(បាត់ដំបង)៖ លោក ហោ សារុន អនុរដ្ឋលេខាធិការក្រសួងទេសចរណ៍ តំណាងលោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលា ស្តីពី «បរិស្ថានគ្មានផ្សែងបារីក្នុងវិស័យទេសចរណ៍» នៅខេត្តបាត់ដំបង នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩។
ក្នុងឱកាសនោះ មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍រូបនេះ បានថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ផលិតផលថ្នាំជក់នៅតែជាបញ្ហាមួយដែលមានផលប៉ះពាល់ដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា»។
លោកថ្លែងបន្តថា តាមការសិក្សារបស់លេខាធិការដ្ឋានក្របខ័ណ្ឌ អនុសញ្ញាស្តីពីការត្រួតពិនិត្យថ្នាំជក់ Framework Convention on Tobacco Control- FCTC នៃអង្គការសុខភាពពិភពលោក បានឲ្យដឹងថា អត្រាស្លាប់របស់ប្រជាពលរដ្ឋកម្ពុជា មានប្រមាណ១៥.០០០នាក់ជារៀងរាល់ឆ្នាំ ដោយសារជំងឺនានាទាក់ទងនឹងថ្នាំជក់ ដែលក្នុងនោះ៣៣% ស្ថិតនៅក្នុងចំណោមអ្នកដែល មានប្រាក់ចំណូលទាប។
ជាក់ស្តែងក្នុងឆ្នាំ២០១៦ កន្លងទៅនេះ ការប្រើប្រាស់ថ្នាំជក់ បណ្តាលឲ្យមានការខាតបង់ផលិតភាពសេដ្ឋកិច្ច ដែលគិតជាប្រាក់ចំណូល មានចំនួនរហូតដល់២,៧ទ្រីលានរៀល ប្រមាណជា៣% នៃផលទុនសរុបក្នុងស្រុក (GDP)។ ដើម្បីចូលរួមអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ របស់រាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាការចូលរួមលើកកម្ពស់ ក្នុងការទប់ស្កាត់នូវផលប៉ះពាល់ដល់សុខភាព និងបរិស្ថាន ដែលកើតឡើងពីផលិតផលថ្នាំជក់ ដែលបច្ចុប្បន្នបរិស្ថានគ្មានផ្សែងបារី «Smoke-Free Environment» ជាបរិបទមួយដែលពិភពលោក ក៏ដូចជាតំបន់បាន និងកំពុងយកចិត្តទុកដាក់ខ្ពស់ ក្នុងការត្រួតពិនិត្យផលិតផលថ្នាំជក់ ដែលអាចធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋ ទូទាំងពិភពលោក។
លោក ហោ សារុន ថ្លែងទៀតថា ការរៀបចំសិក្ខាសាលានេះឡើង ដើម្បីជំរុញផ្សព្វផ្សាយការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ពិសេសសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជា ក្នុងគោលបំណងការពារសុខមាលភាពរបស់ប្រជាជន ការពារ និងទប់ស្កាត់ការរងផ្សែង ផលិតផលថ្នាំជក់ ដែលបង្កឲ្យមានហានិភ័យសុខភាព ដល់អ្នកនៅជុំវិញនឹងបរិស្ថាន និងកាត់បន្ថយផលប៉ះពាល់ ដល់សុខភាពសេដ្ឋកិច្ចសង្គម និងបរិស្ថាន ដែលបណ្តាលមកពីផលិតផលថ្នាំជក់។
