(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ គឺជាថ្ងៃទិវាចងចាំនៃការដាក់បញ្ជូលប្រាសាទព្រះវិហារ និងប្រាសាទសំបូរព្រៃគុករបស់កម្ពុជា ជាសម្បត្តិបេតិកភណ្ឌពិភពលោក ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសកំណត់យកថ្ងៃនេះ ជាផ្លូវការជារៀងរាល់ឆ្នាំ។
គិតមកដល់ថ្ងៃនេះ គឺជាខួប១១ឆ្នាំ និង២ឆ្នាំ ការដាក់បញ្ចូលប្រាសាទព្រះវិហារ និងតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។
ប្រាសាទព្រះវិហាររបស់ខ្មែរ ត្រូវបានអង្គការយូណេស្កូសំរេចដាក់បញ្ចូល ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ជាសម្បត្តិរបស់មនុស្សជាតិនាសម័យប្រជុំលើកទី៣២ នៅទីក្រុងកេបិក ប្រទេសកាណាដា ត្រូវនឹងថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០០៨។
ប្រាសាទសំបូរព្រៃគុក ត្រូវបានបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលលើកទី៤១ នៃគណៈកម្មាធិការបេតិកភណ្ឌ ពិភពលោក ដែលប្រារព្ធឡើងនៅពីថ្ងៃទី០២-១២ ខែកក្កដា ឆ្នាំ២០១៧ ដែលមាន១៩៣ ប្រទេសជាសមាជិក និង២១ប្រទេស ជាគណៈកម្មាធិការអចិន្ត្រៃយ៍ បានសម្រេចអនុម័តបញ្ចូល «ប្រាសាទសំបូរព្រៃគុក» ជាសម្បត្តិបេតិកភណ្ឌពិភពលោក នាវេលាម៉ោង៩៖៤០នាទី (ម៉ោងនៅកម្ពុជា) យប់ថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៧ នៅទីក្រុង Cracovie ប្រទេសប៉ូឡូញ។
* ប្រវត្តិប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារ (Prasat Preah Vihear) ស្ថិតក្នុងភូមិស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅលើខ្នងភ្នំដងរែក (៨០០ គុណនឹង ៤០០ ម៉ែត្រការ៉េ)។ ដងភ្នំនេះមានលក្ខណៈចោទខ្លាំងពីខាងប្រទេសកម្ពុជា និងជម្រាលពីខាងប្រទេសថៃ។ ប្រាសាទព្រះវិហារមានចម្ងាយ៤០៥គីទ្បូមែត្រ ពីទីក្រុងភ្នំពេញ តែបើគេធ្វើដំណើរចេញពីទីរួមខេត្តព្រះវិហារវិញ វាមានចម្ងាយត្រឹមតែ១០៨គីឡូម៉ែត្រប៉ុណ្ណោះ ដោយធ្វើដំណើរតាមផ្លូវលេខ២១១ ទៅកាន់ស្រុកជាំក្សាន្ត។ នៅឯភ្នំដងរែកនោះមានជណ្ដើរមួយ ដែលអាចឲ្យគេឡើងទៅដល់កំពូលភ្នំ ដែលជាទីតាំងរបស់ប្រាសាទព្រះវិហារស្ថិតនៅ។
