(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងប្រទេសថា បើមានករណីក្ដៅខ្លួនខ្លាំង ដាក់ថ្នាំមិនចុះកំដៅ សូមប្រញាប់មកកាន់មន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាពជាបន្ទាន់ ដើម្បីចៀសផុតពីគ្រោះថ្នាក់ដល់ជីវិត ដោយជំងឺគ្រុនឈាម ។
ការថ្លែងបែបនេះ របស់លោកវេជ្ជបណ្ឌិត ងី មានហេង ក្នុងឱកាសអញ្ជើញអាជីវករលក់ឱសថ តាមឱសថស្ថាននានា ចូលរួមប្រជុំផ្សព្វផ្សាយ ការបង្ការ ទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម នារសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ នៅមន្ទីរសុខាភិបាលរាជធានីភ្នំពេញ។
លោកវេជ្ជបណ្ឌិត ងី មានហេង ក៏បានបន្ដថា «ដើម្បីចូលរួមក្នុងការការពារសុខភាព និងអាយុជីវិតរបស់យើង និងពលរដ្ឋយើង សូមចូលរួមប្រុងប្រយ័ត្នទាំងអស់ ក្នុងវដ្ដនៃការផ្ទុះជំងឺគ្រុនឈាមនេះ ជាពិសេសក្នុងរដូវវស្សា អាណាព្យាបាលរបស់កុមារ បើកូនក្ដៅខ្លួនខ្លាំងរហូតដល់ទៅ៤០អង្សា ហើយលើសពី២ថ្ងៃ សូមប្រញាប់នាំកូនរបស់ខ្លួន មកកាន់មន្ទីរពេទ្យជាបន្ទាន់ ជាពិសេសទៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ដែលគ្រូពេទ្យយើង បានត្រៀមរួចជាស្រេច ក្នុងការសង្គ្រោះ»។
ជាងនេះទៅទៀត ប្រធានមន្ទីររាជធានីភ្នំពេញ ថ្លែងបញ្ជាក់ថា «តែហាមដាច់ខាត ពេលកូនក្ដៅខ្លួនលើសពី២ថ្ងៃ ទៅទិញថ្នាំនៅតាមឱសថស្ថាន ឬទៅគ្លីនិកឯកជនណាដែលគ្មានជំនាញព្យាបាលជំងឺគ្រុនឈាមឱ្យសោះ លើសពីនោះ ក៏សូមអំពាវនាវដល់អ្នកលក់ឱសថនៅតាមឱសថស្ថានទាំងអស់ សូមកុំលក់ថ្នាំឱ្យគាត់ និងជួយប្រាប់អ្នកទិញថ្នាំ ឱ្យទៅទទួលការពិគ្រោះជំងឺជាមួយគ្រូពេទ្យ នៅមន្ទីរពេទ្យរដ្ឋ និងមណ្ឌលសុខភាព ដើម្បីចូលរួមចំណែកការពារអាយុជីវិតរបស់ពលរដ្ឋយើង»។
ទន្ទឹមនឹងនោះ ត្រូវអប់រំបន្ថែមដល់ពួកគាត់ថា «គ្មានជម្រកមូសខ្លា គ្មានមូសខ្លា គ្មានមូសខ្លា គ្មានការចំលងជំងឺគ្រុនឈាម»។យើងត្រូវរួមគ្នាលុបបំបាត់ជម្រកមូសខ្លា នៅក្នុងសហគមន៍របស់យើង ដើម្បីរួមចំណែកទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម។ មូសខ្លាជាភ្នាក់ងារចំលងជំងឺគ្រុនឈាម រីឯមូសអង្កាមមិនមែនជាភ្នាក់ងារចម្លងជំងឺគ្រុនឈាមទេ។ ការទុកដាក់សំបកកង់ឡាន ម៉ូតូហាលភ្លៀងនៅក្នុងសហគមន៍ គឺជាការបង្កើតជម្រកមូសខ្លាក្រោយពេលភ្លៀងធ្លាក់។ នេះបើតាមការបញ្ជាក់របស់លោកវេជ្ជបណ្ឌិត ។
សូមជាជម្រាបថា មូសខ្លា មិនពងដាក់ក្នុងទឹកស្អុយ លូ និងទឹកល្អក់ទេ, មូសខ្លាពងដាក់ក្នុងទឹកដក់ថ្លា គ្មានក្លិនស្អុយ ទឹកក្នុងថូផ្កា ទឹកក្នុងទម្រជើងទូចាន ទឹកដក់នៅក្នុងចានស្នោ និងកែវជ័រដែលចោលហាលភ្លៀង ទឹកដក់លើថង់ប្លាស្ទិកចោលហាលភ្លៀង។ល។ ការដាក់អាបែតក្នុងពាង និងអាងទឹក ដើម្បីសម្លាប់ដង្កូវទឹកជា ការរួមចំណែកទប់ស្កាត់ការកកើតមូសខ្លា ដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម៕