបស់ប្រជាពលរដ្ឋទូទាំងប្រទេស។
បើតាមការបញ្ជាក់របស់លោក សួស យ៉ារ៉ា កម្ពុជាត្រូវការសង្គមស៊ីវិលពិតប្រាកដមួយដែលជួយកសាង និងអភិវឌ្ឍកម្ពុជា ឱ្យកាន់តែរីកចម្រើនថែមទៀត។ ជាក់ស្តែង នៅថ្ងៃនេះ វិទ្យាល័យវិទ្យាល័យ សុខអាន ដូងខ្ពស់ បានទទួលជំនួយពីមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ (CFPD) តាមរយៈវេទិកាសម្ព័ន្ធសង្គម ដើម្បីសាងសង់អគារសិក្សាមួយខ្នង មានពីរជាន់ ស្មើនឹង ១២បន្ទប់ មានបំពាក់ចរន្តទឹកភ្លើង និងសម្ភារតុកៅអីក្តារខៀន រួមទាំងមានបង្គន់អនាម័យនៅក្រៅអគារមួយខ្នងមាន ៤បន្ទប់ និងអណ្តូងទឹកស្អាតចំនួនមួយ ដែលមានតម្លៃជាង ២៥ម៉ឺនដុល្លារអាមេរិក បន្ថែមលើគម្រោងកសាងអណ្ដូងទឹកជាច្រើនទៀតនៅក្នុងមូលដ្ឋានខេត្តតាកែវ៕