(កំពង់ចាម)៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្ដនីតិវិធី នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម សហការជាមួយកម្លាំង នៃអធិការដ្ឋាននគរបាលស្រុកជើងព្រៃ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានចាប់ខ្លួនជនជាតិវៀតណាម៥នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់។
លោកវរសេនីយ៍ឯក ឈួន ចាន់ឡា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើងក្រោមចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្ត និងមានការណែនាំពី លោកឧត្តមសេនីយ៍ត្រី សិត សិលា ស្នងការរងខេត្ត ទទួលផែនការងារអន្ដោប្រវេសន៍។
នាយការិយាល័យរូបនេះ បានបញ្ជាក់ថា តាមការពិនិត្យរបស់សមត្ថកិច្ចជំនាញ រកឃើញថា ជនជាតិវៀតណាមទាំង៥នាក់នេះ ពុំមានលិខិតឆ្លងដែន ឬលិខិតអនុញ្ញាតទេ ពិតជាឆ្លងដែនចូលមកធ្វើការស្នាក់នៅខុសច្បាប់ ហើយទាំងអស់នេះ មានទីលណនៅសង្កាត់ទូឡឹម ក្រុងទីហ្វា ខេត្តភូអ៊ីញ ប្រទេសវៀតណាម និងបានចូលមកប្រទេសកម្ពុជា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ តាមច្រកព្រែកចាក ខេត្តកំពត។
បន្ទាប់បញ្ចប់ការសួរនាំ ជនជាតិវៀតណាមទាំង៥នាក់នេះ ត្រូវបានបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ក្រសួងមហាផ្ទៃ ដើម្បីបន្ដអនុវត្តតាមនីតិវិធី និងត្រៀមបណ្ដេញចេញពីប្រទេសកម្ពុជា៕