(ភ្នំពេញ)៖ ក្រុមហ៊ុនកម្ពុជាតេលា ខូ អិល ធី ឌី ដែលជាក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈ និងឧស្ម័ន ធំជាងគេមួយក្នុងប្រទេសកម្ពុជា បានធ្វើការបន្ថែមឡានដឹកជញ្ជូនប្រេងចំនួន ១០០គ្រឿងបន្ថែមទៀត លើឡានដឹកជញ្ជូនប្រេងដែលមានស្រាប់ចំនួន៥០០គ្រឿង ដើម្បីបង្កើនសេវា ដឹកជញ្ជូនប្រេង ជូនដល់អតិថិជនឱ្យបានទាន់ពេលវេលា និងគ្រប់តម្រូវការរបស់អតិថិជន។
លោកឧកញ៉ា ឈុន អូន អគ្គនាយកក្រុមហ៊ុនកម្ពុជាតេលា បានថ្លែងថា ជាមួយគ្នានឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំថេរ ពី ៦% ទៅ ៧% នៅក្នុងប្រទេសកម្ពុជាតម្រូវការប្រេងឥន្ធនៈ កំពុងមានការកើនឡើងយ៉ាងឆាប់រហ័សក្នុងអត្រាមួយគួរឱ្យកត់សម្គាល់ ហើយវាជាមូលហេតុ ដែលនាំយើងបង្កើនទំហំសេវាកម្មដឹកជញ្ជូនប្រេង ផ្គត់ផ្គង់អតិថិជន ចំនួន ២០%បន្ថែមទៀតនៅក្នុងឆ្នាំនេះផងដែរ។
លោកឧកញ៉ា ឈុន អូន បានបន្ថែមទៀតថា ឡានដឹកជញ្ជូនដែលទើបនឹងបន្ថែមថ្មីចំនួន ១០០គ្រឿង មានទំហំផ្ទុកប្រេងដល់ទៅ ៣២,០០០លីត្រក្នុងមួយឡាន គឺជាផ្នែកមួយនៃគំរោងវិនិយោគ និងការពង្រីកខ្លួនដ៏ខ្លាំងក្លារបស់ក្រុមហ៊ុនកម្ពុជាតេលា ដើម្បីក្លាយខ្លួនទៅជាក្រុមហ៊ុនមួយ ដែលមានប្រៀបជាងគេលើវិស័យប្រេងឥន្ធនៈ និងឧស្ម័ន។
លោកឧកញ៉ា ឈុន អូន បានបញ្ជាក់បន្ថែមទៀតថា សព្វថ្ងៃនេះ ប្រភេទឧស្សាហកម្មដែលងាយហើរ និងមានការប្រកួតប្រជែងដូចជា ឧស្សាហកម្មប្រេងឥន្ធនៈ និងហ្គាស គឺមិនអាចពឹងផ្អែកទៅលើកំណើនបែបធម្មជាតិតែមួយមុខ ដើម្បីទទួលបានភាពជោគជ័យនោះទេ ប៉ុន្តែយើងត្រូវប្រើប្រាស់យុទ្ធសាស្រ្តទីផ្សារ ដើម្បីពង្រឹងតម្លៃផ្លាកយីហោ និងផ្លាកយីហោ។
សូមជម្រាបដែរថា នៅក្នុងឱកាសគម្រប់ខួប ២៥ឆ្នាំរបស់ក្រុមហ៊ុនកម្ពុជាតេលា កាលពីខែមករា ឆ្នាំ២០១៩នេះ លោកឧកញ៉ា ឈុន អូន បានធ្វើការបង្ហាញពីចក្ខុវិស័យរបស់លោក ក្នុងការបង្កើនចំណែកទីផ្សាររបស់ក្រុមហ៊ុន ពី៤០%(ភាគរយក្នុងពេលបច្ចុប្បន្ន) ទៅ៦៥% នៅឆ្នាំ២០២៥ តាមរយៈការទទួលបានទីផ្សារអ្នកប្រើប្រាស់នៅកម្ពុជា។ បើយោងទៅតាមប្រសាសន៍របស់លោកឧកញ៉ា ឈុន អូន ដើម្បីសម្រេចបាននូវគោលបំណង និងរក្សាបាននូវភាពជាអ្នកនាំមុខគេ នៃផ្លាកយីហោនៅក្នុងទីផ្សារ ក៏ដូចជាក្រុមហ៊ុន ដែលមានការគ្រប់គ្រងខ្ពស់ គឺកំពុងស្ថិតនៅក្នុងដំណើការនៃការបង្កើតរូបភាពក្រុមហ៊ុន ដ៏រឹងមាំមួយតាមរយៈយុទ្ធសាស្រ្តទីផ្សារដ៏ខ្លាំងក្លាសព្វថ្ងៃនេះ។
សូមបញ្ជាក់ដែរថា ក្រុមហ៊ុនកម្ពុជាតេលា ខូ អិល ធី ឌី គឺជាក្រុមហ៊ុនប្រេងឥន្ធនៈ និងឧស្ម័ន ឈានមុខគេនៅក្នុងប្រទេសកម្ពុជា ដែលបន្តធ្វើការស្វែងរកផលិតផលថាមពល ដែលមានគុណភាពខ្ពស់ និងបំរើជូននូវសេវាកម្មដ៏ល្អឥតខ្ចោះដល់អតិថិជន។ ក្រុមហ៊ុនកម្ពុជាតេលា ត្រូវបានបង្កើតឡើងក្នុងឆ្នាំ១៩៩៥ ដោយលោកឧកញ៉ា ឈុន អូន ដែលជាស្ថាបនិក និងជាអគ្គនាយករបស់ក្រុមហ៊ុន។ ក្រុមហ៊ុនកម្ពុជាតេលា បានបង្កើនទីផ្សារលក់រាយជាង ២,000កន្លែង និងស្ថានីយប្រេងឥន្ធនៈរបស់ក្រុមហ៊ុនទូទាំងប្រទេស៕