(ព្រៃវែង)៖ សមត្ថកិច្ចជំនាញ នៃច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានបង្ក្រាបជ្រូកចំនួន ១១ក្បាល ក្រោយប្រទះឃើញម៉ូតូសណ្តោងរឺម៉ក់គ្មានស្លាកលេខ ដែលលួចនាំចូលពីវៀតណាម តាមច្រករបៀងស្រុកព្រះស្ដេច ដោយគ្មានច្បាប់អនុញ្ញាតផងដែរ។
បើតាមការបង្ក្រាបម៉ូតូរឺម៉ក់ដឹកជ្រូករស់នេះ បានធ្វើឡើងកាលពីយប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩កន្លងទៅ ដោយសារតែសមត្ថកិច្ចជំនាញ នៃច្រកអន្តរជាតិបន្ទាយចក្រី ស្រុកព្រះស្តេច ខេត្តព្រៃវែង បានចុះពិនិត្យតាមព្រំដែនក្បែរចំណុចច្រករបៀងទួលលោកយាយ នៅខាងជើងប៉ុស្តិ៍យាមត្រួតពិនិត្យចំងាយប្រហែល ៨០០ម៉ែត្រ ក៏ប្រទះឃើញម៉ូតូសណ្តោងរឺម៉ក់ ដែលលួចនាំចូលពីវៀតណាម ដែលគ្មានច្បាប់អនុញ្ញាត រួចក៏ធ្វើការបង្រ្កាបតែម្ដង។
លោក អ៊ុក សំណាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តព្រៃវែង បានថ្លែងឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះថា សត្វជ្រូករស់ចំនួន ១១ក្បាល
ត្រូវបានសមត្ថកិច្ចគយ និងរដ្ឋាករច្រកអន្តរជាតិបន្ទាយចក្រី ចុះល្បាតចាប់ឃាត់បានកាលពីយប់មិញ ហើយសត្វជ្រូកទាំងនោះ ក្រុមឈ្មួញលួចនាំចូលតាមច្រករបៀងទួលលោកយាយ ដែលមានទម្ងន់សរុប១,១១៦គីឡូក្រាម មានម្ចាស់ឈ្មោះ ភួង ធី ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិស្វាយទោល ឃុំជៃកំពក ស្រុកព្រះស្តេច ខេត្តព្រៃវែង។
លោក អ៊ុក សំណាង បានបន្តទៀតថា ក្រោយពីឃាត់សួរនាំ ម្ចាស់ជ្រូកបានឆ្លើយថា ជ្រូករស់ទាំងនេះនាំចូលពីវៀតណាម យកទៅលក់នៅផ្សារទ្រាក្នុងឃុំអង្គរាជ ស្រុកព្រះស្តេច ហើយក្រោយពីបានត្រួតពិនិត្យរួចឃើញថា ជ្រូករស់នាំចូលខាងលើនេះ ពុំមានលិខិតអនញ្ញាតឲ្យនាំចូលទេ ដូច្នេះក៏បានសម្រេចធ្វើការឃាត់ទុកជាបណ្តោះអាសន្ននៅការិយាល័យគយ និងរដ្ឋាករបន្ទាយចក្រី តែដោយពុំមានឧបករណ៍ត្រួតពិនិត្យសុខភាពសត្វ ក្រុមមន្ត្រីត្រួតពិនិត្យរួម បានអញ្ជើញមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្តព្រៃវែង និងប្រគល់វត្ថុតាងល្មើសច្បាប់ ដើម្បីត្រួតពិនិត្យសុខភាពបន្តផងដែរ៕