(ភ្នំពេញ)៖ កម្លាំងសមត្ថកិច្ចចម្រុះ និងកម្លាំងអន្តរាគមន៍ពិសេស របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ត្រូវបានដាក់ពង្រាយដើម្បីការពារ និងទប់ស្កាត់ មិនឲ្យមានការប្រារព្ធពិធីផ្សេងៗ នៃការបាញ់ស្លាប់ លោក កែម ឡី នៅចំណុចស្ថានីយ៍ប្រេងកាល់តិចស្តុបបូកគោ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៩នេះ បន្ទាប់ពីមានការស្នើសុំពីម្ចាស់ទីតាំង។

ជាមួយការដាក់ពង្រាយកម្លាំងនេះ សមត្ថកិច្ចក៏បានឃាត់ខ្លួនមនុស្ស៣នាក់ផងដែរ ដែលជាអ្នកផ្ដួចផ្ដើមការដឹកនាំ នៃការប្រារព្ធពិធី ដើម្បីយកទៅសួរនាំ នៅអធិការដ្ឋាននគរបាលខណ្ឌចំការមន និងចាត់វិធានការបន្ដ។

បន្ថែមពីនេះ អាជ្ញាធរខណ្ឌចំការមន បានឲ្យដឹងថា ដោយទទួលបានការស្នើសុំពីម្ចាស់ស្ថានីយ៍ប្រេងកាល់តិចស្តុបបូកគោ ដោយស្នើសុំអាជ្ញាធរ ជួយហាមឃាត់ប្រជាជនដែលមកកាន់ទីតាំងស្ថានីយ៍នេះ ដើម្បីធ្វើការអុជទៀនធូប គោរពដល់វិញ្ញាណក្ខន្ធសព លោក កែម ឡី ព្រោះថាកន្លែងពួកគាត់ ត្រូវមកអុជទៀនធូកនេះ ជាទីតាំងឯកជន ពិសេសជាកន្លែងប្រេងសាំង ដែលអាចងាយនឹងរងនូវគ្រោះថ្នាក់អគ្គិភ័យ។

ក្នុងនោះសង្កេតឃើញមាន លោក រ៉ុង ឈុន ក៏បានមកទីតាំងខាងលើដែរ តែត្រូវបានអាជ្ញាធរណែនាំ និងពន្យល់ពីហេតុផលហាមឃាត់ ក៏បានត្រលប់ទៅវិញតាមសម្រួល ហើយយុវជន៣នាក់ដែលបានធ្វើសកម្មភាព ចែកចាយក្រដាស និងមានសរសេរអក្ស័រខ្មែរ «បញ្ឈប់ការសម្លាប់មនុស្សក្រៅប្រព័ន្ធច្បាប់» ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួន។

សូមជម្រាបថា នៅល្ងាចថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩ម្សិលមិញ យុវជន៤នាក់ ដែលពាក់ព័ន្ធនឹងការញុះញង់បង្កចលាចលនៅក្នុងសង្គម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងចំណោមយុវជន៤រូបនោះ មានប្រុស២នាក់ និងស្រី២នាក់ ដែលក្នុងនោះមានម្នាក់ ត្រូវបានគេស្គាល់ថា ជាអ្នកគាំទ្រអតីតគណបក្សប្រឆាំង ដែលធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនដាក់ពន្ធនាគារផងដែរ នោះគឺ យុវជន គង់ រ៉ៃយ៉ា៕