(ភ្នំពេញ)៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលដឹកនាំដោយ លោក ផៃ ស៊ីផាន នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកក្កដា ឆ្នាំ២០១៩នេះ រៀបចំសន្និសីទសារព័ត៌មានស្តីពី «បញ្ហាផ្ទុះជំងឺប៉េស្តជ្រូក»។ សន្និសីទនេះ គឺមានទិសដៅ និងគោលបំណង ពន្យល់ឆ្លើយតបនឹងកង្វល់របស់ប្រជាពលរដ្ឋ ដែលកំពុងផ្តោតការយកចិត្តទុកដាក់លើបញ្ហាជំងឺប៉េស្តជ្រូក ជាមួយនឹងចំណាត់ការ និងវិធានការរបស់រាជរដ្ឋាភិបាល ក្នុងការគ្រប់គ្រងស្ថានភាព និងទប់ស្កាត់ការរីករាលដាលនៃជំងឺនេះ។
ក្នុងសន្និសីទនោះ នឹងមានបង្ហាញអំពីស្ថានភាពទូទៅ នៃជំងឺប៉េស្តជ្រូកនៅកម្ពុជា, ផលប៉ះពាល់ដែលបានបង្កឡើងនាពេលកន្លងមក រួមទាំងវិធានការការពារ និងទប់ស្កាត់ពីការឆ្លងជំងឺផងដែរ។ វាគ្មិន ដែលនឹងអញ្ជើញចូលរួមមាន ៖
១៖ តំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
២៖ តំណាងក្រសួងសុខាភិបាល
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានបន្តរាលដាល និងផ្ទុះឡើងនៅខេត្តរបស់កម្ពុជា ២ទៀតហើយ គឺខេត្តស្វាយរៀង និងតាកែវ។ មកដល់ពេលនេះខេត្តរបស់កម្ពុជាចំនួន៤ហើយ មានការផ្ទុះឡើងនៃជំងឺបេ៉ស្តជ្រូកអាហ្វ្រិក ដ៏កាចសាហាវមួយនេះ គឺមានខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងតាកែវ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិក មិនឆ្លងដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះ ជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឱ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់ ១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