(ភ្នំពេញ)៖ ឧកញ៉ា ទ្រី ភាព អគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុប បានចេញមកច្រានចោលចំពោះព័ត៌មានថា ក្រុមហ៊ុនរបស់លោកហក់ចូលជំនួញឈើជាថ្មី ព្រមទាំងបានព្រមានប្តឹងរាល់បុគ្គលយកឈ្មោះក្រុមហ៊ុនទៅរកស៊ីឈើថែមទៀតផង។
ព័ត៌មានក្នុងស្រុកមួយចំនួនបានចេញផ្សាយថា ក្រុមហ៊ុនរបស់ឧកញ៉ា ទ្រី ភាព បានហក់ចូលជំនួញឈើជាថ្មី បន្ទាប់ពីពួកគេបានឃើញលិខិតមួយច្បាប់ របស់រដ្ឋបាលព្រៃឈើឆ្លូង ខេត្តក្រចេះ អនុញ្ញាតឱ្យឈ្មោះ ហេង សំណាង ដឹកជញ្ជូនឈើអារប្រភេទលេខ១ប្រមាណ ២០០សន្លឹក។ ក្នុងលិខិតអនុញ្ញាតធ្វើឡើងនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា ឈ្មោះ ហេង សំណាង តំណាងឱ្យក្រុមហ៊ុនរបស់ក្រុមហ៊ុន ទ្រី ភាព គ្រុប។
ប្រតិកម្មទៅនឹងការចេញផ្សាយនេះ ឧកញ៉ា ទ្រី ភាព បានថ្លែងបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News ថា «ក្រុមហ៊ុនខ្ញុំមិនមានរកស៊ីឈើទៀតទេ។ តាំងពីខ្ញុំប្រកាសឈប់រកស៊ីឈើប៉ុន្មានឆ្នាំមកនេះ ក្រុមហ៊ុនខ្ញុំមិនមានរកស៊ីឈើទៀតនោះទេ»។
ឧកញ៉ា ទ្រី ភាព ដែលបច្ចុប្បន្នកំពុងវិនិយោគលើវិស័យសំណង់ សណ្ឋាគារ កសិ-ឧស្សាហកម្ម និងតំបន់កម្សាន្តផ្សេងៗនោះ បានព្រមានចាត់វិធានការចំពោះ ជនទាំងឡាយដែលយកឈ្មោះក្រុមហ៊ុនរបស់លោកទៅកាត ដើម្បីធ្វើជំនួញឈើផងដែរ។
ពាក់ព័ន្ធលិខិតដែលចេញដោយរដ្ឋបាលព្រៃឈើឆ្លូងវិញ ឧកញ៉ា ទ្រី ភាព បានបញ្ជាក់ថា នេះគឺជាការដេញថ្លៃទិញឈើពីរដ្ឋបាលព្រៃឈើដែលចាប់ពីបទល្មើសនានា ដើម្បីរយកទៅប្រើប្រាស់នៅតាមសណ្ឋាគារ និងសំណង់ផ្សេងៗតែប៉ុណ្ណោះ។ លោកឧកញ៉ាថែមទាំងបញ្ជាក់ទៀតថា បើចង់ជ្រាបច្បាស់លើរឿងនេះឱ្យទៅ សួរខាងក្រសួងកសិកម្ម ឬរដ្ឋបាលព្រៃឈើ។
សូមបញ្ជាក់ថា ក្រុមហ៊ុនទ្រីភាពគ្រុបរបស់ឧកញ៉ា ទ្រី ភាព កាលពីប៉ុន្មានឆ្នាំមុននេះ ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យប្រមូលទិញឈើនៅទូទាំងប្រទេស ហើយធ្វើការនាំចេញទៅក្រៅប្រទេស។ ប៉ុន្តែចាប់តាំងពីឧកញ៉ា ទ្រី ភាព ប្រកាសឈប់រកស៊ីជំនួញឈើ ក្នុងរយៈពេលជិត១០ឆ្នាំចុងក្រោយក្រុមហ៊ុន បានធ្វើសកម្មជួញដូរទិញលក់ឈើទៀតនោះទេ ហើយក្រុមហ៊ុនបង្វែទៅរកស៊ីលើជំនួញដាំដំណាំកសិ-ឧស្សាហកម្មកៅស៊ូ និងម្រេច ក៏ដូចជាវិស័យសំណង់ សណ្ឋាគារ តំបន់កម្សាន្ត និងប្រេងឥន្ធនៈជាដើម៕