Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ព្រះមហាក្សត្រ មានព្រះបន្ទូលជំរុញឲ្យអាជ្ញាធរដែនដី យកចិត្តទុកដាក់រៀបចំសួនអាពាហ៍ពិពាហ៍ ដើម្បីឲ្យគូស្រករទើបរៀបការរួច ដាំដើមឈើទុកជាអនុស្សាវរីយ៍

09-07-2019 15:17

(ក្រចេះ)៖ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានមានព្រះបន្ទូលជំរុញឲ្យអាជ្ញាធរដែនដី គួរយកចិត្តទុកដាក់រៀបចំសួនអាពាហ៍ពិពាហ៍ ដែលបង្កើតឡើងដោយរដ្ឋបាលព្រៃឈើ ឲ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ ដើម្បីឲ្យគូស្រករទើបរៀបអាពាហ៍ពិពាហ៍រួច ដាំដើមឈើទុកជាអនុស្សាវរីយ៍។

ព្រះមហាក្សត្រ នៃកម្ពុជា មានព្រះបន្ទូលបែបនេះ ក្នុងឱកាសដែលទ្រង់យាងជាព្រះរាជធិបតី ប្រារព្ធព្រះរាជពិធី «រុក្ខទិវា» ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ។

ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា «គួរយកចិត្តទុកដាក់រៀបចំ ដើម្បីឲ្យគូស្រករទើបរៀបអាពាហ៍ពិពាហ៍ ដាំដើមឈើទុកជាអនុស្សាវរីយ៍ នៅសួនអាពាហ៍ពិពាហ៍ ដែលបានបង្កើតឡើង ដោយរដ្ឋបាលព្រៃឈើឲ្យបានគ្រប់ៗគ្នា នៅតាមទីប្រជុំជនស្រុក ក្រុង ឃុំ សង្កាត់ ភូមិ»។

ក្នុងព្រះរាជពិធី «រុក្ខទិវា» ព្រះមហាក្សត្រ នរោត្តម សីហមុនី បានមានព្រះបន្ទូលទៀតថា ប្រជាជនកម្ពុជាបានយល់ប្រាកដណាស់ថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វរស់នៅ លើភពផែនដីយើងនេះ។ ព្រៃឈើបានរួមចំណែករក្សាលំនឹងធម្មជាតិ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ ការសិក្សាស្រាវជ្រាវ ប្រព័ន្ធការពារដីនៅទីជម្រាល ប្រព័ន្ធការពារជីវៈចម្រុះជាដើម។

ព្រះមហាក្សត្រមានព្រះបន្ទូលបន្ដថា ការបាត់បង់ព្រៃឈើគ្រប់ប្រភេទ អាចបណ្តាលឲ្យមានទឹកជំនន់ខ្យល់កន្ត្រាក់ និងរន្ទះ និងការរាំងស្ងួតដែលបានធ្វើឲ្យទីតម្កល់ទឹកធានា សម្រាប់តម្រូវការ របស់មនុស្ស សត្វ ត្រូវរីងស្ងួត ឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ ធនធានមច្ឆជាតិគ្រប់ប្រភេទ ហើយអាចបង្កឲ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដីផងដែរ។

ជាមួយគ្នានេះ ព្រះករុណា ព្រះមហាក្សត្រទ្រង់បានអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិ នៅទូទាំងប្រទេស មេត្តាដាំដើមឈើគ្រប់ប្រភេទ ដើម្បីបានម្លប់ជាជម្រកមនុស្សសត្វ បានជាឈើសំណង់ បង្កើនជីវជាតិដីកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ឈើធម្មជាតិ ជួយទប់កម្លាំងខ្យល់កន្ត្រាក់ និងបម្រែបម្រួលធាតុអាកាសផងដែរ៕