(កណ្ដាល)៖ ខ្សែវាយោរសាត់បក់ផាត់កាត់សោតិនវិញ្ញាណ សូរសំឡេងដាប់ឆ្លាក់បន្ទះលោហៈលាន់ឮប៉ូងប៉ាំង នៅតាមមាត់ទន្លេសាបត្រើយខាងលិច ញ៉ាំងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ឱ្យរវល់នឹងការងារសិប្បកម្ម តពីដូនតាមួយនេះយ៉ាងមមាញឹក។
ស្ថិតនៅបូព៌ាទិស នៃអតីតរាជធានីឧដុង្គមានជ័យ ឃុំកំពង់ហ្លួង ត្រូវបានគេស្គាល់ថា ជាទឹកដីកំណើតចម្លាក់លោហៈសិល្បៈជាងទង់ដ៏សំខាន់របស់កម្ពុជា ដែលមានប្រវត្តិតាំងពីបុរាណកាលដ៏យូរលង់មកហើយ។ ស្នាដៃរបស់ជាងទង់នៅតំបន់នេះ ទទួលបានការពេញនិយមគួរសម ពីសំណាក់ប្រជាពលរដ្ឋខ្មែរ និងភ្ញៀវទេសចរបរទេស នាពេលបច្ចុប្បន្ន សូម្បីតែឈ្មួញមកពីប្រទេសជិតខាង ក៏ទិញផលិតផលចម្លាក់លោហៈ ពីជាងនៅឃុំកំពង់ហ្លួងនេះ ទៅលក់នៅប្រទេសរបស់គេដែរ រហូតមានអ្នកជួលជាងចំណានៗ ពីឃុំកំពង់ហ្លួងនេះ ទៅធ្វើចម្លាក់នៅប្រទេសគេទៀតផង។
កំពុងអង្គុយដាប់ក្បាច់ខ្សែរឿងរាមកេរ្តិ៍ នៅលើថូស្ពាន់ក្រហមយ៉ាងផ្ចិតផ្ចង់ លោក ជុំ កុសល ដែលជាជាងចម្លាក់លោហៈមួយរូប ក្នុងភូមិពោធិ៍តូច ឃុំកំពង់ហ្លួង បានរៀបរាប់ថា លោកចេះធ្វើចម្លាក់លោហៈនេះតាំងពីឆ្នាំ១៩៨៨មកម្ល៉េះ ប៉ុន្តែមកដល់ឆ្នាំ១៩៩៦ លោកក៏ផ្អាកការងារនេះមួយរយៈ ដោយសារមូលហេតុមិនសូវរកចំណូលបាន ហើយលោកក៏ទៅប្រកបរបរការងារផ្សេង។
ជាងចម្លាក់រាងខ្ពស់សម្បូរស្រអែមរូបនេះបានបន្តថា កាលពីមុនមិនមានប្រជាពលរដ្ឋនិយមចូលចិត្តចម្លាក់លោហៈសិល្បៈជាងទង់នេះប៉ុន្មានទេ ប៉ុន្តែដល់ពេលបច្ចុប្បន្ននេះ លោកសង្កេតឃើញថាមានអ្នកនិយមចូលចិត្ត គិតគូរផ្ចង់ផ្ចិតកម្មង់ទិញយកទៅប្រើប្រាស់ច្រើន។
អតីតកូនជាងចម្លាក់លោហៈរូបនេះ បានបន្តទៀតថា ជំនាញជាជាងចម្លាក់លោហៈនេះ លោកបានរៀនតពីឪពុកម្ដាយផង និងចេះពីមេជាងជំនាន់មុនផង ដោយលោកបានសិក្សាជាមួយមេជាងនោះបានប្រហែល ៦ឆ្នាំ និងបន្តរៀនជាមួយបងប្រុសរបស់លោកអស់រយៈពេល៤ឆ្នាំទៀត ទើបលោកអាចស្ទាត់ជំនាញ ក្នុងការធ្វើចម្លាក់នានាបំពេញបានគ្រប់តម្រូវការ។
