(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្ដាលកូរ៉េ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានរៀបចំសិក្ខាសាលារួមគ្នាមួយ ស្ដីពី «ភាពជាដៃគូរផ្ដល់ចំណេះដឹង» ដើម្បីចូលរួមចែករំលែកបទពិសោធន៍រវាងគ្នា និងរួមគ្នាស្រាវជ្រាវលើប្រធានបទ ការអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារនៅកម្ពុជា។

សិក្ខាសាលានេះ រៀបចំឡើងក្រោមការចូលរួមពីលោកស្រី នាវ ចាន់ថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា លោក Kee Sun Jang អគ្គនាយករង នៃភាពជាដដៃគូចែករំលែកចំណេះដឹង លើការអភិវឌ្ឍនទីផ្សារអន្ដរធនាគារ, លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា និងភ្ញៀវកិតិយសជាច្រើនរូបទៀត។

លោកស្រី នាវ ចាន់ថាណា បានសំដែងក្ដីអំណរគុណ ចំពោះធនាគារកណ្ដាលកូរ៉េ សម្រាប់ការផ្ដល់ជូននូវឱកាសដល់ធនាគារជាតិនៃកម្ពុជា ក្នុងការចូលរួមចែករំលែកបទពិសោធន៍រវាងគ្នានេះ។

លោកស្រីថា កម្មវិធីនេះជាជំហានដ៏សំខាន់ក្នុងការឆ្ពោះទៅមុខ និងការស្រាវជ្រាវរបស់ធនាគារជាតិ លើការអភិវឌ្ឍវិស័យធនាគារ និងហិរញ្ញវត្ថុរបស់កម្ពុជា។

លោកស្រីបន្ដថា ជាក់ស្ដែងប្រធានបទដែលនឹងស្រាវជ្រាវ ក្នុងឆ្នាំនេះស្តីពី ការអភិវឌ្ឍទីផ្សារអន្តរធនាគារ។ ការស្រាវជ្រាវនេះ មានគោលដៅវាយតម្លៃបច្ចុប្បន្ន ស្ថានភាពនៃទីផ្សារអន្តរធនាគារនៅកម្ពុជា និងព្យាយាមរកមធ្យោបាយបន្ថែមទៀត
ក្នុងការអភិវឌ្ឍ និងប្រើប្រាស់សាច់ប្រាក់ងាយស្រួល ក្នុងប្រព័ន្ធធនាគារប្រកបដោយប្រសិទ្ធភាព។

លោកស្រី ជា សិរី ក៏បានឲ្យដឹងថា នេះជាឆ្នាំទី៤ហើយ ដែលធនាគារជាតិ និងធនាគារកណ្ដាលកូរ៉េបានសហការគ្នា ហើយពី១ឆ្នាំទៅ១ឆ្នាំធនាគារជាដៃគូរទាំងពីរនេះ បានដោយមានលើកយកប្រធានបទខុសៗគ្នាលើមកពិភាក្សា។ សម្រាប់ឆ្នាំនេះវិញភាគីទាំងពីរ បានលើកយកប្រធានបទ ពាក់ព័ន្ធនឹងការអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារ។

លោកស្រីបន្ដថា ជាទូទៅភាគីទាំងពីចុះសិក្សា ដើម្បីស្វែងយល់ថា តើយើងគួរធ្វើដូចម្ដេច ដើម្បីអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារនៅកម្ពុជា ឲ្យមានប្រសិទ្ធិភាពជាងមុខ មានដំណើរការរលូនជាងមុន។ កន្លងមកធនាគារជាតិនៃកម្ពុជា បានព្យាយាមអភិវឌ្ឍន៍ទីផ្សារអន្ដរធនាគារ ប៉ុន្ដែនៅមិនទាន់មានភាពប្រសើរនៅឡើយទេ ដូច្នេះខាងធនាគារជាតិចង់ស្រាវជ្រាវបន្ថែមទៀត ដើម្បីដឹងថាតើត្រូវធ្វើអ្វីខ្លះទៀត ក្នុងគោលបំណងធ្វើឲ្យកិច្ចការងារមួយនេះ ដំណើរការទៅបានដោយរលូន។

លោកស្រីបញ្ជាក់ថា គោលដៅក្នុងការស្រាវជ្រាវនេះមានច្រើនរួមមាន ចង់ស្វែងយល់ពីឧបករណ៍ថ្មីៗដែលគួរតែមាន, ស្វែងយល់ និងធ្វើយ៉ាងណាឲ្យគ្រឹះស្ថានធនាគារ ចូលក្នុងទីផ្សារអន្ដរធនាគារបានច្រើនជាងមុន ហើយស្រាប់ការសិក្សាស្រាវជ្រាវវិញ មានរយៈពេល៤ខែគិតចាប់ពីថ្ងៃនេះទៅ៕