(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការជាតិ ហៅកាត់ថា គ.ជ.ប បានឱ្យដឹងថា ក្នុងរយៈពេល៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី២៨ ខែមិថុនា ដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០១៩ នៅក្រុមប្រឹក្សាឃុំ សង្កាត់ (កបឃ.ស) បានទទួលពាក្យបណ្តឹងចំនួន៦ ទាក់ទងនឹងបញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នក ដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត។

បើយោងតាមសេចក្តីជូនដំណឹងរបស់ គ.ជ.ប ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលនេះ បានឱ្យដឹងថា ពាក្យបណ្តឹងតវ៉ាទាំង៦នេះ ជាបណ្តឹងសុំរក្សាទុកឈ្មោះក្នុងបញ្ជីបោះឆ្នោត រួមមាន៖ ខេត្តកំពង់ឆ្នាំង ទទួលបាន១បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង, ខេត្តកំពង់ស្ពឺ ទទួលបាន៥បណ្តឹង យល់ព្រមតាមពាក្យបណ្តឹង។

តាមប្រតិទិន សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៩ បញ្ជីបោះឆ្នោតដំបូង និងបញ្ជីឈ្មោះអ្នកដែលត្រូវលុបចេញពីបញ្ជីបោះឆ្នោត បានបិទផ្សាយនៅតាមសាលាឃុំ សង្កាត់ និងនៅតាមទីសាធារណៈណាមួយក្នុងឃុំ សង្កាត់ទូទាំងប្រទេស កាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១៩។ ជនណាក៏ដោយមានសិទ្ធិប្តឹងតវ៉ា ឬ/និងប្តឹងជំទាស់ជាលាយលក្ខណ៍អក្សរទៅក្រុមប្រឹក្សាឃុំ សង្កាត់ ក្នុងរយៈពេលយ៉ាងយូរ៥ថ្ងៃ បន្ទាប់ពីថ្ងៃបិទផ្សាយបញ្ជីបោះឆ្នោតដំបូង។

សូមជម្រាបជូនថា ក្នុងដំណាក់កាលបិទផ្សាយបញ្ជីបោះឆ្នោតដំបូង មិនមានពាក្យបណ្តឹងជំទាស់ នឹងសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាឃុំ សង្កាត់ មក គ.ជ.ប ទេ។ ចំពោះដំណាក់កាលពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតតាមឃុំ សង្កាត់ ដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩ ក៏មិនមានពាក្យបណ្តឹងតវ៉ានឹងការបដិសេធការសុំចុះឈ្មោះបោះឆ្នោតណាមួយ ត្រូវបានដាក់ទៅក្រុមប្រឹក្សាឃុំ សង្កាត់នោះដែរ៕

ព័ត៌មានលម្អិតសូមអានសេចក្តីជូនដំណឹងរបស់ គ.ជ.ប ខាងក្រោមនេះ៖