(ព្រះសីហនុ)៖ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែងថា ក្រសួងសាធារណការ នឹងសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ និងស្ថាប័នពាក់ព័ន្ធ ក្នុងការជំរុញការជួសជុលកំណាត់ផ្លូវទាំង២២ខ្សែ ក្នុងខេត្តព្រះសីហនុនេះឱ្យបានលឿន ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូន ប្រជាពលរដ្ឋភ្ញៀវទេសចរជាតិ អន្តរជាតិ វិនិយោគិន និងការនាំចេញនាំចូល សំដៅលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ក៏ដូចជាត្រៀមរៀបចំបុណ្យសមុទ្រ នៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ាននាពេលខាងមុខនេះ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងយ៉ាងដូចនេះនាល្ងាចថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកបានជួបពិភាក្សាការងារជាមួយលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ ទាក់ទនឹងបញ្ហាហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តព្រះសីហនុ ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់របស់ក្រសួង និងមន្ត្រីរាជការនៃសាលាខេត្តព្រះសីហនុ ជាច្រើរូបផងដែរ។
ជំនួបពិភាក្សានេះ ផ្តោតជាសំខាន់លើការរិះរកនីតិវិធីពន្លឿនការជួសជុលកំណាត់ផ្លូវរងការខូចខាតចំនួន២២ខែ្ស ដែលជាផ្លូវប្រកបដោយសក្ដានុពលសេដ្ឋកិច្ចខ្ពស់ សំដៅសម្រួលដល់ការដឹកជញ្ជូន របស់បងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ និងគ្រោះថ្នាក់ចរាចរណ៍ និងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹក។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ពីសក្កានុពលទេសចរណ៍ ខេត្តព្រះសីហនុ និងប៉ូលសេដ្ឋកិច្ចដ៏សំខាន់របស់ព្រះរាជាណាចក្រកម្ពុជា ដោយសារខេត្តព្រះសីហនុ មានហូរចូលនូវការវិនិយោគយ៉ាងគំហុក ទាក់ទងនឹងវិស័យឧស្សាហកម្ម ទេសចរណ៍ រោងចក្រ និងសហគ្រាសផ្សេងៗ របស់ក្រុមហ៊ុនជាតិ និងអន្តរជាតិ ប៉ុន្តែកត្តាធម្មជាតិ របស់ខេត្តនេះជាបញ្ហាប្រឈម ធ្វើឱ្យកំណាត់ផ្លូវមួយចំនួនទទួលរងនូវការខូចខាតដោយអន្លើ ដែលចាំបាច់ត្រូវដោះស្រាយ ដើម្បីសម្រួលដល់ការដឹកជញ្ជូនរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។
លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានថ្លែងអំណរគុណ និងការកោតសរសើរដល់អភិបាលខេត្តព្រះសីហនុ និងមន្ទីរពាក់ព័ន្ធ ដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍខេត្តទេសចរណ៍មួយ ឱ្យក្លាយជាប៉ូលសេដ្ឋកិច្ចដ៏មានសក្ដានុភាព និងបានស្នើឱ្យស្ថាប័នពាក់ព័ន្ធ ចូលរួមសហការជិតស្និទ្ធ ក្នុងការពន្លឿនការកសាងជួសជុលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធបង្ហូរទឹកកខ្វក់ និងទឹកភ្លៀងឱ្យបានចប់សព្វគ្រប់តាមកាលកំណត់ ដើម្បីសម្រួលដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ និងត្រៀមរៀបចំស្វាគមន៍ ពិធីបុណ្យសមុទ្រនៅឆ្នាំ២០២០ និងកិច្ចប្រជុំអាស៊ានឆ្នាំ២០២២នាពេលខាងមុខ៕