(ក្រចេះ)៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់បានមានព្រះរាជឱង្ការ ឲ្យជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់ ការដាក់អន្ទាក់ចាប់សត្វព្រៃដោយខុសច្បាប់។
ក្នុងឱកាសយាងជាព្រះរាជាធិបតីក្នុងព្រះរាជពិធី «រុក្ខទិវា» ស្ថិតនៅភូមិស្រែត្រែង ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៩នេះ ព្រះមហាក្សត្រទ្រង់ក៏មាន ព្រះរាជបន្ទូល ឲ្យប្រជារាស្ដ្រត្រូវចូលរួមថែរក្សាការពារព្រៃឈើ ពិសេសការពារភ្លើងឆេះព្រៃ នៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីការពារឲ្យបាននូវធនធានព្រៃឈើ សម្រាប់កូនចៅជំនាន់នេះ និងជំនាន់ក្រោយៗទៀត។
បន្ថែមពីនេះ ព្រះករុណា ទ្រង់បានមានព្រះរាជឱង្ការ ឲ្យជនរួមជាតិ ត្រូវចូលរួមយកចិត្តទុកដាក់ធ្វើកសិកម្មចម្រុះ នៅតាមសហគមន៍នីមួយៗ ទៅតាមសក្ដានុពលដីប្រកបដោយភាពវៃឆ្លាត ដោយមិនពឹងអាស្រ័យទៅលើតែផល-អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយណែនាំបន្ថែមពីមន្ដ្រីជំនាញបច្ចេកទេស។
ព្រះមហាក្សត្រ ទ្រង់មានព្រះរាជបន្ទូលយ៉ាងដូច្នេះថា «សូមបងប្អូនជនរួមជាតិជួយទប់ស្កាត់ និងបញ្ឈប់ការកាប់ឈើ ការកាប់រាន ដុត ឈូសឆាយដីព្រៃ ការបរបាញ់-ការដាក់អន្ទាក់ចាប់សត្វព្រៃដោយ ខុសច្បាប់ ហើយចូលរួមថែរក្សាការពារព្រៃឈើ ពិសេសការពារភ្លើងឆេះព្រៃ នៅតាមតំបន់ដែលបងប្អូនរស់នៅ ដើម្បីរក្សាការពារបាននូវធនធាន ព្រៃប្រើសម្រាប់កូនចៅរបស់យើងជំនាន់នេះ នឹងជំនាន់ក្រោយៗទៀត។ ពិសេសត្រូវចូលរួមយកចិត្តទុកដាក់ ធ្វើកសិកម្មចម្រុះនៅតាមសហគមន៍នីមួយៗ តាមសក្កានុពលដ៏ប្រកបដោយភាពឆ្លាត ដោយមិនពឹងអាស្រ័យទៅលើតែ ផល-អនុផលព្រៃឈើនោះឡើយ និងមានការចូលរួមជួយណែនាំបន្ថែមពីមន្ត្រីជំនាញបច្ចេកទេស»។
ជាថ្មីម្តងទៀត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានមានព្រះរាជបន្ទួល អរគុណដ៏ជ្រាលជ្រៅបំផុតចំពោះប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិនានា ដែលបាននិងកំពុងយកចិត្តទុកដាក់ ចូលរួមជួយដល់ការងារដើម ការថែរក្សា និងការពារធនធានព្រៃឈើ សត្វព្រៃ ក៏ដូចជាចូលរួមក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចសង្គមកម្ពុជា ក្នុងពេលអតីតកាល និងបច្ចុប្បន្ននេះ ហើយសូមមេត្តាជួយបន្តទៅមុខទៀត ដើម្បីសម្រេចគោលដៅ អភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា៕