(កំពង់ធំ)៖ ស្របពេលដែលកម្ពុជាកំពុងតែមានភាពពុះកញ្ជ្រោលទៅលើការអភិវឌ្ឍន៍ខ្លាំង នៃវិស័យអចលនទ្រព្យ ពេលនេះខេត្តកំពង់ធំ ក៏បានបង្ហាញពីសក្ដានុពលរបស់ខ្លួនផងដែរ ខណៈដែលបណ្ដាអ្នកវិនិយោគ កំពុងតែសម្រុកធ្វើសកម្មភាពទិញ-លក់ និងអភិវឌ្ឍវិស័យលំនៅដ្ឋាន ជាក់ស្តែងក្រុមហ៊ុន សុកគា ស៊ីធី ដែលមានស្ថាបនិកចំនួន៤រូប ជាអតីតពលករខ្មែរបម្រើការងារនៅក្នុងប្រទេសកូរ៉េ កាលពីពេលកន្លងទៅនោះ បានចាប់ផ្ដើមប្រារព្វពិធីប្រកាសសាងសង់ និងលក់ជាផ្លូវការនូវគម្រោងទី៤ ផ្ទះល្វែង ដីឡូតិ៍របស់ខ្លួនហើយ ស្ថិតនៅឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីប្រកាសសាងសង់ និងលក់ជាផ្លូវការនូវគម្រោងទី៤ ផ្ទះល្វែង ដីឡូតិ៍សុកគានេះ បានធ្វើឡើងនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោក ទូច សុខា អភិបាលនៃគណៈអភិបាលស្រុកសន្ទុក និងមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំអាជ្ញាធរក្នុងតំបន់ ក្រុមហ៊ុនដៃគូ និងបណ្តាភ្ញៀវកិត្តិយស ដែលជាអតិថិជនរបស់ខ្លួនជាច្រើននាក់ទៀតផងដែរ។
ថ្លែងក្នុងឱកាសនោះលោក ទូច សុខា ក៏បានបង្ហាញពីការកោតសរសើរចំពោះការខិតខំប្រឹងប្រែង ការចូលរួមអភិវឌ្ឍរបស់ក្រុមហ៊ុន សុកគា ស៊ីធី។ ទីតាំងដែលក្រុមហ៊ុន សុកគា ស៊ីធី ជ្រើសរើសយកមកអភិវឌ្ឍគម្រោងទី៤របស់ខ្លួននាពេលនេះ គឺមានសក្ដានុពល និងភាពល្អប្រសើរជាខ្លាំង ដោយសារតែគម្រោងមួយនេះ ស្ថិតនៅជាប់ផ្លូវជាតិលេខ៦A ដែលជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់ មានផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធខ្វាត់ខ្វែងនៅព័ទ្ធជុំវិញ។
លោក ទូច សុខា បានបន្ថែមទៀតថា ក្រៅពីនេះនៅមានតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រជាច្រើនទៀតផងដែរ ដូចជាតំបន់ភ្នំសន្ទុក តំបន់បឹងធំ ប្រាសាទសម្បូរព្រៃគុក ជាពិសេសនៅជិតគម្រោងស្ពានដ៏វែង ប្រចាំប្រទេសកាត់បឹងទន្លេសាប ពីកំពង់ធំ ឆ្ពោះទៅកាន់ខេត្តកំពង់ឆ្នាំងជាដើម។ ជាមួយគ្នានេះ លោកក៏បានបង្ហាញពីក្ដីសាទរ និងជូនពរឱ្យក្រុមហ៊ុន ទទួលបានជោគជ័យនៅក្នុងគម្រោទី៤នេះ។
លោក ស៊ឺន សុកគា នាយកគ្រប់គ្រប់ទូទៅក្រុមហ៊ុន សុកគា ស៊ីធី ដែលជាអតីតពលករបម្រើការងារនៅក្នុងប្រទេសកូរ៉េ បានឡើងថ្លែងឱ្យដឹងថា នៅក្នុងគម្រោងទី៤នេះ អតិថិជនទាំងអស់នឹងទទួលបានអត្ថប្រយោជន៍ និងភាគចំណេញពីការទិញជាច្រើន។ នៅក្នុងគម្រោងទី៤នេះ ក្រុមហ៊ុន សុកគា ស៊ីធី បានធ្វើការអភិវឌ្ឍន៍នៅលើផ្ទៃដីទំហំ ១៦ ម៉ឺនម៉ែត្រការ៉េ ស្ថិតនៅតំបន់ដែលមានភូមិសាស្ត្រល្អ ដោយមានការសាងសង់ជាលំនៅដ្ឋានបែបប្រណីត ទាន់សម័យក្នុងរូបជាប្រភេទផ្ទះល្វែង និងជាប្រភេទវីឡាកូនកាត់ចំនួន៦០០ខ្នង។ ក្រៅពីនេះ នៅមានការរៀបចំធ្វើជាទីចំណតរថយន្ត ផ្សារសម្រាប់អាជីវករលក់ដូរក្នុងតំបន់ ហើយក៏មានការពុះដីឡូតិ៍ចំនួន ៣០០ឡូតិ៍ផងដែរ។
លោក ស៊ឺន សុកគា បានឱ្យដឹងទៀតថា សម្រាប់គម្រោងទី៤ នេះ មានសក្ដានុពលល្អប្រសើរច្រើន ស័ក្ដិសមទៅនឹងតម្រូវការរបស់អតិថិជន ដែលមានជីវភាពកម្រិតមធ្យម និងក្រោមមធ្យម ដែលងាយស្រួលក្នុងការប្រកបអាជីវកម្មប្រចាំថ្ងៃ ហើយក៏ជាឱកាសដ៏ល្អសម្រាប់អ្នក ដែលមានបំណងវិនិយោគលក់បន្ត យកចំណេញនៅថ្ងៃអនាគតផងដែរ។ ដោយឡែកចំពោះការទិញ អតិថិជនអាចមានជម្រើសច្រើនយ៉ាងអាស្រ័យទៅតាមចំណូលចិត្ត ដូចជាការបង់ប្រាក់ផ្ដាច់ និងការបង់រំលោះក្នុងរយៈពេលវែង ខណៈដែលតម្លៃផ្ទះដ៏ស្រស់ស្អាតនេះ មានតម្លៃចាប់ ៣០,០០០ដុល្លារតែប៉ុណ្ណោះ។
គួរបញ្ជាក់ផងដែរថា នៅក្នុងឱកាសនៃការប្រកាសបើកលក់គម្រោងទី៤ ក្រុមហ៊ុន សុកគា ស៊ីធី ក្រោមវត្តមានសហស្ថាបនិកទាំង៤នាក់ ក៏បានប្រគល់រថយន្តទំនើបថ្មីសន្លាង ទៅដល់បុគ្គលិកផ្នែកលក់ឆ្នើមចំនួន ១០រូបផងដែរ ជាការលើកទឹកចិត្ត និងដើម្បីជំរុញឱ្យមានការប្រឹងប្រែងជួយក្រុមហ៊ុនឱ្យមានភាពរីកចម្រើន និងជោគជ័យទៅថ្ងៃអនាគតផងដែរ៕