(ភ្នំពេញ)៖ លោកស្រី យ៉ាន សុបញ្ញា ដែលជាម្ចាស់ហាងលក់ហូល «បញ្ញាហូលខ្មែរ» ដែលមាន២សាខាហើយនឹងគ្រោងដំណើរការសាខាទី៣ ក្នុងពេលឆាប់ៗខាងមុខនេះ នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ឲ្យដឹងថា មានជនទុច្ចរិតបានហែក (Hack) ចូលហ្វេសប៊ុករបស់លោកស្រី កាលពីវេលាម៉ោង៧៖០០យប់ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅនេះ។
លោកស្រីក៏សូមបដិសេធចោលទាំងស្រុង ចំពោះខ្លឹមសារទាំងឡាយ នៅលើ Account Facebook «បញ្ញាហូលខ្មែរ-Houl Khmer » បន្ទាប់ពីមានជនអនាមិកបានចូលហែក និងយកទៅគ្រប់គ្រងទៅហើយនោះ និងក្នុងករណីជនអនាមិកនេះ មានបំណងប្រើប្រាស់ទំព័រហ្វេសប៊ុកនេះ បោកប្រាស់អតិថិជន។
លោកស្រីបានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា លោកស្រីសូមជូនដំណឹងអំពីការ Hack នេះដល់សាធារណជន ជាពិសេសទៅដល់អតិថិជនទាំងអស់របស់ហាង «បញ្ញាហូលខ្មែរ» ឲ្យជ្រាបជាព័ត៌មាន និងប្រុងប្រយ័ត្ន ប្រសិនបើមានការផ្ញើសារឲ្យទូទាត់ប្រាក់ ឬខ្ចីប្រាក់ ឬធ្វើសកម្មភាពណាមួយដែលខុសច្បាប់។
ទន្ទឹមនឹងនេះ លោកស្រីក៏បានឲ្យដឹងផងដែរថា លោកស្រីដាក់ពាក់បណ្តឹងអំពីការ Hack នេះ ទៅនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៅឯក្រសួងមហាផ្ទៃ នៅព្រឹកនេះផងដែរ។
លោកស្រីបានស្នើឲ្យអតិថិជន ឬសាធារណជនដែលមានចម្ងល់ សូមទាក់ទងសួរព៏ត៌មានមកទូរស័ព្ទលេខ 017222068 /070789181។
សូមបញ្ជាក់ថា ក្នុងរយៈពេលចុងក្រោយនេះ មានជនអនាមិក បានចូលហែក Facebook ទៅលើថ្នាក់ដឹកនាំកំពូល, អ្នកនយោបាយផងដែរ ប៉ុន្តែត្រូវបានយកមកគ្រប់គ្រងបានវិញ៕