(ភ្នំពេញ)៖ ប្រជាពលរដ្ឋងាយរងគ្រោះ ចំនួន២៥គ្រួសារ មកពីភូមិចំនួន៣ ស្ថិតនៅវិហារឥស្លាម គីឡូម៉ែត្រលេខ៩ ក្នុងសង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ទទួលបានការជួបស្វែងយល់ សួរសុខទុក្ខ សំណេះសំណាល និងទទួលគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីដោះស្រាយក្នុងជីវភាពរស់នៅប្រចាំថ្ងៃមួយគ្រា ក្រោមការយកចិត្តទុកដាក់ឧបត្ថម្ភបរិច្ចាគដោយកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី ប្រធានកិត្តិយសអនុសាខាខណ្ឌ និងរួមដំណើរពីលោក-លោកស្រីចៅសង្កាត់ មេភូមិ និងមន្ត្រីខណ្ឌ-សង្កាត់មួយចំនួនទៀត។
លោក ជា ពិសី បានថ្លែងថា ក្នុងសកម្មភាពមនុស្សធម៌របស់កាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវនេះ ត្រូវបានរៀបចំធ្វើឡើងជាបន្តបន្ទាប់ ដើម្បីស្វែងយល់ពី តម្រូវការចាំបាច់ ឫបញ្ហានានាតាមមូលដ្ឋាន ក្រោយពីអាជ្ញាធរសង្កាត់ ក៏ដូចជាមេភូមិ បានរាយការណ៍មកអំពីស្ថានភាពជាក់ស្ដែង ពិតប្រាកដ របស់ប្រជាពលរដ្ឋងាយរងគ្រោះ ដែលកំពុងជួបការខ្វះខាតខ្លាំង ក្នុងការរិះរកដំណោះស្រាយជូន ឲ្យទាន់ពេលវេលា និងទាន់សភាពការ ដោយមិនឲ្យស្លាប់និងអត់បាយឡើយ ក្រោមការដឹកនាំដោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា។
ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌឫស្សីកែវ លោក ជា ពិសី រូបនេះ បានថ្លែងទៀតថា ដោយមានការយកចិតទុកដាក់ ខ្ពស់ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ក្រោមការដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានណែនាំជានិច្ចជាកាល ឲ្យក្រុមការងារកាកបាទក្រហម យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋងាយរងគ្រោះ ពីគ្រប់មជ្ឈដ្ឋាននូវទូទាំងប្រទេស ដោយមិនប្រកាន់ពូជសាសន ពណ៌សម្បុរ ឬនិន្នាការនយោបាយឡើយ៕