ប្រាសាទព្រះវិហារគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលមានឈ្មោះថា សេការីស្វារៈ មានន័យថា អំណាចនៃភ្នំ ហើយត្រូវបានសាងសង់ឡើងនៅក្នុងអំឡុងចុងសតវត្សទី៩ និងដើមសតវត្សទី១០ ដោយព្រះមហាក្សត្រ៤អង្គព្រះនាម៖ ព្រះបាទយសោវរ្ម័នទី១ (សាងសង់ក្នុងគ.ស ៨៨៩-៩១០) ព្រះបាទសូរ្យវរ្ម័នទី១(សាងសង់ក្នុងគ.ស ១០០២-១០៥០) ព្រះបាទសូរ្យវរ្ម័នទី២ (សាងសង់ក្នុងគ.ស ១១១៣-១១៥០) និងព្រះបាទជ័យវរ្ម័នទី៦ (សាងសង់ក្នុងគ.ស ១០៨០-១១០៩)។ ប្រាសាទព្រះវិហារបានប្រគល់ឲ្យប្រទេសថៃ ដោយពួកអាណានិគមបារាំងនៅក្នុងឆ្នាំ១៩៥៤ តែត្រូវទាមទារបានមកវិញ ដោយការកាត់សេចក្ដីពីតុលាការអន្តរជាតិក្រុងទ្បាអេ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ក្រោមព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រខ្មែរ។
ថៃ្ងទី១៥ ខែមិថុនា ឆ្នាំ១៩៦២៖ ប្រាសាទព្រះវិហារត្រូវបានសាលក្រមតុលាការអន្តរជាតិក្រុងទ្បាអេ សម្រេចឲ្យភាគីកម្ពុជាជាអ្នកឈ្នះក្ដី រវាងវិវាទកម្ពុជា-ថៃលើប្រាសាទព្រះវិហារ។
ថៃ្ងទី៧ ខែកក្កដា ឆ្នាំ២០០៨៖ អង្គការ UNESCO បានសម្រេចដាក់ប្រាសាទព្រះវិហាររបស់កម្ពុជា ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ក្នុងសម័យប្រជុំលើកទី៣២ នៅក្នុងទីក្រុងកេបិក ប្រទេសកាណាដា។
តាមការស្រាវជ្រាវពីឯកសារប្រវត្តិសាស្រ្តខ្មែរជាច្រើន បានឲ្យដឹងថា ប្រាសាទព្រះវិហារត្រូវបានស្ថាបនាឡើងពីថ្ម ចាប់តាំងពីរជ្ជកាលព្រះបាទសុរិយវរ្ម័នទី១ ។ ព្រះបាទ សុរិយវរ្ម័នទី១ សោយរាជ្យ នៅពាក់កណ្តាលទីមួយនៃសតវត្សរ៍ទី១១ ។ ទីតាំងធ្វើប្រាសាទ ដែលស្ថិតនៅលើទីខ្ពស់ជាងគេ នោះមានកំពស់ ៦២៥ម៉ែត្រ (ឯកសារបារាំង) រឺ៦១៥ម៉ែត្រ (ឯកសារអង់គ្លេស) ។
ប្រវត្តិនៃការកសាងប្រាសាទព្រះវិហារ មាននៅលើសិលាចារឹកខ្មែរ នៅឯប្រាសាទបាពួន ក្នុងខេត្តសៀមរាប គឺកាលេខ ៥៨៣ ៖ «អ្នកដែលសរសេរសិលាចារឹកហ្នឹង ឈ្មោះហរិ វាហៈ នៅក្នុងរជ្ជកាលព្រះបាទ រាជិន្រ្ទវរ័ន្ម គ្រិស្តសករាជ ៩៤៤ ដល់ ៩៦៨ ។ គេសរសេរជាភាសាសំស្រ្កឹត និងជាភាសាខ្មែរ។ គេសរសេរថា មានព្រះអង្គម្ចាស់មួយអង្គព្រះនាម ឥន្រ្ទាយុទ្ធ លោកបានយកលិង្គមួយ ឈ្មោះ ស្រីសិខៈ រិស្វារៈ មកតាំងមកប្រតិស្ឋនៅទីនេះគឺប្រាសាទព្រះវិហារនេះឯង ។ គេសរសេរថា ព្រះអង្គលោកខ្លាំងពូកែខ្លាំងណាស់។ លោកមានមហិទ្ធឫទ្ធិ ទៅច្បាំងជាមួយនឹងស្តេចចាម ហើយចាប់ស្តេចចាមនោះបានទៀត។ ចំពោះសេចក្តីសិលាចារឹកនេះ អ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រគិតថា មិនមានសិលាចារឹកឯណាទៀត និយាយពីចម្បាំងទៅចាប់ស្តេចចាមនោះទេ ក៏ប៉ុន្តែស្តេចដែលលោកចាប់បាននោះ ប្រហែលជាមិនមែនជាស្តេចចាម ដែលត្រួតប្រទេសចាមទាំងមូលនោះទេ។ ប្រហែលជាស្តេចអង្គតូចមួយ ដែលត្រួតនៅនគរមួយ ដែលមានព្រំប្រទល់នៅជាប់នឹងប្រទេសខ្មែរ។
