(ព្រះសីហនុ)៖ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ដោយមានកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ ចុះអប់រំផ្សព្វផ្សាយ ស្តីអំពី «សុវត្ថិភាពម្ហូបអាហារ និងកិច្ចការការពារអ្នកប្រើប្រាស់» ដល់សិស្សានុសិស្ស លោកគ្រូ-អ្នកគ្រូ សរុបប្រមាណ ៥២០ នាក់ នៃសាលាបឋមសិក្សា ស្មាច់ដែង ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

នៅក្នុងឱកាសចុះផ្សព្វផ្សាយ អប់រំ ដល់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៃសាលាបឋមសិក្សា ស្មាច់ដែង នេះ មន្រ្តីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ក៏បានពន្យល់ អំពីច្បាប់ និងបទបញ្ញត្តិទាក់ទងនឹង៖

*សុវត្ថិភាពម្ហូបអាហារ
*អត្ថប្រយោជន៍របស់អំបិលអ៊ីយូដ
*អនុក្រឹត១៣៣ អាហារបំប៉នសំរាប់ទារក និងកុមារ
*ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន។

មន្រ្តីជំនាញកាំកុងត្រូល បានណែនាំអំពីរបៀបជ្រើសរើសផលិតផល ម្ហូបអាហារដែលមានសុវត្ថិភាពយកមកបរិភោគ មានដូចជា របៀបពិនិត្យលើស្លាកសញ្ញា, ថ្ងៃ-ខែ-ឆ្នាំ ផលិត ឬផុតកំណត់រយៈពេលប្រើប្រាស់ សំបកវេចខ្ចប់ផលិតផល អនាម័យនៃការប៉ះកាន់ម្ហូបអាហារ ផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីការបរិភោគ ម្ហូបអាហារដែលមានសារធាតុគីមី ហាមឃាត់ ឬសំណល់ថ្នាំកសិកម្ម និងបានចែក ខិត្តប័ណ្ណអប់រំ ស្តីពី "សុវត្ថិភាពចំណីអាហារ ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងគណៈគ្រប់គ្រងសាលា ផងដែរ។

នៅថ្ងៃដដែលក្រុមការងារបានបន្ត ចុះត្រួតពិនិត្យម្ហូបអាហារ នៅផ្សារស្មាច់ដែង ដោយមន្ត្រីជំនាញបានដកយកគំរូម្ហូប អាហារមួយចំនួន មកធ្វើតេស្តបឋមរួមមាន៖ បង្គារ មឹកស្រស់ ណែម ប្រហុក ផ្អក សាច់ក្រកគោ ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញ មានវត្តមានសារធាតុគីមីហាម ឃាត់នៅលើគ្រឿងសមុទ្រនោះទេ។ មន្រ្តីសាខាកាំកុងត្រូលបានធ្វើការណែនាំដល់អាជីវករ អោយយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