(តាកែវ)៖ លោក តាន់ សុផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរពាក់ព័ន្ធខេត្តតាកែវ នាព្រឹកថ្ងៃទី១០ ខែ កក្កដា ឆ្នាំ ២០១៩នេះ បានអញ្ជើញចុះផ្សព្វផ្សាយតំបន់ផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិក នៅភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ ។
ថ្លែងក្នុងពិធីនោះ លោក តាន់ សុផាន់ណារ៉ា បានឲ្យដឹងថា ចំពោះតំបន់ដែលចុះមកធ្វើការប្រកាសថា មានផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ គឺបានហាម ឃាត់រាល់ការចរាចរណ៍ នៅសាច់ជ្រូក ក៏ដូចជាធ្វើការបំផ្លាស់ទីសត្វជ្រូក ចេញពីតំបន់នេះ ក្នុងរង្វង់ ១០គីឡូម៉ែត្រ ទៅកាន់តំបន់ផ្សេងទៀត ជៀសវៀងការរីករាលដាល ដូចជាឆ្លងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ ទៅកាន់តំបន់ផ្សេងៗ។
លោកអគ្គនាយក បាន បន្តថា ប្រសិនបើបងប្អូនប្រជាពលរដ្ឋ មានបំណងចង់ចិញ្ចឹមសត្វជ្រូកឡើងវិញ គឺសូមមេត្តារង់ចាំរហូតដល់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ចេញសេចក្ដីប្រកាសឲ្យចរាចរឡើងវិញ នូវសាច់ជ្រូក ក៏ដូចជាសត្វជ្រូក ចេញពីតំបន់ដែលធ្លាប់បានប្រកាសថា មានផ្ទុះជំងឺប៉េសជ្រូកអាហ្វ្រិកនេះ។
នៅក្នុងឱកាសនោះ លោក តាន់ ផាន់ណារ៉ា ក៏បាន ជំរុញឲ្យមន្ត្រីមូលដ្ឋាន ធ្វើការតាមដាន និងពិនិត្យឲ្យបានច្បាស់លាស់ នឹងត្រូវធ្វើការបាញ់ថ្នាំ សម្លាប់ប្រភេទមេរោគប៉េស្តជ្រូកអាហ្វ្រិកនេះ ឲ្យបានទៀងទាត់ ដល់ផ្ទះបងប្អូនប្រជាពលរដ្ឋ នៅមូលដ្ឋានភូមិអំពិល ឃុំពន្លៃ ស្រុកអង្គរបូរី ខេត្តតាកែវ។
សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានឆ្លងពីប្រទេសវៀតណាម រាលដាលដល់ខេត្តចំនួន៤របស់កម្ពុជា គឺខេត្តរតនគិរី ត្បូងឃ្មុំ ស្វាយរៀង និងខេត្តតាកែវ។
ជំងឺប៉េស្តជ្រូកអាហ្វ្រិកនេះ មិនឆ្លងដល់មនុស្សឡើយ ប៉ុន្តែជំងឺនេះ ជាជំងឺកាចសាហាវ និងឆ្លងរាលដាលខ្លាំងពីតំបន់មួយទៅតំបន់មួយ ដែលបណ្តាលឲ្យជ្រូកឈឺ និងងាប់មានអត្រាខ្ពស់រហូតដល់១០០ភាគរយ ដែលអាចបណ្តាលឱ្យមានការខាតបង់ខ្ពស់ដល់អ្នកចិញ្ចឹមជ្រូក៕