(ភ្នំពេញ)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានសម្រេចបញ្ជូនយុវជន គង់ រ៉ៃយ៉ា ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ម្សិលមិញនេះ ក្រោមការចោទប្រកាន់ពាក់ព័ន្ធនឹង ករណីញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ខណៈដែលយុវជន ៣រូបទៀត ដែលត្រូវបានឃាត់ខ្លួនដំណាលគ្នានោះ ត្រូវបានដោះលែងវិញហើយ។
នៅព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៩ តំណាងអយ្យការ បន្តការសាកសួរលើលោក គង់ រៃយ៉ា នៅសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា និងបក្ខពួក៣នាក់ទៀត ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌឃាត់ខ្លួនកាលពីថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ បន្ទាប់ពួកគេបានបោះពុម្ពទ្រឹស្ដីរបស់ លោកបណ្ឌិត កែម ឡី នៅលើអាវយឺតព័ណ៌ខ្មៅ និងស ដែលសមត្ថកិច្ចសង្ស័យថា មានខ្លឹមសារញុះញង់ឲ្យមានកំហឹងឈឺចាប់ ដើម្បីបំផុសបំផុលដោយភ្ជាប់នឹងថ្ងៃមរណភាព លោកបណ្ឌិត កែម ឡី កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។
ក្រោយឃាត់ខ្លួនយកទៅសាកសួរ សមត្ថកិច្ច បានសម្រេចឲ្យមនុស្ស៣នាក់ទៅផ្ទះវិញដោយទុកតែជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ម្នាក់ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅតុលាការ។
គួររម្លឹកថា ជនសង្ស័យឈ្មោះ គង់ រ៉ៃយ៉ា ធ្លាប់ត្រូវបានតុលាការក្រុងភ្នំពេញ ផ្តន្ទាទោសដាក់ពន្ធនាគាររយៈពេល១៨ខែ ម្តងរួចមកហើយកាលពីថ្ងៃ ទី១៥ ខែមីនា ឆ្នាំ២០១៦ ដោយចោទពីបទ ញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ ដោយសារតែយុវជននេះ បានប្រកាសឲ្យមហាជនចូលរួមធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គម Facebook ជាមួយនឹងរូបគេ៕