អ្នកស្រុកជាងទង់វ័យ៤៥ឆ្នាំរូបនេះ បានលើកឡើងពីផលលំបាកថា ការធ្វើជាជាងចម្លាក់លោហៈសិល្បៈជាងទង់នេះ ត្រូវមានការអត់ធ្មត់ផ្ចិតផ្ចង់ចំណង់តាមដុង ទើបសម្រេចបាននូវផលិផលមួយគួរជាទីពេញចិត្តរបស់អតិថិជន។
ការលក់ផលិតចម្លាក់លោហៈនេះទៀតសោត ត្រូវបានលោក ជុំ កុសល ប្រាប់ឱ្យដឹងថា វាអាស្រ័យទៅលើទម្ងន់ស្ពាន់ និងការឆ្លាក់ក្បាច់តិចឬច្រើន នៅលើផលិតផលលោហៈទាំងនោះ។ ផលិតផលចម្លាក់លោហៈដែលលោកធ្លាប់ធ្វើមានថូ ផ្តិល ផ្លែល្ពៅ គឿងរណ្ដាប់ក្នុងពិធីមង្គលការ គ្រឿងអលង្ការ ពាង ជើងពាន រូបសត្វនានា គ្រឿងប្រដាប់ប្រើប្រាស់ និងតាំងលម្អជាច្រើនទៀត។
ក្នុងនាមជាជាងចម្លាក់ផង និងអាជីវករលក់គ្រឿងចម្លាក់ផងនោះ លោក ជុំ កុសល បានឱ្យដឹងទៀតថា ចំពោះក្បូរក្បាច់រចនានៅលើផលិតផលលោហៈទាំងនោះ អតិថិជនច្រើនតែនិយមចូលចិត្តក្បាច់ខ្សែរឿងរាមកេរ្តិ៍ ជញ្ជូនទ្រព្យ កូរសមុទ្រទឹកដោះ រាជរថ សង្គ្រាមទេវតានិងយក្ស ឬក៏ក្បាច់ផ្កាភ្ញីបែបខ្មែរជាដើម។
ផលិតផលលោហៈដែលផលិតបានមួយចំនួន ក្រុមគ្រួសារលោកដាក់លក់នៅក្នុងផ្ទះផ្ទាល់ មួយចំនួនលោកបានលក់ដុំឱ្យឈ្មួញយកមកលក់បន្តនៅផ្សារទួលទំពូង រាជធានីភ្នំពេញ និងមួយចំនួនទៀតឈ្មួញទិញយកទៅលក់បន្តនៅខេត្តសៀមរាប រហូតដល់មានគេទិញដុំទៅលក់នៅប្រទេសថៃ ដូចជាផ្សារលុងក្លឿទៀតផង។ រីឯជីវភាពគ្រួសារក៏កាន់តែមានភាពធូរធាជាងមុន នៅពេលផលិតផលចម្លាក់លោហៈនេះចេះតែមានតម្រូវការពីមួយថ្ងៃទៅមួយថ្ងៃ។
ទោះបីតម្រូវការចម្លាក់លោហៈចេះ តែមានជាប្រចាំឥតដាច់ ប៉ុន្តែនៅក្នុងឃុំកំពង់ហ្លួងបែរជាមានការថយចំនួនជាងចម្លាក់ទៅវិញ ពីព្រោះការចំណាកស្រុកទៅរកការងារធ្វើនៅរាជធានីភ្នំពេ ឬនៅតាមបណ្ដាខេត្តផ្សេង។
លោក ជុំ កុសល ថា នៅក្នុងសិប្បកម្មចម្លាក់លោហៈរបស់លោក ក្រៅពីបងប្អូន និងកូន លោកក៏មានកូនជាងចំនួន៣នាក់ទៀតដែរ។ ជាងចម្លាក់លោហៈខ្មែរដ៏ចំណានរូបនេះ ក៏ធ្លាប់ត្រូវបានរដ្ឋាភិបាលឡាវជួលលោកទៅធ្វើចម្លាក់ជើងពានអំពីស្ពាន់ដ៏ធំមហិមាមួយប្រមាណ ៣ខែផងដែរ ដែលជើងពានស្ពាន់ត្រូវបានដាក់តាំងនៅរង្វង់មូលក្រុងប៉ាកសេ ខេត្តចម្ប៉ាស័ក។
