(ត្បូងឃ្មុំ)៖ លោក វេង សាខុន ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និង០៣ឃុំ នៃស្រុកជើងព្រៃ ខេត្តកំពង់ចាម នារសៀលថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានអញ្ជើញមក កាន់វត្តពោធិសាលព្រឹក្ស ហៅវត្តតំបែរ ស្ថិតនៅឃុំតំបែរ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដើម្បីវេរប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ជូនចំពោះព្រះសង្ឃ សម្រាប់គង់ចាំព្រះវស្សាចំនួន ២វត្តអារាម គឺវត្តពោធិសាលព្រឹក្ស និងវត្តសុវណ្ណមុនីជោតិ ហៅវត្តស្វាយតាមែក និងឧទ្ទិសមគ្គផល។
ការប្រគេនទេយ្យទាន និងគ្រឿងឧបភោគបរិភោគ ខាងលើនេះ ក៏ដើម្បីជូនចំពោះដួងវិញ្ញាណក្ខន្ធបុព្វការីជនទាំងឡាយ មានមាតា បិតា ជីដូនជីតា ញាតិកាទាំងប្រាំពីរសណ្តាន ដែលបានបែកកាយរំលាយក្ខន្ធ ហើយមួយចំណែកទៀត ឧទ្ទិសជូនចំពោះដួងវិញ្ញាណក្ខន្ធវីរៈយុទ្ធជន វីរៈយុទ្ធនារី ដែលបានបូជាជីវិត ក្នុងបុព្វហេតុការពារជាតិមាតុភូមិ សូមអំណាចផល្លានិសង្ឃ ដែលកើតឡើងអំពីពិធីបុណ្យនេះ ជួយយិតយោងដួងវិញ្ញាណក្ខន្ធ អស់លោកទាំងអស់នោះ ឲ្យបានសោយសុខក្នុងសុគតិភព ជាភិយ្យោភាពតរៀងទៅ។
នាឱកាសនោះផងដែរ លោក វេង សាខុន បានសម្តែងនូវសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ចំពោះឱកាសដែលបានមកគោរពបូជាចំពោះព្រះពុទ្ធសាសនា ហើយលោកក៏បាននាំមកនូវសេចក្តីនឹករលឹក និងសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនចំពោះព្រះសង្ឃ លោកយាយ លោកតា និងបងប្អូនជនរួមជាតិទាំងអស់ ដែលបានចូលរួមនាពេលនេះ។
លោក វេង សាខុន ក៏បានប្រគេនថវិកាចំនួន ១០លានរៀល ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចទាំងទ្វេ ដើម្បីចូលរួមកសាងហេដ្ឋារចនាសម្ព័ន្ធ នៅក្នុងវត្តឲ្យកាន់តែមានភាពរីកចម្រើន សម្រាប់ពុទ្ធបរិស័ទធ្វើការគោរពបូជាផងដែរ៕