(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា កំពង់ផែស្វយ័តក្រុងព្រះសីហនុ មានតួនាទីយ៉ាងសំខាន់ ក្នុងការកសាងជាតិមាតុភូមិ ដោយបានរួមចំណែក ក្នុងការរក្សាកំណើនសេដ្ឋកិច្ចជាតិប្រចាំឆ្នាំ ក្នុងរង្វង់៧% ប្រកបដោយចីរភាព។
លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោក ចុះជួបសំណេះសំណាល និងសាកសួរសុខទុក្ខមន្ត្រីរាជការ បុគ្គលិក និងកម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង លោកអគ្គនាយកកំពង់ផែ មន្ត្រីរាជការ បុគ្គលិក និងកម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាច្រើននាក់ផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានលើកឡើងពីគម្រោងសាងសង់ជួសជុល ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចំនួន ២២ខ្សែ ហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកកខ្វក់ និងទឹកភ្លៀង ជាពិសេស ការលើកកម្ពស់ផ្លូវជាតិលេខ៣ លេខ៤ លេខ៣១ លេខ៣៣ លេខ៤១ ដើម្បីរួមចំណែកដល់ការសម្រួលចរាចរណ៍ដឹកជញ្ជូនទំនិញ ពីកំពង់ផែស្វយ័តក្រុងព្រះសីហនុ ឆ្ពោះទៅកាន់រាជធានីភ្នំពេញ និងបណ្ដាខេត្តនានា ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តទាំងមូលផងដែរ។
រដ្ឋមន្ត្រីក្រសួងសាធារណការរូបនេះ ក៏បានក្រើនរំលឹកពីតួនាទីមន្ត្រីសាធារណៈ ក្នុងផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានល្អ ពោលគឺធ្វើឱ្យបានលឿនធ្វើឱ្យមានប្រសិទ្ធភាព និងតម្លាភាព ដោយលោកបានបង្ហាញពីយុទ្ធសាស្រ្តខ្លះៗ ទាក់ទងនឹងការផ្ដល់សេវាសាធារណៈ ដូចជា ការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ការបង្ខិតសេវាសាធារណៈទៅកៀកប្រជាពលរដ្ឋ យន្តការប្រើប្រាស់រថយន្តឆៀក ចល័ត និងយន្តការផ្សេងៗទៀត ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈ។
លោក ស៊ុន ចាន់ថុល ក៏បានសម្ដែងនូវការកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបានខិតខំប្រឹងប្រែងបំពេញការងាររបស់ខ្លួន សម្រេចបាន លទ្ធផលល្អ និងបានស្នើឱ្យបន្តកិច្ចសហការ ចូលរួមផ្ដល់គំនិតថ្មីៗសំដៅធ្វើទំនើបកម្មលើការបម្រើសេវាសាធារណៈ និងបានស្នើឱ្យអង្គភាពជំនាញរបស់កំពង់ផែស្វយ័ត សហការជាមួយនាយកដ្ឋាន ព័ត៌មានវិទ្យា និងទំនាក់ទំនងសាធារណៈរបស់ក្រសួង ផ្ដួចផ្ដើមបង្កើតកម្មវិធីព័ត៌មានវិទ្យា សម្រាប់ត្រួតពិនិត្យព័ត៌មានទាំងឡាយរបស់យានយន្ត និងអ្នកបើកបរនៅត្រង់កន្លែងត្រួតពិនិត្យយានយន្ត ចេញ-ចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ សំដៅកាត់បន្ថយការកកស្ទះចរាចរណ៍ រថយន្តចេញ-ចូលកំពង់ផែផងដែរ៕