(កំពង់ចាម)៖ ឆ្លើយតបទៅនឹងការសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរខេត្តកំពង់ចាម នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី គន់ គីម ទទួលបន្ទុកបេសកកម្មពិសេសជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងលោក អ៊ុន ចាន់ដារ អភិបាលខេត្តកំពង់ចាម បានធ្វើដំណើរអញ្ជើញចុះពិនិត្យមើលករណីបាក់ច្រាំងទន្លេ ក្នុងភូមិសាស្ត្រភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ឃុំពាមកោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដើម្បីរកវិធីទប់ស្កាត់កុំឱ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្របាក់ស្រុត។
បើតាមអាជ្ញាធរខេត្តកំពង់ចាម បានឱ្យដឹងថា កាលពីរដូវទឹកសម្រកទន្លេមេគង្គឆ្នាំ២០១៨ កន្លងទៅ ចាំងទន្លេនៅភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ក្នុងឃុំកោះស្លា ស្រុកស្ទឹងត្រង់ខេត្ត ជាពិសេសនៅចំណុចមុខសាលាបឋមសិក្សាព្រះអណ្តូងទទួលរងនូវការបាក់ស្រុតជាបន្តបន្ទាប់ ដែលបណ្តាលឱ្យផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ ប្រឈមនឹងការបាក់ស្រុត ដែលអាចនាំឱ្យកាត់ផ្តាច់ចរាចរណ៍ពីស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ទៅស្រុកព្រែកប្រសព្វ ខេត្តក្រចេះ ហើយដោយសាររដ្ឋបាលខេត្តពុំមានបច្ចេកទេស និងថវិកាគ្រប់គ្រាន់ ក្នុងការសិក្សាលក្ខណៈបច្ចេកទេស ដើម្បីបញ្ចៀសការបាក់ស្រុតច្រាំងទន្លេ ដែលនឹងឈានដល់ការកាត់ផ្តាច់ចរាចរណ៍នៅត្រង់ចំណុចខាងលើពិសេសនៅមុនរដូវទឹកឡើង ឆ្នាំ២០១៩នេះ អាជ្ញាធរខេត្តបានសុំកិច្ចអន្តរាគមន៍ដល់ក្រសួងធនធានទឹក និងឧតុនិយម ក្នុងការចុះសិក្សាលក្ខណៈបច្ចេកទេស ដើម្បីទប់ស្កាត់ការបាក់ស្រុត ផ្លូវខេត្តលេខ២២៣ នៅត្រង់ចំណុចប៉ះពាល់ ខាងលើឱ្យបានទាន់ពេលវេលា។
ក្នុងឱកាស នៃការអញ្ជើញចុះពនិត្យច្រាំងទន្លេបាក់ ក្នុងភូមិសាស្ត្រភូមិព្រះអណ្តូង ឃុំព្រះអណ្តូង និងភូមិពាម ឃុំពាម កោះស្លា ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនេះ ទេសរដ្ឋមន្ត្រី គន់ គីម បានអំពាវនាវដល់ពលរដ្ឋប្រមាណ ១៣០គ្រួសារ ដែលទទួលរងនូវផលប៉ះពាល់ពីការបាក់ច្រាំងទន្លេឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាពិសេសនៅពេលទឹកឡើង ក្នុងពេលណាមួយនោះ ខណៈដែលបច្ចុប្បន្ននេះច្រាំងទន្លេ នៅទីនោះបានបាក់ចាប់ពី១០ ទៅ៣០ម៉ែត្រ រួចមកហើយនោះ។
ដូច្នេះ ដើម្បីសិក្សាពីបញ្ហាខ្វះខាត រហូតឈានទៅទប់ស្កាត់នោះ ទើបទេសរដ្ឋមន្ត្រី គន់ គីម អញ្ជើញចុះមកពិនិត្យមើលដោយផ្ទាល់នាពេលនេះ គឺដើម្បីរកវិធីទប់ស្កាត់កុំឱ្យ ផ្លូវខេត្តលេខ២២៣ ប្រវែង៣០០ម៉ែត្រ បាក់ស្រុតបាន៕