(ភ្នំពេញ)៖ ក្រុមហ៊ុន Toyota Cambodia ជាក្រុមហ៊ុនទទួលបានសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ ផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក Toyota បានរៀបចំកម្មវិធីសម្ពោធរថយន្ដ Toyota Innova ស៊េរីថ្មីឆ្នាំ២០២០ ជាផ្លូវការ នៅក្នុងប្រទេសកម្ពុជា ។

ការសម្ពោធរថយន្ដស៊េរីថ្មីនេះ មានការអញ្ជើញចូលរួមពីលោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន Toyota Cambodia, លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយកក្រុមហ៊ុន Toyota Cambodia ព្រមទាំងភ្ញៀវកិត្ដិយសជាច្រើនទៀត។

លោក ហ៊ីរ៉ូយូគិ អ៊ីតុ បានឲ្យដឹងថា នេះជាមោទនភាពសម្រាប់ក្រុមហ៊ុន Toyota Cambodia ដែលបាននាំយកមកនូវរថយន្ដ Toyota Innova ស៊េរីឆ្នាំ២០២០ ដ៏ថ្មីសន្លាងចូលក្នុងទីផ្សារកម្ពុជា ជាលើកដំបូងស្របពេលដែលសន្ទុះនៃការប្រើប្រាស់យានយន្ដ កំពុងតែមានការកើនឡើងយ៉ាងខ្លាំង និងគួរឲ្យកត់សម្គាល់។

លោកអគ្គនាយកបន្ថែមថា Innova ជារថយន្ដប្រភេទ MPV មាន៧កៅអី ត្រូវបានផលិតឡើង ដោយរោងចក្រតូយ៉ូតា ដោយអភិរឌ្ឍន៍កែច្នៃ និងធ្វើឲ្យប្រសើរឡើងទាំងផ្នែកបច្ចេកវិទ្យា, គុណភាព, សុវត្ថិភាព និងផាសុខភាព ដើម្បីផ្ដល់អ្វីៗថ្មីជូនអតិថិជន។

លោកបន្ដថា រថយន្ដនេះ ពិតជាសក្ដិសមឥតខ្ចោះ ក្នុងការធ្វើដំណើរជាលក្ខណៈគ្រួសារ និងសម្រាប់ប្រភេទស្ថាប័នផ្សេងៗដូចជា៖ ស្ថាប័នរដ្ឋ, សណ្ឋាគារ, ធនាគារ, ស្ថានទូត, ក្រុមហ៊ុនសំណង់, ក្រុមហ៊ុនអចលនទ្រព្យ, ក្រុមហ៊ុនទេសចរណ៍ និងអាកាសចរណ៍ជាដើម។

លោកបញ្ជាក់ថា ភាពប្រណីតភាព និងផាសុខភាពរបស់រថយន្ត Innova នេះ ពិតជាធ្វើឲ្យដំណើរកម្សាន្តលក្ខណៈគ្រួសារសម័យទំនើប ក៏ដូចជាប្រតិបត្តិការអាជីវកម្មនានា របស់លោកអ្នកទទួលបាននូវឧត្តមភាព និងភាពជោគជ័យជាក់ជាមិនខាន។

លក្ខណៈពិសេសសម្រាប់រថយន្ត Innova ទាំងខាងក្នុង និងខាងក្រៅពោពេញដោយភាពច្នៃប្រឌិត, ស៊ីវីល័យ, មានសុវត្ថិភាព និងមានផាសុខភាព ដែលអាចឲ្យអ្នកដំណើរមានភាពងាយស្រួល ក្នុងការធ្វើដំណើរមិថា ផ្លូវជិត ឬធ្វើដំណើរតាមផ្លូវឆ្ងាយនោះឡើយ។

សម្រាប់អតិថិជនដែលចង់ជាវរថយន្ដស៊េរី Toyota Innova ឆ្នាំ២០២០នេះ អាចអញ្ជើញមកទស្សនា ដោយផ្ទាល់នៅសាខាលក់របស់ក្រុមហ៊ុន Toyota Innova ដែលមានទីតាំងដូចជា៖ សាខាទួលសង្កែ, សាខាបាក់ទូក, សាខាទឹកថ្លា, សាខាបឹងកេងកង, សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង៕