(ក្រចេះ)៖ ព្រះមហាក្សត្រ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់មានព្រះតម្រាស់អំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមមេត្តាដាំដើមឈើគ្រប់ប្រភេទ ក្នុងនោះ ក៏មានដើមត្នោត នៅតាមទីវត្តអារាម ទីសាធារណៈ រមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិតាមដងប្រឡាយ ភូមិដ្ឋាននានា និងតាមភ្លឺស្រែចម្ការ ដើម្បីបានម្លប់ជាជម្រកមនុស្ស សត្វ ធ្វើជាឈើសំណង់ អុស ធ្យូង បង្កើនជីជាតិដីកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ធម្មជាតិ ជួយទប់កម្លាំងខ្យល់កន្លាក់ និងបម្រែបម្រួលធាតុអាកាសផងដែរ។
ព្រះតម្រាស់របស់ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានប្រព្រឹត្តធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ក្នុងឱកាសដែលទ្រង់បានយាងប្រារព្ធព្រះរាជពិធី «រុក្ខទិវា» ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា៖ «នាឱកាស នៃការប្រារព្ធពិធីរុក្ខទិវា ខ្ញុំព្រះករុណា ខ្ញុំសូមអំពាវនាវចំពោះព្រះសង្ឃ អាជ្ញាធរដែនដី និងបងប្អូនជនរួមជាតិនៅទូទាំងប្រទេស សូមព្រះមេត្តា និងមេត្តាដាំដើមឈើគ្រប់ប្រភេទ ក្នុងនោះ ក៏មានដើមត្នោតផងដែរ នៅតាមទីវត្តអារាម ទីសាធារណៈ និងរមណីយដ្ឋាន តាមដងផ្លូវលំ ផ្លូវជាតិតាមដងប្រឡាយ ភូមិដ្ឋាននានា និងតាមភ្លឺស្រែចម្ការ ដើម្បីបានម្លប់ជាជម្រកមនុស្ស សត្វ បានជាឈើសំណង់ អុស ធ្យូង បង្កើនជីជាតិដីកសិកម្ម ដើម្បីកាត់បន្ថយការប្រើប្រាស់ធម្មជាតិ ជួយទប់កម្លាំងខ្យល់កន្ទ្រាក់ និងបម្រែបម្រួលធាតុអាកាសផងដែរ»។
ព្រះមហាក្សត្រ បានមានព្រះបន្ទួលថា ប្រជាជនកម្ពុជា បានយល់ប្រាកដណាស់ថា ព្រៃឈើជាសម្បត្តិធម្មជាតិដ៏មហាសាល សម្រាប់ជីវិតមនុស្ស និងសត្វរស់នៅលើភពផែនដីយើងនេះ។ ព្រៃឈើបានរួមចំណែករក្សាលំនឹងធម្មជាតិ និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ការសិក្សាស្រាវជ្រាវប្រព័ន្ធការពារដីនៅទីជម្រាលប្រព័ន្ធការពារជីវៈធម្រះជាដើម។ ដូចនេះការបាត់បង់ព្រៃឈើ គ្រប់ប្រភេទអាចបណ្តាល ឱ្យមានទឹកជំនន់ ខ្យល់កន្ត្រាក់ និងរន្ទះ និងការរាំងស្ងួតដែលបានធ្វើឱ្យទីតម្កល់ទឹកធានា សម្រាប់តម្រូវការរបស់មនុស្ស សត្វ ត្រូវរីងស្ងួត ឈានទៅរកការបាត់បង់ប្រាក់ចំណូល សត្វព្រៃ ធនធានមច្ឆជាតិគ្រប់ប្រភេទ ហើយអាចបង្កឱ្យមានភាពរហោស្ថាន និងការធ្លាក់ចុះគុណភាពដី ផងដែរ។
ម្យ៉ាងទៀត សូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុតឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់ សត្វព្រៃដោយខុសច្បាប់ ហើយចូលរួមថែ ការពារព្រៃឈើពិសេសរភ្លើងឆេះព្រៃ នៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរការពារឱ្យបាននូវធនធាន ព្រៃឈើសម្រាប់កូនចៅជំនាន់។ ពិសេសត្រូវចូលរួមយកចិត្តទុកធ្វើកសិកម្មចម្រុះ នៅតាមសហគមន៍នីមួយៗ ទៅតាមសក្តានុពលដីដោយភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើតែផល-អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយណែនាំបន្ថែម ពីមន្ត្រីជំនាញបច្ចេកទេស។
ព្រះករុណា មានព្រះតម្រាស់ សូមឧទ្ទិសពិធីរុក្ខទិវា នេះស្ថិតក្នុងបេះដូងរបស់បងប្អូនជនរួមជាតិគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នា ដាំដើមឈើ គ្រប់ប្រភេទ រួមគ្នាថែរក្សា និងការពារធនធានព្រៃឈើ សត្វព្រៃដ៏មានតម្លៃរបស់យើងឱ្យបានគង់វង្សរហូត។
គួជម្រាបថា ដើម្បីអបអរ «រុក្ខទិវា» ៩កក្កដា នៅក្នុងឆ្នាំ២០១៩នេះ កូនឈើកម្រ និងប្រណិតចំនួន ១៣១៣៥ដើម នឹងត្រូវដាំលើផ្ទៃដីសរុប ១០ហិកតា ដែលក្នុងនោះ រួមមាន៖ កកោះ ៣០០០ដើម , អង្កាញ់ ៤៥០០ដើម, ធ្នង់ ៣០០០ដើម ,គ្រញូង ២០០០ដើម, ធ្នង់ដើមធំមានកម្ពស់ជាង ២ម៉ែត្រ ចំនួន ៦០០ដើម និង គគីរដើមធំ មានកម្ពស់ជាង២ម៉ែត្រ ចំនួន ៣៥ដើម។
សូមបញ្ជាក់ថា រុក្ខទិវាបានបដិសន្ធិឡើងនៅសម័យសង្គមរាស្រ្តនិយម ក្រោមព្រះរាជតម្រិះ និងព្រះរាជកិច្ចដឹកនាំដ៏ថ្លៃថ្លារបស់ព្រះមហាវិរក្សត្រ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ តាំងពីទស្សវត្សរ៍៥០មក ដោយមានការចូលរួមផុសផុលពីប្រជានុរាស្ត្រទូទាំងផ្ទៃនគរកម្ពុជា។
រុក្ខទិវា ត្រូវបានរាជរដ្ឋាភិបាលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់ទិសទីឱ្យចូលរួម ដាំឈើថែរក្សាការពារព្រៃឈើ ព្រៃលិចទឹក ជីវៈចម្រុះគ្រប់ប្រភេទ ក្នុងស្មារតីស្រឡាញ់ព្រៃឈើ និងធនធានធម្មជាតិ ដែលជាមរតកដ៏មានតម្លៃ ជាពិសេសសម្រាប់ទ្រទ្រង់ជីវិតរស់នៅរបស់យើងគ្រប់ៗរូប ក៏ដូចជាសត្តនិករ ទាំងឡាយនៅលើភពផែនដី និងអនាគតរុងរឿងនៃកូនចៅជំនាន់ក្រោយៗ ទៀតតរៀងទៅ៕