(ភ្នំពេញ)៖ ឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង បានបញ្ជាឱ្យស៊ើបអង្កេតស្រាវជ្រាវ និងបង្ក្រាបបទល្មើសនេសាទ នៅក្នុងតំបន់ឡូតិ៍អភិរក្ស ស្ថិតនៅចំណុចស្តីពាក់កន្ទេល នៅក្នុងទឹកដីឃុំកំពង់ព្រះគគីរ ស្រុកបរិបូរណ៍ ព្រមទាំងអំពាវនាវឱ្យប្រជាពលរដ្ឋ និងសហគមន៍នេសាទនៅតំបន់នោះសហការផ្តល់ព័ត៌មាន។
សេចក្តីប្រកាសស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ បានឱ្យដឹងថា ប្រតិបត្តិការចុះបង្ក្រាបករណីនេសាទខុសច្បាប់នេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ជុន ថារិទ្ធ ស្នងការរងទទួលផែនការងារ ប្រឆាំងបទល្មើសនេសាទ សេដ្ឋកិច្ច។
ការបញ្ជាឱ្យកម្លាំងជំនាញឱ្យចុះស្រាវជ្រាវ និងបង្ក្រាបសកម្មភាពល្មើសច្បាប់នេសាទនេះ បានធ្វើឡើងបន្ទាប់ពីនគរបាលបានទទួលព័ត៌មានថា មានជនខិលខួចមួយក្រុម បានលួចចូលនេសាទត្រី ដោយប្រើឧបករណ៍ឆក់ត្រជាក់ នៅតំបន់ឡូតិ៍អភិរក្ស ដើម្បីទប់ស្កាត់បទល្មើសនេះ ឱ្យមានប្រសិទ្ធភាពផងដែរ។
ជារឿយៗប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ខាងលើ បានសុំ លោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង ឱ្យបង្កើតក្រុមបង្ក្រាបពិសេសមួយ ដើម្បីទប់ស្កាត់រាល់សកម្មភាពឆក់ត្រីយ៉ាងទំនើប គឺប្រភេទឆក់ត្រីត្រជាក់ដែលកំពុងតែតម្រៀបជួរធ្វើដំណើរជាក្បួនយ៉ាងសន្សឹមៗ ឆ្លងកាត់តំបន់កំពង់ព្រះគគីរ ស្រុកបរិបូរណ៌ នៅចំណុចឡូតិ៍អភិរក្ស (ស្តីពាក់កន្ទេល) ស្ថិតនៅក្នុងឃុំកោះតាម៉ូវ ស្រុកបរិបូណ៌។
ប្រជាពលរដ្ឋ បានបន្ដថា ជនល្មើសបានចងក្រងជាក្រុមនឹងរៀបចំធ្វើដំណើរយ៉ាងសកម្ម ក្នុងគោលបំណងបង្ហាញពីអនុភាពរបស់ ពួកគេទំនើបៗ ដូចជាម៉ាស៊ីនរថយន្ត ហាយឡិនឌឺ និងម៉ាស៊ីនរថយន្តឡិចស៊ីសជាដើម និងមានការរៀបដំឡើងយ៉ាងពិសេសដោយជាងមាន បទពិសោធន៍ខ្ពស់ដែលយកមកពីប្រទេសវៀតណាម ទាំងការដំឡើងទូកទាំងការដំឡើងឧបករណ៍ឆក់ត្រី ប្រភេទត្រជាក់ទៀតផង។
ប្រជាសហគមន៍បានឱ្យដឹងថា នៅក្នុងទូករបស់ក្រុមឈ្មួញទូកខ្លះ មានទាំងកាំភ្លើងខ្យល់សម្រាប់គំរាម ដល់ប្រជាសហគមន៍ណាដែលហ៊ានចូល ទៅបង្ក្រាបរឿងរ៉ាវទាំងនេះ ទាំងមន្ត្រីជំនាញទាំងអាជ្ញាធរ ដែលពាក់ព័ន្ធសុទ្ធតែបានជ្រាបច្បាស់ នឹងមានផលវិបាកក្នុងការបង្ក្រាបទៅលើក្រុមទូក ឆក់របស់ជនល្មើសនៅក្នុងខេត្តកំពង់ឆ្នាំងនេះ។
ជាមួយគ្នាននេះដែរ អ្នកនាំពាក្យស្នងការនគរបាលខេត្ត បានជម្រាបជូនថា៖
* ដោយស្ថានភាពភូមិសាស្ត្រនៅទីនោះ មានការលំបាកក្នុងការធ្វើចរាចរណ៍ (មានកប្លោកច្រើន) ក្នុងការល្បាតត្រួតពិនិត្យ និងបង្ក្រាប។
* សូមអំពាវនាវទៅដល់ប្រជាពលរដ្ឋ និងសហគមន៍នេសាទនៅទៅនោះ មេត្តារាយការណ៍តាមប្រព័ន្ធទូរស័ព្ទ (hot line) របស់ស្នងការដ្ឋាននគរបាលខេត្តតាមរយៈលេខ៖ ០៩៧ ៧៧៨ ០០១៦។
* កងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានសហការជាមួយជំនាញជលផលខេត្តនឹងធ្វើការបង្ក្រាបការនេសាទខុសច្បាប់ នៅក្នុងរដូវបិទនេសាទនេះ នៅគ្រប់ទីកន្លែងនៅក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
* សំណូមពរប្រជានេសាទ សហគមន៍នេសាទមេត្តាចូលរួមការពារធនធានធម្មជាតិ ពិសេសសូមកុំនេសាទត្រី នៅរដូវត្រីពង៕