លោកបញ្ជាក់បន្តថា «បើខ្ញុំនៅចាំសិក្ខាសាលាថ្ងៃនេះ គឺជាសិក្ខាសាលាលើកទី២នៅខេត្តបាត់ដំបង ដែលសិក្ខាសាលាលើកទី១ បានធ្វើនៅក្នុងខែមិថុនា ឆ្នាំ២០១៨កន្លងទៅ។ ខ្ញុំសូមឆ្លៀតឱកាសនេះ ជម្រាបជូនអង្គសិក្ខាសាលាទាំងមូលមេត្តាជ្រាបថា វិធានការចម្បងពីរ ដែលគណៈកម្មការបរិស្ថាន គ្មានផ្សែងបារីប្រកាន់យកគឺ៖ វិធានការអប់រំ និងវិធានការរដ្ឋបាល។ បច្ចុប្បន្នយើងបាននិងកំពុងអនុវត្តនូវវិធានការទី១ គឺ វិធានការអប់រំ ដោយបានរៀបចំជាសិក្ខាសាលា បណ្តុះបណ្តាល ប្រជុំ ផ្សព្វផ្សាយ ប៉ាណូ និងរៀបចំបោះសំភារៈផ្សព្វផ្សាយ និងណែនាំឲ្យម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទាំងអស់ យកចិត្តទុកដាក់គោរពអនុវត្តតាមច្បាប់ស្តីពី ការគ្រប់គ្រងផលិតផលថ្នាំជក់ ដែលបានដាក់ឲ្យប្រើប្រាស់ តាំងពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៥ មកម្ល៉េះ។ ក្រោមយន្តការនៃច្បាប់នេះ យើងមានអនុក្រឹត្យ ស្តីពីការបោះពុម្ពសារព្រមានជាភាសាខ្មែរ និងជារូបភាពលើកញ្ចប់ផលិតផលថ្នាំជក់, អនុក្រឹត្យស្តីពី វិធានការហាមការជក់ ឬការបង្ហុយផ្សែងផលិតផលថ្នាំជក់ នៅកន្លែងធ្វើការ ឬកន្លែងសាធារណៈ ព្រមទាំងប្រកាសផ្សេងៗថែមទៀត»។
ក្រសួងទេសចរណ៍ ក៏បានរៀបចំសៀវភៅណែនាំស្តីពីបរិស្ថាន គ្មានផ្សែងបារីដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ទូទាំងព្រះរាជាណាចក្រកម្ពុជាលេខ ០០៧សណន ចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០១៦ ចែកជូនដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ឲ្យបានជ្រួតជ្រាប និងយល់ដឹងគោរពទៅតាមការណែនាំនេះឲ្យបានល្អប្រសើរផងដែរ។ វិធានការទី២ ដែលនឹងត្រូវអនុវត្តបន្តជាវិធានការរដ្ឋបាល គឺការផាកពិន័យចំពោះបុគ្គល អ្នកជក់នៅទីកន្លែងហាមឃាត់ ម្ចាស់អាជីវកម្ម ដែលអនុញ្ញាតឲ្យគេជក់នៅទីតាំងរបស់ខ្លួន ការតាំងលក់ផលិតផលថ្នាំជក់ខុសពីការកំណត់ និងផាកពិន័យរហូតដល់ក្រុមហ៊ុនបារី ដែលនាំនិងលក់ផលិតផលថ្នាំជក់ គ្មានសារព្រមានជារូបភាព ផ្សាយពាណិជ្ជកម្មបារីខុសច្បាប់....។ ការផាកពិន័យអន្តរការណ៍ នឹងធ្វើតាមប្រកាសអន្តរក្រសួង រវាងក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដោយក្រុមអធិការកិច្ចក្រសួងសុខាភិបាលផងដែរ។
មន្ត្រីជាន់ខ្ពស់ក្រសួងទេសចរណ៍ ថ្លែងបន្ថែមថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កម្ពុជាមានសុខសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះវិស័យទេសចរណ៍មានការរីកចម្រើនគួរជាទីមោទនៈ។ វិស័យទេសចរណ៍នៅកម្ពុជា ត្រូវបានចាត់ទុកជាវិស័យអាទិភាពមួយ ដើរតួនាទីជា «មាសបៃតង» រួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បង្កើតឱកាសមុខរបរ ការបង្កើត និងបង្កើនឱកាសការងារ ការបង្កើនប្រាក់ចំណូល លើកកម្ពស់ជីវភាពរស់នៅរបស់ពលរដ្ឋ រួមចំណែកយ៉ាងសកម្ម ក្នុងការអភិរក្សបេតិកភ័ណ្ឌវប្បធម៌ និងធនធានធម្មជាតិ ជាពិសេសរួមចំណែកកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋសហគមន៍មូលដ្ឋាន។
ជាយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល គឺប្រែក្លាយកម្ពុជាគោលដៅទេសចរណ៍ ស្អាត និងបៃតង Clean and Green Tourist Destination ផ្តល់សេវាប្រកបដោយគុណភាព និងភាពកក់ក្តៅដល់ភ្ញៀវទេសចរ។ ក្រៅពីសក្តានុពលនៃទេសចរណ៍វប្បធម៌ នៅតំបន់សៀមរាបអង្គរ និងតំបន់ជុំវិញរាជធានីភ្នំពេញ និងតំបន់ជុំវិញ កម្ពុជាមានតំបន់ឆ្នេរសមុទ្រដ៏ស្រស់ស្អាត ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រ ដែលស្អាតជាងគេលើពិភពលោកផងដែរ។
ឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិប្រមាណ ៦,២ លាននាក់ ក្នុងកំណើន១១% ក្នុងនោះមកតាមជើងអាកាសមានចំនួន១.៦៧៦.០៥៨នាក់ ស្មើនឹង៦៩,៤% នៃចំនួនភ្ញៀវសរុប តាមផ្លូវគោក និងផ្លូវទឹកមានចំនួន៧៣៩.៤៥១នាក់ ស្មើនឹង៣០,៦%នៃចំនួនភ្ញៀវសរុប។ ក្នុងរយៈពេល០៤ខែ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិចំនួន ២,៤លាននាក់ កើន១១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៨ ហើយជាចក្ខុវិស័យនៅឆ្នាំ២០២០ កម្ពុជារំពឹងនឹងទទួលបានទេសចរអន្តរជាតិ ប្រមាណជាង ៧លាននាក់ ដែលនឹងបង្កើតចំណូលជូនជាតិ ប្រមាណ៥ពាន់លានដុល្លារអាមេរិក និងបង្កើតការងារដោយផ្ទាល់ប្រមាណជិត១លាននាក់។
កម្ពុជាក៏ជាប្រទេសមួយ ដែលទទួលរងគ្រោះដោយផលិតផលថ្នាំជក់ផងដែរ ព្រមទាំងជាអ្នកគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែង ក្នុងអនុសញ្ញាត្រួតពិនិត្យថ្នាំជក់ របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។ ប្រទេសកម្ពុជា បានផ្តល់សច្ចាប័នចូលជាសមាជិក អនុសញ្ញាស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៥ ក្នុងការគាំទ្រ និងប្តេជ្ញាអនុវត្តតាមគោលការណ៍ណែនាំ ដែលមានចែងក្នុងអនុសញ្ញា របស់អង្គការសុខភាពពិភពលោក ដើម្បីកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ និងរួមចំណែកផលប៉ះពាល់លើសុខភាព បរិស្ថាន និងសេដ្ឋកិច្ច។
លោក ហោ សារុន បញ្ជាក់បន្ថែមថា «ក្នុងនាមក្រសួងទេសចរណ៍ សូមប្តេជ្ញាយ៉ាងមុតមាំបង្កើនកិច្ចសហការជាមួយក្រសួង ស្ថាប័ន និងអាជ្ញាធរពាក់ព័ន្ធ រដ្ឋបាលសាលារាជធានី ខេត្ត យុវជន វិស័យឯកជន អង្គការជាតិ និងអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ដើម្បីជំរុញអនុវត្តច្បាប់ អនុក្រឹត្យ ប្រកាស និងសេចក្តីណែនាំ ដែលពាក់ព័ន្ធនឹងបរិស្ថាន គ្មានផ្សែងបារីបានដោយជោគជ័យ។ ខ្ញុំសូមអំពាវនាវដល់ថ្នាក់ដឹកនាំខេត្ត ស្រុក/ក្រុង ឃុំ/សង្កាត់ មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្នុងខេត្តបាត់ដំបង យុវជន ផ្នែកឯកជននៃវិស័យទេសចរណ៍ អង្គការជាតិ និងអន្តរជាតិ ដៃគូអភិវឌ្ឍន៍ ភ្ញៀវជាតិ និងអន្តរជាតិចូលរួមអនុវត្តសេចក្តីណែនាំ ស្តីពីបរិស្ថានគ្មានផ្សែងបារី ដល់ម្ចាស់មូលដ្ឋានអាជីវកម្ម សេវាកម្មទេសចរណ៍ ទូទាំងព្រះរាជាណាចក្រកម្ពុជានេះ ឲ្យបានជោគជ័យ និងកាន់តែមានប្រសិទ្ធភាព ព្រមទាំងប្តេជ្ញាជំរុញទីក្រុងបាត់ដំបង ជាទីក្រុងគ្មានផ្សែងបារី Battambang smoke-free city នៅដំណាច់ឆ្នាំ២០២០ ខាងមុខនេះ»៕