(ភ្នំពេញ)៖ ឆ្នាំ២០១៩នេះ ករណីជំងឺគ្រុនឈាម បានហក់ខ្ពស់ជាងឆ្នាំ២០១៨ រហូតដល់ទៅជាង៥ដង ដោយអ្នកកើតជំងឺគ្រុនឈាម ពាក់កណ្តាលឆ្នាំនេះ គិតចាប់ពីខែមករា ដល់មិថុនា ឆ្នាំ២០១៩នេះ មានចំនួនសរុប១៥,០០០ករណី ស្លាប់២៤នាក់ ហើយជំងឺនេះមានពេញមួយឆ្នាំ តែហក់ខ្ពស់នៅរដូវវស្សាវ ឬធ្លាក់ភ្លៀង។
ជាក់ស្ដែង ដើម្បីចូលរួមបង្ការនូវជំងឺនេះ លោក នុត ពុធដារ៉ា ជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងជាអភិបាលខណ្ឌដង្កោ នៅថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ បានបើកយុទ្ធនាការដាក់ថ្នាំអាល់ប៊ែតតាមអាងទឹក ពាង និងធុងទឹក នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងភូមិថ្មី សង្កាត់ដង្កោ ដើម្បីការពារកុំឲ្យមានដង្កូវទឹក បង្កឲ្យកើតជាមូសខ្លា ដែលជាប្រភពនៃការកកើតជំងឺគ្រុនឈាម និងសំណេះសំណាលសួរសុខទុក្ខផងដែរ។
លោកអភិបាលខណ្ឌ ក៏បានណែនាំដល់ប្រជាពលរដ្ឋ ត្រូវតែបង្កើនការយកចិត្ដទុកដាក់ មើលថែរក្សាកូនតូចៗ ព្រោះថារដូវនេះងាយនឹងជួបជំងឺគ្រុនឈាម ហើយប្រសិនកូនតូចៗ មានបញ្ហាសុខភាព ត្រូវបញ្ជូនទៅមន្ទីរពេទ្យដែលនៅក្បែរភ្លាមៗ
សូមជម្រាបថា គិតពីខែមករា ដល់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ ជំងឺគ្រុនឈាម បានសម្រាក និងជាសះស្បើយ នៅមន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងសៀមរាប (ជ័យវរ្ម័នទី៧) សរុបចំនួន ១៦,១៣៥ករណី ស្លាប់៣០នាក់៕