(ព្រះសីហនុ)៖ កម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ បានសហការជាមួយកម្លាំងអធិការ នគរបាលស្រុកព្រៃនប់ កម្លាំងនៃការិយាល័យស៊ើបការមូលដ្ឋានសមុទ្ររាម កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម និងលោកមេភូមិអុង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់ ពាក់ព័ន្ធករណីលួចកាច់សោករម៉ូតូ និងករណីគ្រឿងញៀន នៅចំណុចផ្ទះ ក្នុងក្រុមទី៤ ភូមិអុង ឃុំរាម ស្រុកព្រៃនប់ នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។

បើតាមរបាយការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានឲ្យដឹងថា ជនសង្ស័យទាំង៣នាក់ ខាងលើនេះ រួមមាន៖

ទី១៖ ឈ្មោះ ហើយ អីសារ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅឃុំអណ្តូងថ្ម ស្រុកព្រៃនប់។
ទី២៖ ឈ្មោះ ផល សុភឿន ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ១ សង្កាត់១ ក្រុងព្រះសីហនុ។
ទី៣៖ ឈ្មោះ ស៊ាង ហៃ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ (ផ្ទះដែលសមត្ថកិច្ចឃាត់ខ្លួន) មានទីតាំងដូចខាងលើ។

ក្នុងនោះ ដកហូតបានវត្ថុតាង៖ ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន១២កញ្ចប់ (១កញ្ចប់ធំ, ១១កញ្ចប់តូច), ទូរស័ព្ទដៃចំនួន១គ្រឿង ម៉ាក OPPO ពណ៌ខ្មៅ, អាវុធវែង (កែច្នៃ) ចំនួន១ដើម, ម៉ូតូចំនួន២គ្រឿង (ម៉ាក Scoopy និងម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ ២០១១), គ្រឿងបន្លាស់ និងសម្ភារសម្រាប់ជួសជុលម៉ូតូមួយចំនួន, តួម៉ូតូចំនួន២ (តួឆាលី និងតួអ៊ឹមអេសអ៊ិច)។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងជំនាញ កំពុងបំពេញបែបបទតាមនីតិវិធី បញ្ជូនទៅសាលាដំបូងខេត្ត៕