(ភ្នំពេញ)៖ ដឹងរឿងការពិតហើយ ចំពោះការមិនអស់ចិត្ត និងងឿយឆ្ងល់យ៉ាងខ្លាំងថា ហេតុអីបានជាទីតាំងសត្តឃាតមាន់ ស្ថិតនៅចំណុចផ្ទះលេខ៤៨៩ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ ដែលជះក្លិនស្អុយធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃ អាចបន្តអាជីវកម្មរាល់ថ្ងៃ ព្រោះខាងការិយាល័យអន្តរវិស័យខណ្ឌ នៅពុំទាន់រៀបចំឯកសារសំណើ ណាមួយមកកាន់នាយករដ្ឋបាលខណ្ឌ ដើម្បីពិនិត្យធ្វើ និងឯកភាពនោះឡើយ បើទោះបីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ចេញសេចក្ដីប្រកាសឲ្យបិទចោលទាំងស្រុង កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ។
លោក សន សោភ័ណ្ឌ នាយករដ្ឋបាលសាលាខណ្ឌឫស្សីកែវ បានអះអាងប្រាប់ភ្នាក់ងារ Fresh News យ៉ាងដូច្នេះថា «មកទល់ពេលនេះយើងនៅពុំទាន់ឃើញ មានឯកសារសំណើរណាមួយ មកដល់ដៃខ្ញុំនៅឡើយទេ ពីខាងការិយាល័យអន្តរវិស័យខណ្ឌ ដើម្បីពិនិត្យក្នុងការឯកភាព និងស្នើសុំទៅតំណាងអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ ក្នុងការចូលរួមសហការចុះត្រួតពិនិត្យ ជាក់ស្ដែងឡើងវិញ ចំពោះទីតាំងសត្តឃាតមាន់ ដែលកំពុងបន្តជីវកម្មធ្វើឲ្យប៉ះពាល់ ដល់សុខភាព និងបន្លឺសំឡេងរំខាន ក្រោយពីមានសេចក្ដីប្រកាសឲ្យបិទចោលទាំងស្រុង ដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនោះទេ»។
លោក សន សោភ័ណ្ឌ បានសង្កត់ធ្ងន់ថា ឲ្យតែមានសំណើរមកពីខាងការិយាល័យអន្តរវិស័យ បញ្ជូនមកដល់ដៃភ្លាម លោកនឹងពិនិត្យ និងឯកភាព ដើម្បីស្នើសុំទៅលោកព្រះរាជអាជ្ញា ក្នុងការចូលរួមជាមួយការិយាល័យជំនាញពាក់ព័ន្ធ ដើម្បីចុះពិនិត្យលើទីតាំងសត្តឃាតមាន់ និងអាចឈានដល់ការបិទចោល ប្រសិនបើរកឃើញថា ពិតជាជះក្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបន្លឺសំឡេងរំខានដល់ប្រជាពលរដ្ឋ។
យ៉ាងណាក៏ដោយ បើគិតត្រឹមថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងដំណើរការអាជីវកម្មឡើងវិញ នៃទីតាំងសត្តឃាតមាន់នេះ ប្រជាពលរដ្ឋស្នើសុំឲ្យលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ជាពិសេសលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មេត្តាជួយអន្តរាគមន៍ ក្នុងបិទអាជីវកម្មសត្តឃាតមាន់នេះផង បន្ទាប់ពីពួកគាត់ទ្រាំពុំបាន ទាំងយប់ទាំងថ្ងៃនេះ កំពុងទទួលរងនូវសម្លេងរំខាន ជះក្លិនស្អុយ ប៉ះពាល់ដល់សុខភាពយ៉ាងធ្ងន់ធ្ងរ ដោយសារម្ចាស់អាជីវកម្មមិនបានរៀបចំឲ្យបានល្អប្រសើរ ទៅតាមលក្ខណៈស្តង់ដាបច្ចេកទេស។
សូមរំលឹកថា ចំពោះទីតាំងសត្តឃាតមាន់ ជះក្លិនស្អុយ ធ្វើឲ្យប៉ះពាល់ដល់សុខភាព និងបន្លឺសំឡេងរំខានទាំងយប់ទាំងថ្ងៃ ខាងលើនេះ ត្រូវបានប្រធានការិយាល័យអន្តរ វិស័យខណ្ឌឫស្សីកែវ និងមន្ត្រីពាក់ព័ន្ធ សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងមន្ទីរបរិស្ថានរាជធានី-ខណ្ឌ ប្រធានបសុពេទ្យសត្វប្រចាំខណ្ឌ បានយកលិខិតរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចុះបិទទីតាំងទាំងស្រុងជាស្ថាពររួចហើយ ដែលមានម្ចាស់ឈ្មោះ សុខ សុគន្ធ ទៅតាមពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋក្បែរខាងជាច្រើនគ្រួសារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៩កន្លងទៅ៕