(បាត់ដំបង)៖ លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាអ្នកតំណាងរាស្ត្រមណ្ឌលបាត់ដំបង នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានដឹកគណៈប្រតិភូ ប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យ ទៅប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តចំនួន៣ នៅក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
នៅក្នុងឱកាសនោះដែរ លោក ឈាង វុន បានជួបសំណេះសំណាលជាមួយព្រះសង្ឃ តាជី យាយជី និងពុទ្ធបរិស័ទ្ធចំណុះជើងវត្តនៅក្នុងឃុំអូរដំបង១ ព្រមទាំងបានលើកឡើងពីភាពរីកចម្រើនលើវិស័យពុទ្ធចក្រ និងអាណាចក្រ ជាពិសេសវិស័យព្រះពុទ្ធសាសនា មានការរីកចម្រើនជាបន្តបន្ទាប់ រហូតដល់បច្ចុប្បន្ន ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
វត្តទាំង៣ ដែលទទួលបានការប្រគេនទៀនព្រះវស្សា ទេយ្យទាន និងបច្ច័យរួមមាន៖ វត្តបោះបេង វត្តព្រៃរកា និងវត្តចែងរង្សី ដោយក្នុង១វត្ត ទទួលទៀនវស្សា១គូរ ទេយ្យទានមួយចំនួនធំ និងបច្ច័យ។ ដើម្បីគោរពតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ពិធីបុណ្យចូលព្រះវស្សា មានរយៈពេល៣ខែ ដោយចាប់ផ្តើមពីថ្ងៃ១រោច ខែអាសាធ ហើយបញ្ចប់វិញនៅថ្ងៃទី១៥រោច ខែកក្តិត។ ក្នុងអំឡុងបុណ្យចូល ព្រះវស្សានេះ តាមព្រះវិន័យបានកំណត់ថា ព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្រនៅខាងក្រៅបានឡើយ ដោយគង់នៅក្នុងទីអារាមរហូត។ ដូច្នេះទើបប្រជាពលរដ្ឋពុទ្ធបរិស័ទ នាំគ្នាយកទៀនព្រះវស្សា និងទេយ្យវត្ថុទៅប្រគេនព្រះសង្ឃ ដើម្បីគង់ចាំព្រះវស្សាអស់ត្រីមាស។
លោក ឈាង វុន បានបន្តថា ការប្រគេនទៀនព្រះវស្សាជូនវត្តទាំង៣ ក្នុងស្រុកសង្កែនេះ គឺជាការចូលរួមចំណែកក្នុងវិស័យព្រះពុទ្ធសាសនា ដែលព្រះសង្ឃគ្រប់អង្គ ពិសេសព្រះចៅអធិការវត្តទាំង៣ តែងតែជួយគាំទ្រគណបក្សប្រជាជនកន្លងមក ពិសេសក្នុងការបោះឆ្នោតឃុំសង្កាត់ និងបោះឆ្នោតសភាតំណាងរាស្រ្តអាណត្តិទី៦កន្លងមក បានអាសនៈជាច្រើន ធ្វើឱ្យគណបក្សប្រជាជនកម្ពុជា ឈ្នះបន្តដឹកនាំប្រទេសជាតិបន្តទៀត ការប្រគេនទៀនព្រះវស្សានេះ គឺយើងទាំងអស់គ្នាតែងតែនាំគ្នាធ្វើជារៀងរាល់ឆ្នាំ ហើយពុទ្ធបរិស័ទចំណុះជើងវត្តមួយចំនួន ក៏បាននាំគ្នាប្រគេនទៀនព្រះវស្សា ដល់វត្តដែលនៅជិតផ្ទះរបស់ខ្លួនផងដែរ។
លោកបានបញ្ជាក់ថា ដោយសារមានថ្ងៃជ័យជំនះ ៧ មករា ឆ្នាំ១៩៧៩ ដែលមានឥស្សរជនគណបក្សប្រជាជនកម្ពុជា បានរំដោះពីរបបប្រល័យពូជសាសន៍ខ្មែរក្រហមទេ ប្រជាពលរដ្ឋយើងក៏គ្មានថ្ងៃនេះ មានឱកាសធ្វើបុណ្យជាមួយគ្នា និងបានកសាងប្រទេសរហូត ដល់មានការអភិវឌ្ឍន៍ដល់សព្វថ្ងៃនេះដែរ៕