ជាកូនជាងម្នាក់មកពីស្រុកកៀនស្វាយ លោក ម៉េង ហាក់ បានមករៀនជាងចម្លាក់លោហៈនេះ បានប្រមាណជាង២ឆ្នាំមកហើយ។ រយៈពេល២ឆ្នាំមកនេះ លោក ហាក់ មិនទាន់ចេះឆ្លាក់ក្បូរក្បាច់នៅលើលោហៈនៅឡឡើយ ដោយលោកអាចជួយបានត្រឹមតែការងារបឋមៗប៉ុណ្ណោះ។
លោក ហាក់ ពិតជាមានទឹកចិត្តស្រលាញ់ និងចង់បន្តថែរក្សាមរតកដូនតាមួយនេះឱ្យបាន ពីព្រោះដោយសារផលិតផលទាំងនេះជាស្នាដៃរបស់ប្រជាពលរដ្ឋ ចេញពីទឹកដៃពូជអ្នកសាងអង្គរ។ ដើម្បីជួយទ្រទ្រង់ជីវភាពគ្រួសារ លោក ម៉េង ហាក់ គិតថា នៅពេលលោកចេះចាំជំនាញបានច្រើនអាចធ្វើដោយខ្លួនបាន លោកចង់ទៅបើកសិប្បកម្មតូចមួយនៅស្រុកកំណើតរបស់ខ្លួន ដោយផ្សែផ្សំជាមួយមុខរបរផ្សេងទៀត។
ម្ចាស់ហាងលក់ចម្លាក់លោហៈ និងសិប្បករចម្លាក់លោហៈនៅឃុំកំពង់ហ្លួងក៏បានបង្ហាញពីការត្អួញត្អែរផងដែរ ពីការប្រកួតប្រជែងផលិតផលចម្លាក់លោហៈនេះជាមួយប្រទេសជិតខាង ដោយផលិតផលរបស់ពួកគេផលិតចេញពីរោងចក្រ មានបរិមាណច្រើន តម្លៃក៏ទាបជាងផលិតផលចម្លាក់លោហៈខ្មែរដែលផលិតដោយដៃឆ្ងាយណាស់ ដែលជាហេតុក្នុងការបរកួតប្រជែងក្នុងទីផ្សារ។
ទោះបីផលិតផលចម្លាក់លោហៈរបស់ខ្មែរ មិនសូវសម្បូរ តម្លៃខ្ពស់ជាងផលិតរបស់ប្រទេសជិតខាង ដែលផលិតចេញពីរោងចក្រក៏ពិតមែន លោក ម៉េង ហាក់ ដែលជាកូនជាងចម្លាក់លោហៈនៅខ្ចីម្នាក់នោះ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមគាំទ្រផលិតផលចម្លាក់លោហៈដែលជាស្នាដៃខ្មែរពិតៗឱ្យបានកាន់តែច្រើន ដើម្បីលើកទឹកចិត្តដល់បណ្ដាជាងទាំងឡាយឱ្យមានកម្លាំងចិត្តបន្តរក្សាកេរមរតកពីដូនតាមួយនេះ។
លោក ជុំ កុសល បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាអតិថិជនទាំងឡាយសូមបង្កើនការលើកស្ទួយចម្លាក់លោហៈខ្មែរ ដែលមានតាំងពីបរមបុរាណមួយនេះឱ្យបានផុសផុលឡើង ពីព្រោះមិនគ្រាន់តែជួយឱ្យជីវភាពគ្រួសារជាងចម្លាក់បានធូរធា មានកម្លាំងចិត្តក្នុងបន្តអាជីពការងារនេះប៉ុណ្ណោះទេ តែក៏ជាការបន្តនូវកេរមរកតដូនតាខ្មែរ ដែលបន្យល់ទុកឱ្យកូនចៅជំនាន់ក្រោយ ឱ្យបន្តនៅគង់វង្សយូរអង្វែងតទៅមុខទៀតផងដែរ៕