* ប្រវត្តិប្រាសាទសំបូរព្រៃគុក
ប្រាសាទសំបូរព្រៃគុក ស្ថិតនៅក្នុងស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ភាគកណ្ដាលនៃប្រទេសកម្ពុជា ដែលមានចម្ងាយជាង២០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ប្រាសាទសំបូរព្រៃគុក បានកសាងទ្បើងដោយព្រះបាទឥសានវរ្ម័នទី១ ក្នុងស.វ.ទី៧ នៃគ.ស. បើតាមសិលាចារឹក ជាភាសាសំស្រ្ដឹក និងភាសាខ្មែរ រាជធានីនេះ មានឈ្មោះថា «ឥសានបុរ» ជានាមរបស់ព្រះអង្គផ្ទាល់។ អ្វីដែលសំខាន់នោះ ក្នុងរជ្ជកាលព្រះអង្គ ចំពោះការគ្រប់គ្រង គឺផ្អែកតាមនយោបាយ និងសាសនា ដោយហេតុនេះបានជាក្នុងរាជ្យព្រះអង្គ មានការកសាងប្រាសាទយ៉ាងច្រើន។
ក្នុងនោះចំពោះការកសាងក៏មានច្រើនដំណាក់កាលផងដែរ បានន័យថា ចាប់ពីស.វ.ទី៧ ដល់ស.វ.ទី១១ ជាបន្ដបន្ទាប់ មានប្រមាណជា៨០ប្រាសាទ។ តែក្នុងចំណោមប្រាសាទនេះ គឺភាគច្រើនបានកសាងក្នុងរាជ្យស្ដេចបីអង្គគឺ៖ ទីមួយ៖ ឥសានវរ្ម័នទី១ ទីពីរ៖ ព្រះបាទមហេន្រ្ទវរ្ម័ន និងទីបី៖ ព្រះបាទភវរ្ម័នទី២ ព្រោះតែហេតុនេះ បានជាប្រាសាទសំបូរព្រៃគុក ត្រូវបានគេចាត់ថ្នាក់ក្នុងរចនាបថ មានដូចជា៖ សំបូរព្រៃគុក ព្រៃក្មេង កំពង់ព្រះ គូលេន និងបាពួន នាស.វ.ទី១១នេះឯង។
ក្នុងចំណោមប្រាសាទទំាងនេះផងដែរ ចំពោះចំណុចពិសេសផ្នែករចនាបថនោះ គឺក្បាច់ផ្កាឈូក ឬត្របកឈូកជាក្បាច់លម្អ មានអត្ថន័យសំខាន់ណាស់ ក្នុងជំនឿខ្មែរ រហូតមកដល់ថ្ងៃនេះគឺ «តំណាងឲ្យភាពស្អាតស្អំ និងបរិសុទ្ធ»។
ស្ថិតក្នុងដំណាក់កាលប្រវត្ដិក្រោយមក ប្រាសាទសំបូរព្រៃគុក នៅឆ្នាំ១៩១១ ត្រូវបានជនជាតិបារំាងលោក ហង់រី ប៉ាតម៉ង់ទីចេ (Henri Parmentier) ជាតំណាងសាលាបារំាងចុងបូព៌ា (EFEO) លោក បានធ្វើការសិក្សាលម្អិត និងបានបែងចែកប្រាសាទសំបូរព្រៃគុកនេះ ជាបីក្រុម៖ ១៖ ក្រុមប្រាសាទសំបូរ (ក្រុមខាងជើង) ប្រហែលជាប្រាសាទសាងចាស់ជាងគេស.វ.ទី៧។ ២៖ ក្រុមប្រាសាទខាងត្បូង និងចុងក្រោយ ក្រុមប្រាសាទតោ (ក្រុមកណ្ដាល)។
ក្នុងសម័យសង្រ្គាមនាទសវត្សរ៍ឆ្នាំ១៩៧០មក ក្រុមប្រាសាទសំបូរព្រៃគុក ក៏ស្ថិតនៅក្នុងភាពឯកកោ និងមានការគំរាមកំហែងពីធម្មជាតិម្ដងទៀត។
បច្ចុប្បន្នប្រាសាទសំបូរព្រៃគុក ស្ថិតក្រោមការដឹកនំាសម្ដេចតេជោ ហ៊ុន សែន បានរះ និងបង្ហាញខ្លួនយ៉ាងខ្ពស់ត្រដែត ក្នុងនាមប្រជាជាតិខ្មែរ ធ្លាប់មានអរិយធម៌ដ៏រុងរឿង និងបានស្រែកប្រាប់ទៅពិភពលោកថា «កម្ពុជាបានសន្ដិភាព» ហើយ៕