(ភ្នំពេញ)៖ លោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយលោក Alexander Feldman ប្រធានក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន (US-ASEAN Business Council) និងគណៈប្រតិភូមកពីក្រុមហ៊ុនអាមេរិកធំៗចំនួន១២ក្រុមហ៊ុន នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
លោក សុខ ចិន្តាសោភា បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះវត្តមានរបស់គណៈប្រតិភូ ដែលនេះជាលើកទី៨ នៃជំនួបប្រចាំឆ្នាំរវាងគណៈប្រតិភូ ជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ។
លោកបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងសេដ្ឋកិច្ចទ្វេភាគីកម្ពុជា-អាមេរិក ដែលបើទោះបីជាការវិនិយោគរបស់អាមេរិកនៅកម្ពុជា នាពេលកន្លងមកនៅមានកម្រិតនៅទ្បើយ ក្រុមហ៊ុនអាមេរិកបានចូលរួមចំណែក ដោយប្រយោលតាមរយៈការផ្គត់ផ្គង់គ្រឿងម៉ាស៊ីន និងសេវាបច្ចេកទេស -ល-។
លោកក៏បានអបអរសាទរ ដល់ក្រុមហ៊ុនអាមេរិកនានា ដែលបានបង្កើនការលក់នៅកម្ពុជា ខណៈដែលកម្លាំងទិញរបស់ប្រជាពលរដ្ឋកម្ពុជា មានការកើនទ្បើងតាមរយៈការសម្រេចបាន នូវកំណើនសេដ្ឋកិច្ចខ្ពស់នាពេលកន្លងមក។
លោករដ្ឋមន្ត្រីបានជម្រាបគណៈប្រតិភូពីវិធានការមុតស្រួចថ្មីៗ មួយចំនួនក្នុងការធ្វើឲ្យប្រសើរទ្បើង នូវបរិយាកាសធុរកិច្ច និងវិនិយោគ ដែលបានសម្រេចដាក់ចេញដោយសម្តេចតេជោនាយករដ្ឋមន្ត្រី នៅក្នុងឱកាសវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ។
តាមរយៈការសម្រេចនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបបានបញ្ចប់សេចក្តីព្រាងច្បាប់ស្តីពីវិនិយោគ និងច្បាប់ស្តីពីតំបន់សេដ្ឋកិច្ចពិសេស ដែលនឹងអាចផ្តល់នូវការលើកទឹកចិត្ត ដល់សកម្មភាពដែលយកចិត្តទុកដាក់ ដល់សុខុមាលភាពនិយោជិត និងការទទួលខុសត្រូវសង្គម ដែលក្រុមហ៊ុនវិនិយោគអាមេរិកមួយចំនួនបានធ្វើនាពេលកន្លងមក។
ជាការឆ្លើយតបលោក Alexander Feldman ប្រធានគណៈប្រតិភូបានអបអរសាទរ ចំពោះការបញ្ចប់ការតាក់តែង សេចក្តីព្រាងច្បាប់ទាំងពីរខាងលើ និងបានសន្យាថា នឹងជំរុញឲ្យមានគម្រោងវិនិយោគលេចធ្លោរបស់អាមេរិកមកកម្ពុជា។
ទន្ទឹមនឹងនេះ លោកក៏បានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅដល់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងក្រសួង ស្ថាប័នពាក់ព័ន្ធ ដែលជានិច្ចជាកាលតែងតែបានផ្តល់កិច្ចសហការយ៉ាងល្អ និងបានខិតខំប្រឹងប្រែងប្រកប ដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការសម្របសម្រួល និងផ្តល់នូវការឆ្លើយតបជាវិជ្ជមានចំពោះក្ដីកង្វល់ និងសំណូមពរពីភាគីអាមេរិក។
លោក សុខ ចិន្តាសោភា បានសម្តែងនូវការស្វាគមន៍ជាថ្មីម្តងទៀត ចំពោះការវិនិយោគរបស់អាមេរិកមកកម្ពុជា និងបានស្នើឲ្យអ្នកវិនិយោគអាមេរិក ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការចូលរួមចំណែកលើកកម្ពស់ការយល់ដឹង របស់សិស្សនិស្សិតកម្ពុជាអំពីអក្ខរកម្មឌីជីថល៕