(ស្ទឹងត្រែង)៖ ក្រុមការងារ នៃមន្ទីរសុខាភិបាលខេត្ត សហការជាមួយសាខាកាកបាទក្រហមខេត្ត និងក្រុមយុវជនស.ស.យ.ក ខេត្តស្ទឹងត្រែង នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានបន្តចុះយុទ្ធនាការ ក្នុងការលុបបំបាត់ជំរកមូសខ្លា និងដាក់ថ្នាំអាបែត នៅតាមពាងទឹកក្នុងលំនៅដ្ឋានរបស់ប្រជាពលរដ្ឋ ដើម្បីបង្ការកុំឲ្យរីករាល ដាលកើតមានជំងឺគ្រុនឈាមកាន់តែច្រើនឡើងៗ ថែមទៀត។
ប្រធានមន្ទីរសុខាភិបាល ខេត្តស្ទឹងត្រែង បានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ក្នុងភូមិ ឃុំ-សង្កាត់ សូមឲ្យជួយចូលរួមសម្អាតអនាម័យទាំងអស់គ្នា ពាកព័ន្ធនិងការផ្ទុកសំរាម ដែលជាប្រភពចម្លង និងបង្កជាសំបុកមូសខ្លា ជាពិសេសត្រូវរួមគ្នាការពារសុខភាព បង្ការ នៃការរីករាលដាលនូវជំងឺគ្រុនឈាម។
សូមបញ្ជាក់ថា នៅខេត្តស្ទឹងត្រែង នាពេលថ្មីៗនេះ ជំងឺគ្រុនឈាមបានកើនឡើងគួរឲ្យកត់សំគាល់ ដោយក្នុងនោះជំងឺគ្រុនឈាម បានកើតឡើងលើទាំងកូនក្មេង និងមនុស្សចាស់ បង្កឲ្យមានការព្រួយបារម្ភដល់ប្រជាពលរដ្ឋក្នុងខេត្តស្ទឹងត្រែង៕