(ភ្នំពេញ)៖ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នៅតែបន្តប្រើវិធានការក្ដៅ ដើម្បីដឹកនាំកម្លាំងចម្រុះចុះធ្វើ រដ្ឋបាលជាលក្ខណៈទ្រង់ទ្រាយធំជាលើកទី២ ក្នុងការបង្កាទប់ស្កាត់ រក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧ ហើយអាចឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ដែលជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់បានចំនួន ១៥នាក់ (ស្រី១នាក់) ដកហូតវត្ថុតាងមានជញ្ជីងសម្រាប់ថ្លឹង និងឧបករណ៍បម្រើឲ្យការជក់មួយចំនួន។
ក្នុងប្រតិបត្តិការចុះរដ្ឋបាលទ្រង់ទ្រាយធំជាលើកទី២ របស់កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវនេះ បានធ្វើឡើងក្រោមការចូលរួមពីអភិបាលរងខណ្ឌ លោកអធិការនគរបាលខណ្ឌ មេបញ្ជាការរងអាវុធហត្ថខណ្ឌ លោកនាយក នាយករងរដ្ឋបាលខណ្ឌ និងប្រធាន អនុប្រធានការិយាល័ជំនាញចំណុះរដ្ឋបាលខណ្ឌ អធិការរងនគរបាលខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ នាយផ្នែក នាយប៉ុស្ដិ៍ និងមន្ត្រីកងកម្លាំងដែលពាក់ព័ន្ធសរុបប្រមាណជា២០០នាក់ នៅយប់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ លោក ជា ពិសី បានលើកឡើងថា ប្រតិបត្តិការចុះរដ្ឋបាលទ្រង់ទ្រាយធំជាលើកទី២នេះដែរ គឺធ្វើឡើងដើម្បីទប់ស្កាត់រាល់បទល្មើសផ្សេងៗ ក្នុងការរក្សាសន្តិសុខតាមមូលដ្ឋានសង្កាត់ទាំង៧ សំដៅលើការអនុវត្តគោលនយោបាយភូមិ-សង្កាត់ មានសុវត្ថិភាព របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដោយប្រតិបត្តិការចុះរដ្ឋបាលទ្រង់ទ្រាយធំ ជាលើកទី២នេះ កម្លាំងអាជ្ញាធរមានសមត្ថកិច្ចចម្រុះ បានសម្រេចឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ ដែលអាចជាប់ព័ន្ធការគ្រឿងញៀន ចំនួន១៥នាក់ (ស្រី១នាក់) ដកហូតវត្ថុតាងមានជញ្ជីងសម្រាប់ថ្លឹង និងឧបករណ៍បម្រើឲ្យការជក់មួយចំនួន។
លោកអភិបាលខណ្ឌឫស្សីកែវបន្តថា ការចុះធ្វើរដ្ឋបាលទ្រង់ទ្រាយធំ ដើម្បីបង្កាទប់ស្កាត់បទល្មើសនានា ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧ ជូនប្រជាពលរដ្ឋនេះរួមមាន៖ ១-សង្កាត់ស្វាយប៉ាក ឃាត់ខ្លួន ០៧នាក់ (ស្រី០១នាក់) ឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន, សង្កាត់ច្រាំងចំរេះទី២ ឃាត់ខ្លួនប្រុស ០១នាក់ និងឧបករណ៏ប្រើប្រាស់គ្រឿងញៀនមួយចំនួន និងជញ្ជីងថ្លឹង ចំនួន០១, សង្កាត់គីឡូម៉ែត្រលេខ៦ ឃាត់ខ្លួនប្រុស ០៤នាក់, សង្កាត់ទួលសង្កែ១ ឃាត់ខ្លួនប្រុស ០៣នាក់ ឯសង្កាត់ឫស្សីកែវ, សង្កាត់ច្រាំងចំរេះទី១ និងសង្កាត់ទួលសង្កែ២ ពុំមានអ្វីគួរអោយកត់សម្គាល់ឡើយ។
សូមរំលឹកថា កម្លាំងចម្រុះរបស់គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ ដឹកនាំដោយលោក ជា ពិសី បានសម្រេចចុះធ្វើរដ្ឋបាលជាលក្ខណៈទ្រង់ទ្រាយធំលើកទី១ ដើម្បីបង្កាទប់ស្កាត់បទល្មើសនានា ក្នុងការរក្សាសន្តិសុខ និងសុវត្ថិភាពតាមមូលដ្ឋានសង្កាត់ទាំង៧ នោះគឺបានអនុវត្តឡើងកាលពីយប់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ កន្លងទៅ ដោយក្នុងប្រតិបត្តិការនោះ ឈានទៅដល់ការឃាត់ខ្លួនជនសង្ស័យ ដែលអាចជាប់ពាក់ព័ន្ធការប្រើប្រាស់គ្រឿងញៀន ជាបន្តបន្ទាប់បានចំនួន១៨នាក់ (ស្រី៣នាក់) ដកហូតវត្ថុតាងថ្នាំញៀនមួយចំនួន៕