(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្តព្រៃវែង បានអំពាវនាវដល់កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់រាល់បញ្ហាគ្រឿងញៀន នៅក្នុងខេត្តព្រៃវែងឲ្យបានជាដាច់ខាត។
លោកថ្លែងបែបនេះ នៅសួនច្បារសម្ដេច ជា ស៊ីម នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩ ក្នុងឱកាសលោកដឹកនាំរៀបចំពិធី ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ឆ្នាំ២០១៩ ដែលមានការចូលរួមពីមន្ទីរអង្គភាពនានាជុំវិញខេត្ត កងកម្លាំងទាំងបី សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណ ១,៥១០នាក់។
នៅក្នុងឱកាសនោះដែរ លោក ឌុច គន្ធា អភិបាលរងខេត្ត បានឡើងរាយការណ៍អំពីលទ្ធផលការងាររបស់កងកម្លាំង ប្រយុទ្ធប្រឆាំងគ្រឿងញៀនចុះបង្ក្រាបបាន នៅក្នុងខេត្តព្រៃវែង នាពេលកន្លងមក មានដូចជា៖ បង្ក្រាបបានចំនួន ១១៥ករណី ឃាត់ខ្លួនជនសង្ស័យចំនួន ១៧៣នាក់ ស្រី ១៧នាក់, ក្នុងនោះករណីជួញដូរ ១០១ករណី ឃាត់ខ្លួនបាន ១៣៩នាក់ស្រី ១៦នាក់, ករណីប្រើប្រាស់ ១២ករណី ឃាត់ខ្លួន ៣២នាក់ ស្រី១នាក់ និងបង្ក្រាបតាមដីកា ២ករណី ឃាត់ខ្លួន ២នាក់។
ចាប់យកវត្ថុតាងបានមានថ្នាំញៀនប្រភេទមេតំហ្វេតាមីន( ice) ចំនួន ៤៨៧,៨៣ក្រាម, រថយន្តចំនួន ២ គ្រឿង, ម៉ូតូចំនួន ៣៦ គ្រឿង, ទូរសព្ទដៃជាមួយ ១៣៧ គ្រឿង, ជញ្ជីងថ្លឹងចំនួន៦ គ្រឿង, សម្ភារសម្រាប់ជក់ និងវេចខ្ចប់មួយចំនួនទៀត។ ជនសង្ស័យចំនួន ៤៦ នាក់ស្រី ២នាក់ រួមនិងវត្ថុតាងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែង ដើម្បីចាត់ការតាមផ្លូវច្បាប់។
លោក ជា សុមេធី ក៏បានអាននូវសារលិខិតរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ដាំផ្ញើដល់បងប្អូន យុវជន យុវនារី សិស្សានុសិស្ស ទាំងអស់នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅក្នុងខេត្តព្រៃវែង ត្រូវជៀសឆ្ងាយអំពីបញ្ហាគ្រឿងញៀន ដែលធ្វើឱ្យខូចសុខភាព បាត់បង់កិត្តិយសក្រុមគ្រួសារ និងអនាគត។
លោកក៏បានបន្តទៀតថា ការរៀបចំប្រារព្ធទិវានេះ គឺមានអត្ថន័យជ្រាលជ្រៅ ដែលបណ្ដាលរដ្ឋជាសមាជិកទាំងអស់ នៅលើពិភពលោកតែងតែរៀបចំឡើងជារៀងរាល់ឆ្នាំ ក្រោមប្រធានបទផ្សេងៗគ្នា ដើម្បីធ្វើជាត្រីវិស័យក្នុងការឆ្លើយតប ឲ្យបានសមស្របទៅតាមស្ថានភាពជាក់ស្ដែង នៃបញ្ហាដូចជាដើម្បីបន្តបញ្ញាក់ស្មារតី និងដាស់តឿនក្រើនរំលឹក ដល់យុវជនគ្រប់រូបឲ្យយកចិត្តទុកដាក់ និងចូលរួមកាន់តែសកម្មថែមទៀត ក្នុងការបង្ការទប់ស្កាត់ និងដោះស្រាយរាល់បញ្ហា ដែលកើតដែលមានការពាក់ព័ន្ធនឹងគ្រឿងញៀន។
ការប្រារព្ធពីធីជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ត្រូវបានរៀបចំឡើងក្រោមប្រធានបទ «សុខភាពដើម្បីយុត្តិធម៌ យុត្តិធម៌ដើម្បីសុខភាព» ក្នុងគោលបំណងឆ្លុះបញ្ចាំងឲ្យឃើញ ពីតម្រូវការដ៏ចាំបាច់ និងប្រកបដោយតម្លាភាពនៃការចូលរួម និងគាំទ្រគ្នាទៅវិញទៅមក រវាងផ្នែកអនុវត្តច្បាប់ ផ្នែកសុខភាព និងផ្នែកសង្គមកិច្ច ក្នុងការលើកកម្ពស់ប្រសិទ្ធភាពរួមគ្នា ដោះស្រាយបញ្ហាដ៏ស្មុគស្មាញមួយនេះ។
លោក ជា សុមេធីអំពាវនាវដល់កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវទប់ស្កាត់រាល់បញ្ហាចរាចរគ្រឿងញៀន នៅក្នុងខេត្តព្រៃវែងឲ្យបានជាដាច់ខាត និងអំពាវនាវដល់មាតាបិតា លោកគ្រូលោកគ្រូអ្នកគ្រូ អាណាព្យាបាលទាំងអស់ ត្រូវផ្សព្វផ្សាយណែនាំដល់យុវជន សិស្សានុសិស្សកូនៗ ត្រូវជៀសឲ្យឆ្ងាយពីបញ្ហាគ្រឿងញៀន ដោយមិនយកខ្លួនប្រាណទៅបៀតបៀន និងគ្រឿងញៀនឡើយ ដូចពាក្យស្លោកថា រួមគ្នាលុបបំបាត់គ្រឿងញៀនដើម្បីអនាគតកូនចៅយើង។
លោកក៏ណែនាំដល់មន្ត្រីតាមច្រកព្រំដែននីមួយៗទាំងអស់ ត្រូវពិនិត្រ និងទប់ស្កាត់នូវការនាំចូលជ្រូកពីប្រទេសជិតខាង ដែលនៅជាប់ព្រំប្រទល់គ្នាដើម្បីបង្ការ និងទប់ស្កាត់ នូវការរីករាលដាលនៃជំងឺប៉េស្តជ្រូកអាហ្វ្រិកនោះផងដែរ៕