(ស្វាយរៀង)៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងអាជ្ញាធរខេត្តស្វាយរៀង នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានប្រកាសដាក់ភូមិឫស្សីជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ជាតំបន់ផ្ទុះជំងឺប៉េស្តជ្រូកអាហ្វ្រិក បន្ទាប់ពីក្រុមការងាររបស់មន្ទីរកសិកម្មខេត្ត សហការជាមួយ មន្ទីរពិសោធន៍យកសំណាកឈាមទៅវិភាគរកមេរោគ។

ការប្រកាសដាក់ភូមិខាងលើជាតំបន់ផ្ទុះជំងឺប៉េស្ដជ្រូកអាហ្វ្រិកនេះ លោក គឹម សុន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ តំណាងលោក វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម ក៏បានសម្ដែងនូវការសោកស្ដាយជាមួយប្រជាពលរដ្ឋ ដែលបានរងនូវការបាត់បង់សត្វជ្រូកយ៉ាងច្រើន ដោយការវាយប្រហារពី ជំងឺប៉េស្តជ្រូកអាហ្វ្រិក ទន្ទ្រានក្នុងភូមិនាពេលថ្មីៗនេះ។

មន្ដ្រីជាន់ខ្ពស់រូបនេះបញ្ជាក់ទៀតថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបង្កឲ្យសត្វជ្រូកងាប់ងាយចម្លងខ្លាំងណាស់ ដូចនេះបងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិ គួរកុំដើរឆ្លងកាត់ពីផ្ទះមួយ ទៅផ្ទះមួយទៀតឲ្យបានមួយរយៈសិន ហើយក៏កុំយកសាច់ជ្រូក ដែលឈឺងាប់ទៅធ្វើម្ហូប ដើម្បីហូបចុកជាដាច់ខាត ព្រោះសាច់មានមេរោគ មិនងាយនឹងសម្លាប់ឲ្យងាប់នោះទេ ហើយពេលជ្រូកងាប់ ត្រូវជីកកប់ក្នុងដីឲ្យបានជ្រៅ និងធ្វើការសំអាតភូមិដ្ឋាន ផ្ទះសំបែង ទ្រុងជ្រូក ទ្រុងមាន់ ទាឲ្យបានស្អាត ដើម្បីត្រៀមចិញ្ចឹមជ្រូកឡើងវិញ។

ជាមួយគ្នានេះ លោក នាង ចន្ថា ប្រធានសមាគមអ្នកចិញ្ចឹមជ្រូកបានឲ្យដឹងថា បើទោះជាខេត្តបានរងនូវជំងឺប៉េស្តជ្រូកអាហ្វ្រិក នៅឃុំក្រោលគោ ស្រុកស្វាយជ្រំ ហើយមានតំបន់មួយចំនួននៅក្នុងស្រុករមាសហែក បានរងផលប៉ះពាល់ អាជ្ញាធរខេត្តបានទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាង នៅទូទាំងខេត្តស្វាយរៀង ហើយតម្លៃសាច់ជ្រូករស់មិនទាន់មានសញ្ញាណាមួយ ឡើងថ្លៃនៅឡើយទេ។

លើសពីនេះ លោក ថាច់ រតនា ប្រធានមន្ទីរកសិកម្មខេត្តបានបញ្ជាក់ដែរថា អនុវត្តបង្ការទប់ស្កាត់ ការរាលដាលជំងឺប៉េស្តជ្រូក ដែលរដ្ឋបាលខេត្ត និងក្រសួងចាត់វិធានការទប់ស្កាត់ មន្ទីរ និងអាជ្ញាធរមូលដ្ឋាន បាននិងកំពុងតែបន្តចុះផ្សព្វផ្សាយ ពីវិធានការទប់ស្កាត់ និងបាញ់ថ្នាំធ្វើជីសុវត្ថិភាព នៅតាមបណ្ដាភូមិមួយចំនួន ជាបណ្តើរៗ ហើយនៅប៉ុន្មានសប្ដាហ៍នេះ បន្ទាប់ពីសង្ស័យមាននិន្នាការជំងឺរាតត្បាត។

ចំណែកអាជីវករលក់សាច់ជ្រូក នៅផ្សារវាលយន្ត ក្រុងស្វាយរៀង លើកឡើងដែរថា ទោះជារដ្ឋបាលខេត្ត បានធ្វើទប់ស្កាត់ការនាំជ្រូកចូលពីប្រទេសជិតខាង ដើម្បីបង្ការជំងឺឆ្លងប៉េស្តជ្រូកអាហ្វ្រិក រហូតមកដល់ពលនេះតម្លៃសាច់ជ្រូក នៅក្នុងផ្សារនេះមិនបានឡើងថ្លៃប៉ុន្មានទេ គឺសាច់មួយគីឡូក្រាមនៅចន្លោះ តម្លៃ១៦,០០០រៀល ទៅ១៧,០០០រៀលប៉ុណ្ណោះ៕