(ភ្នំពេញ)៖ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបសម្តែងការគួរសម ជាមួយលោក Guillaume Massin អនុប្រធានសភាពាណិជ្ជកម្ម អឺរ៉ុបប្រចាំកម្ពុជា (EUROCHAM) ក្នុងខណៈដែលលោក Guillaume Massin ប្រគល់នូវ «សៀវភៅ ស ឆ្នាំ ២០១៩ (White Book 2019)» របស់ EUROCHAM ជូនលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅទីស្ដីការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី បានសម្តែងនូវអំណរសាទរ និងវាយតម្លៃខ្ពស់ចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលទើបតែបានបោះពុម្ពផ្សាយនូវ «សៀវភៅ ស ឆ្នាំ ២០១៩ (White Book 2019)» ដោយជោគជ័យ ក្នុងពេលថ្មីៗកន្លងមកនេះ។
ជាមួយគ្នានេះ, លោកអគ្គបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ ចំពោះសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា ដែលតែងតែបានរួមចំណែក ធ្វើឲ្យកាន់តែប្រសើរឡើង នូវបរិយាកាសវិនិយោគនៅកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយអំពីឱកាសវិនិយោគនៅកម្ពុជា ក៏ដូចជាផ្តល់នូវមតិស្ថាបនា ចូលរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងទាក់ទានវិនិយោគមកកម្ពុជា។
លោក Guillaume Massin អនុប្រធានសភាពាណិជ្ជកម្មអឺរ៉ុបប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិ-ការជិតស្និទ្ធជាមួយកម្ពុជា និងសូមកោតសរសើរចំពោះសមិទ្ធផល ដែលកម្ពុជាទទួលបាននាពេលកន្លងមក។
លោក ក៏បានថ្លែងអំណរគុណ ចំពោះក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានផ្តល់នូវអនុសាសន៍ ក្នុងការចងក្រងសៀវនេះឡើង ហើយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺជាក្រសួងទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបាន ទទួល «សៀវភៅ ស ឆ្នាំ ២០១៩» នេះ។ «សៀវភៅ ស ឆ្នាំ ២០១៩» មិនត្រឹមតែរំលេចនូវអនុសាសន៍នានា សម្រាប់រាជរដ្ឋាភិបាល ប៉ុន្តែក៏បានរំលេចនូវសមិទ្ធិផល ដែលរាជរដ្ឋាភិបាលសម្រេចនាពេលកន្លងមក។
ជាមួយគ្នានេះ, គោលបំណងចម្បងរបស់ «សៀវភៅ ស ឆ្នាំ ២០១៩» គឺគូសបញ្ជាក់ជូនវិនិយោគិនទាំងអស់ ទាំងវិនិយោគគិនជាតិ និងអន្តរជាតិថា កម្ពុជាបានត្រៀមខ្លួនជាស្រេចសម្រាប់ការដាក់ទុកវិនិយោគ។ លោក Guillaume Massin សង្ឃឹមថា នឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីចូលរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា៕