(ត្បូងឃ្មុំ)៖ ស្នងការនគរបាលខេត្តត្បូងឃ្មុំ លោកឧត្តមសេនីយ៍ទោ បែន រ័ត្ន បានចេញវិធានការជាបន្ទាន់មួយ បញ្ជាឲ្យកម្លាំងនគរបាលមូលដ្ឋាន តាមស្រាវជ្រាវ និងស្វែងរកចាប់ខ្លួនមនុស្សមួយក្រុម ដែលបាននិងកំពុងលួងលោម និងបោកបញ្ឆោតប្រជាពលរដ្ឋ នៅស្រុកមេមត់ ដោយពួកគេឲ្យយកលុយ ទៅដាក់នៅធនាគាររបស់ខ្លួន ហើយបានការប្រាក់រហូតទៅដល់២០ភាគរយ ក្នុងមួយខែ។
លោកឧត្តមសេនីយ៍ស្នងការ បានចាត់ទុកថា នេះជាបទល្មើស និងជាការបោកប្រាស់យ៉ាងជាក់ស្ដែង ពាក់ព័ន្ធទៅនឹងការផ្ញើប្រាក់នៅតាមធនាគារ ឬមីក្រូហិរញ្ញវត្ថុ។
លោកឧត្តមសេនីយ៍ បែន រ័ត្ន បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះថា ឥឡូវនេះមានមនុស្សមួយក្រុម បានធ្វើការឃោសនានៅទីរួមស្រុកមេមត់ ដោយខ្សិបខ្សៀវឲ្យប្រជាពលរដ្ឋ យកលុយទៅដាក់នៅមីក្រូហរិញ្ញវត្ថុរបស់ពួកគេ ដោយសន្យាផ្ដល់អត្រាការប្រាក់ក្នុងមួយខែ ចំនួន២០ភាគរយ ដូច្នេះលោកបង្គាប់យសមត្ថកិច្ចទាំងអស់តាមដាន និងមានវិធានការរាំងខ្ទប់ជាបន្ទាន់។
បើតាមលោកឧត្តមសេនីយ៍ស្នងការ រហូតមកដល់ថ្ងៃនេះ ទំនងមានប្រជាពលរដ្ឋខ្លះហើយ ដែលចាញ់បោកជនមួយក្រុមនេះ។ កន្លងទៅរូបភាពនៃការបោកប្រាស់បែបនេះ បានធ្លាប់កើតឡើងជាច្រើនលើក រហូតដល់ប្រជាពលរដ្ឋអស់លុយរាប់ពាន់ ម៉ឺនដុល្លារ ទៀតផង៕