(ភ្នំពេញ)៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាឲ្យដឹងថា ច្បាប់កម្ពុជាមិនមានកំណត់ ពីការផ្ដល់សំណងជូនអ្នករងផលប៉ះពាល់ ដោយជំងឺប៉េស្ដជ្រូកអាហ្រ្វិកនោះទេ ដោយលោកអះអាងថា ប្រទេសកម្ពុជាជាប្រទេសដែលគោរព ដំណើរការទីផ្សារសេរី ហើយសម្រាប់ការចិញ្ចឹមជាគ្រួសារ ជាការទទួលខុសត្រូវបែបគ្រួសារ។
ការលើកឡើងបែបនេះ របស់លោក ផៃ ស៊ីផាន ធ្វើឡើងនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងសន្និសីទសារព័ត៌មានស្តីពី «បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក» ដោយមានការចូលរួមពីមន្រ្ដីជំនាញជាច្រើនរូបទៀតផង។
លោក ផៃ ស៊ីផាន បានបញ្ជាក់ថា រាជរដ្ឋាភិបាលនៅតែបន្ដលើកទឹកចិត្ត ឲ្យអ្នកចិញ្ចឹមជ្រូកជាគ្រួសារ ដោយជំរុញឲ្យធ្វើការឲ្យបានជិតស្និតជាមួយមន្រ្ដីជំនាញកសិកម្ម ដើម្បីការពារប្រយោជន៍របស់អ្នកចិញ្ចឹមជ្រូក។
ជាមួយគ្នានេះ លោក ផៃ ស៊ីផាន ក៏បានស្នើសូមដល់មន្រ្ដីកសិកម្ម ឲ្យយកចិត្តទុកដាក់ខ្ពស់ ក្នុងការចុះទៅជួបផ្ទាល់ និងជួយដល់ប្រជាពលរដ្ឋ អ្នកចិញ្ចឹមជ្រូកផងដែរ ដើម្បីឲ្យពួកគាត់បានយល់ជ្រួតជ្រាប អំពីការចិញ្ចឹមឲ្យស្របតាមក្បូនខ្នាត។
លោកបានបញ្ជាក់យ៉ាងដូច្នេះថា «ក្នុងដំណាក់កាលនេះយើងពុំមានគម្រោង ក្នុងការជួយចែករំលែក ការបង់ខាត់របស់អ្នកចិញ្ចឹមក្នុងគ្រួសារនោះឡើយ ប៉ុន្ដែក៏មិនមានន័យថាដាច់ណាត់មិនធ្វើទេ នេះជាការសម្រេចចិត្តជានយោបាយ....ប៉ុន្ដែតាមគោលការណ៍ច្បាប់ យើងអត់មានទៅជួយរំលែក ក្នុងការខូចខាតនោះដែរ»។
លោកបញ្ជាក់ទៀតថា «ជាព័ត៌មានបឋមយើងអត់មានគោលការណ៍ អត់មានច្បាប់ក្នុងការចែករំលែក ការចូលរួមនូវការបាត់បង់នោះឡើយ កាតព្វកិច្ចអ្នកដែលមានជ្រូកកើតជំងឺ ត្រូវតែចូលរួមសហការជាមួយក្រសួងកសិកម្ម បំផ្លាញសត្វជ្រូកនោះចោល ដើម្បីជាការទប់ស្កាល់កុំឲ្យ ឆ្លងជំងឺនេះដល់ប្រជាពលរដ្ឋដទៃទៀត»។
សូមជម្រាបថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានរាលដាលដល់ខេត្តចំនួន៤ហើយ គឺខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។ សត្វជ្រូកជាច្រើនរយក្បាលត្រូវបានសម្លាប់ចោល ដើម្បីការពារការរីករាលដាលនៃជំងឺនេះទៅតំបន់ផ្សេងៗទៀត។
ក្រសួងកសិកម្មបានបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងទៅមនុស្សទេ ប៉ុន្តែជំងឺនេះបានធ្វើឲ្យជ្រូកងាប់ ដែលប៉ះពាល់ដល់ការខាតបង់របស់អ្នកចិញ្ចឹមជ្រូក៕