លោកវរសេនីយ៍ត្រី សំ សាមាន មេបញ្ជាការអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ ទទួលមរណភាព ដោយសារជំងឺគាំងបេះដូង
11-07-2019 10:11
(ព្រះសីហនុ)៖ លោកវរសេនីយត្រី សំ សាមាន មេបញ្ជាការអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង ក្នុងពេលកំពុងចុះបំពេញភារកិច្ចការងារ នៅក្នុងស្រុកកំពង់សីលា នាថ្ងៃរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ នេះបើតាមសាច់ញាតិរបស់លោកវរសេនីយ៍ត្រី សំ សាមាន ប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ។
សាច់ញាតិលោក សំ សាមាន បានបញ្ជាក់យ៉ាងដូច្នេះថា «តាងនាមយើងខ្ញុំជាភរិយា បុត្រាបុត្រី ជីតាជីដូន ឪពុកម្ដាយឪពុកក្មេកម្ដាយក្មេក ជាបងជាប្អូន ជាក្មួយមានទុក្ខជាទម្ងន់ ដោយលោកវរសេនីយត្រី សំ សាមាន មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ បានទទួលមរណភាព ដោយសារជំងឺគាំងបេះដូង ក្នុងពេលកំពុងចុះបំពេញភារកិច្ចការងារ នៅក្នុងស្រុកកំពង់សីលា កាលពីថ្ងៃរសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩។ សពកំពុងត្រូវបានតម្កល់ នៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ខេត្តព្រះសីហនុ»។
ដំណឹងនេះចាត់ទុកជាការនិមន្ត យាង គោរពអញ្ជើញ បងប្អូន មិត្តភក្ដិ សាច់ញាតិជិតឆ្ងាយនៃសព ដើម្បីចូលរួមពិធីរំលែកទុក្ខ ដែលប្រព្រឹត្តិទៅនៅក្នុងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា ភូមិច័ន្ទស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។ ទូរស័ព្ទទំនាក់ទំនង៖ ០១៦ ៥៤ ៣៤ ៥៤ និង ០១២ ៥៤ ៣៤ ៥៤៕