(ភ្នំពេញ)៖ នៅក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៣ (13th ASEAN Defence Ministers' Meeting (ADMM)) នៅទីក្រុងបាងកក ប្រទេសថៃ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងចូលរួមចុះហត្ថលេខា លើសេចក្តីថ្លែងការណ៍រួម ស្តីពីសន្តិសុខប្រកបដោយចីរភាព ក្នុងកិច្ចប្រជុំនេះ។

ការអញ្ជើញទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៣ របស់សម្តេចពីជ័យសេនា ទៀ បាញ់ និងគណៈប្រតិភូជាន់ខ្ពស់ ក្រសួងការពារជាតិកម្ពុជា ធ្វើឡើងតបតាមការអញ្ជើញរបស់ នាយឧត្តមសេនីយ៍ ប្រាវីត វង្សសុវណ្ណ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិថៃ ដោយសារឆ្នាំនេះ ថៃបានធ្វើប្រធានប្តូរវេន និងជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំអាស៊ាន។

កិច្ចប្រជុំនេះ ធ្វើឡើងរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ហើយនៅក្នុងឱកាសនោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នឹងអញ្ជើញប្រជុំទ្វេរភាគីជាមួយរដ្ឋមន្ត្រីការពារជាតិ នៃបណ្តាប្រទេសអាស៊ានមួយចំនួនផងដែរ៕