(ភ្នំពេញ)៖ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនដំណឹងដល់សាធារណជន ដែលត្រូវបង់ថ្លៃសេវាសាធារណៈ នៅបញ្ជរច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាលថា ក្រសួងនឹងបញ្ឈប់ការទទួលជាសាច់ប្រាក់ ចាប់ពីថ្ងៃទី០១ ខែសីហា ឆ្នាំ២០១៩នេះតទៅ ដោយប្តូរទៅបង់តាមរយៈធនាគារវិញ។
បើតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាល ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សាធារណជនទាំងអស់ ត្រូវបង់ប្រាក់តាមរយៈធនាគារអេស៊ីលីដា ភីអិលស៊ី តាមមធ្យោបាយដូចជា ការទូទាត់តាម QR Code របស់ធនាគារអេស៊ីលីដា នៅច្រកចេញចូលតែមួយរបស់ក្រសួងសុខាភិបាល ឬ ការបង់ប្រាក់នៅបញ្ជររបស់ធនាគារអេស៊ីលីដា។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា សាធារណជន ត្រូវភ្ជាប់ជាមួយនូវវិក្កយបត្របង់ប្រាក់ របស់ក្រសួងសុខាភិបាល រាល់ពេលបង់ប្រាក់នៅបញ្ជរធនាគារ, សាធារណជនទាំងអស់ ត្រូវធ្វើការផ្ទៀងផ្ទាត់ លេខវិក្កយបត្រ បរិមាណទឹកប្រាក់ដែលត្រូវបង់ និងលេខគណនី ដែលចេញដោយក្រសួងសុខាភិបាល ជាមួយនឹងឯកសារដែលចេញដោយធនាគារ នៅពេលបង់ប្រាក់នៅបញ្ជរធនាគារ ហើយរាល់ការបង់ប្រាក់ដែលខុសពីព័ត៌មាន បានបង្ហាញនៅលើវិក្កយបត្របង់ប្រាក់ ជាការទទួលខុសត្រូវរបស់សាធារណជនផ្ទាល់៕