(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញមកដល់ប្រទេសកម្ពុជាវិញហើយ នៅវេលាម៉ោង៤៖៣០នាទី រសៀលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីព្យាបាលបញ្ហាគ្រេចស្មា នៅប្រទេសសិង្ហបុរី។

សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅព្យាបាលបញ្ហាគ្រេចស្មា នៅប្រទេសសិង្ហបុរី កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៩ ព្រមទាំងបានសុំលុបចោលរាល់ ជំនួបទាំងឡាយ ដែលគ្រោងធ្វើនៅសប្តាហ៍នេះផងដែរ។

ខណៈដែល សម្តេចទៅព្យាបាលនៅប្រទេសសិង្ហបុរីនេះ ក្រុមប្រឆាំងជ្រុលនិយមមួយចំនួន បានឆ្លៀតយកឱកាសនេះ វាយប្រហារប្រមាថដល់អាយុជីវិតរបស់សម្តេច ដែលបានធ្វើឱ្យសម្តេចតេជោ ហ៊ុន សែន ត្រូវធ្វើការបកស្រាយភ្លាមៗផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ទន្ទឹមនឹងប្រជាជនច្រើនលើសលប់បន់ស្រន់ឱ្យខ្ញុំឆាប់ជាសះស្បើយ ក៏មានជនមួយក្តាប់តូចលួចចូលមក comment ឬបង្ហោះតាមFacebook បន់ឱ្យខ្ញុំឆាប់ស្លាប់ឬបង្កើតព័ត៌មានក្លែងក្លាយ អំពីស្ថានភាពជំងឺរបស់ខ្ញុំទៅវិញ។ ខ្ញុំសូមជូនយោបល់ទៅអ្នកទាំងនោះវិញថា (ឈប់បានឈប់ទៅ) ព្រោះការធ្វើនយោបាយ រង់ចាំឱ្យខ្ញុំស្លាប់ ដើម្បីដណ្តើមអំណាចសូមរង់ចាំជាតិក្រោយទៅចុះ ព្រោះយមរាជមិនត្រូវការជីវិតខ្ញុំទេ ក្នុងរយ:ពេលមិនតិចជាង៤០ឆ្នាំពេលខាងមុខ ព្រោះយមរាជត្រូវការឱ្យខ្ញុំនៅបន្តបម្រើប្រជាជន និងកម្ចាត់ពួកក្បត់ជាតិ ដើម្បីរក្សាសន្តិភាព និងការអភិវឌ្ឍបន្តទៅទៀត»

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដូចសព្វមួយដងង នៅថ្ងៃសុក្រ ទី១២ ខែកក្កដា ឆ្នាំ២០១៩ ខាងមុខនេះ បន្ទាប់ពីមកដល់ប្រទេសកម្ពុជា៕