(បាត់ដំបង)៖ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ សមាគមអតីយុទ្ធជនកម្ពុជាខេត្តបាត់ដំបង ដឹកនាំដោយលោក ងួន រតនៈ អភិបាលខេត្ត និងជាប្រធានកិត្តិយសសមាគម
អតីយុទ្ធជនកម្ពុជាខេត្ត និងលោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច មេបញ្ជាការតំបន់ប្រតិបត្តិការសឹងរងបាត់ដំបង និងជាប្រធាសមាគម អតីយុទ្ធជនកម្ពុជាខេត្តបានអញ្ជើញប្រគល់ផ្ទះជូនអតីតយុទ្ធជនចំនួន ៤ខ្នង នៅចំណុចភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដោយមានការចូលរួមពីសំណាក់ថ្នាក់នាំសមាគមសមាគមអតីយុទ្ធជនកម្ពុជាស្រុក ឃុំ ថ្នាក់ដឹកនាំមន្រ្តីរាជការ មន្ទីរ អង្គភាព នានាជុំវិញខេត្ត កងកម្លាំង អតីតយុទ្ធជនជាជនពិការ និងជនពិការជាអ្នកខាងមួយចំនួន បានចូលរួមផងដែរ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច បានឲ្យដឹងថា ក្រោមការយកចិត្តទុកដាក់ និងណែនាំជាប្រចាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគមអតីយុទ្ធជនកម្ពុជា និងទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការគណៈអចិន្ត្រៃយ៍ ស.អ.ក បានណែនាំរួចមក លោកបានឡើងរាយការណ៍ស្តីអំពី សកម្មភាពការងាររបស់សមាគមអតីតយុទ្ធកម្ពុជាខេត្តបាត់ដំបង នៅនឹងកន្លែងកន្លងមក ដោយបានយកចិត្តទុកដាក់បំផុតធ្វើការស្រាវជ្រាវស្វែងរកអតីតយុទ្ធជនដែលនៅសេសសល់ ឬប្តូរទីលំនៅទៅនៅឆ្ងាយ និងបានបម្រើពួកគាត់ជាអតីតយុទ្ធជន បានទទួលលទ្ធផលល្អ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ឃ្នួច បានបញ្ជាក់ថា តាំងពីថ្នាក់លើបានបង្កើតសមាគមមកទល់បច្ចុប្បន្ន នៅខេត្តបាត់ដំបង កសាងផ្ទះទុកចែកជូនអតីតយុទ្ធក្នុងខេត្តមានចំនួន ១៣៨ខ្នងហើយ សមាគមបានធ្វើការចែកជូនអតីតយុទ្ធជនអស់ចំនួន ១៣៣ខ្នង ក្នុងនោះសមាគមបានប្រគល់ផ្ទះជូនគ្រួសារអតីតយុទ្ធជនថ្ងៃនេះមានចំនួន៤ ខ្នងទៀត ស្ថិតនៅភូមិស្វាយជួរ ឃុំអណ្តើកហែប ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង។
ដោយឡែក អតីតយុទ្ធជនរស់នៅក្បែរខាង ដែលបានចូលរួមអបអរសាទរមួយចំនួនក្នុងម្នាក់ៗ ទទួលបានថវិកាចំនួន៥រៀល និងសារុង ០១ ជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ ប៊ុន រ៉ានី ហ៊ុនសែន។
លោក ងួន រតនៈ បានថ្លែងថា សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែយកចិត្តទុកដាក់គិតគូដល់អតីតយុទ្ធជនជានិច្ច ព្រោះពួកគាត់បានលះបង់កម្លាំងកាយចិត្ត រហូតដល់ពលីជីវិត ពិការដើម្បីបុព្វហេតុជាតិមាតុភូមិ គឺជាកម្លាំងឈានមុខការពារជាតិ និងប្រជាពលរដ្ឋក្នុងសរភូមិក្នុងសង្រ្គាម ដើម្បីឲ្យពលរដ្ខនៅសមរភូមិក្រោយរស់នៅបានសុខសប្បាយ ដូច្នេះអតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេង ចំពោះប្រទេសជាតិ និងប្រជាពលរដ្ឋកម្ពុជាយើងដោយមិនអាចកាត់ថ្លៃបានឡើយ។
នាឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានជូនថវិកាដល់ម្ចាស់ផ្ទះទាំង៤នាក់ ដោយម្នាក់ទទួលបាន២០ម៉ឺនរៀលសម្រាប់ធ្វើពិធីឡើងផ្ទះថ្មី និងជូនថវិកាដល់ជនពិការ ជាអ្នកជិតខាងបានចូលរួមក្នុងម្នាក់ៗ ទទួលបាន៥ម៉ឺនរៀលនិងសារ៉ុង១ផងដែរ៕